អានតួអត្ថបទ
កូរ៉េខាងជើង

លោក​ដូណាល់ ត្រាំ​ ចាត់ទុក​ថា​កូរ៉េ​ខាងជើង​នៅ​តែ​ជា​ គ្រោះថ្នាក់​នុយក្លេអ៊ែរ​ដែល​ត្រូវ​ប្រយ័ត្ន

កាលពីថ្ងៃសុក្រ ទី២២មិថុនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើលិខិតមួយទៅកាន់សភាអាមេរិក ដើម្បីស្នើសុំ ឲ្យបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើកូរ៉េខាងជើង។ នៅក្នុងលិខិតនោះ លោកដូណាល់ ត្រាំ បានសរសេរថា កូរ៉េខាងជើង នៅតែជាគ្រោះថ្នាក់នុយក្លេអ៊ែរ ដែលមិនអាចឲ្យប្រហែសបានទេ។ ការលើកឡើង​នេះ ត្រូវបានអ្នកវិភាគយល់ថា លោកដូណាល់ ត្រាំ ហាក់ក្រឡាស់សំដី ខណៈដែលកាលពីពេលជួបជាមួយគីម ជុងអ៊ុន លោកត្រាំ បានបង្ហាញភាពស្និទស្នាល ហើយថែមទាំងបាននិយាយថា កូរ៉េខាងជើង មិនមានអ្វីជាគ្រោះថ្នាក់ទៀតនោះទេ។

លោកដូណាល់ ត្រាំ​ ចាប់ដៃ​យ៉ាង​ស្និទស្នាល​​ជាមួយ​​លោក គីម ជុងអ៊ុន នៅ​សិង្ហបុរី ថ្ងៃទី​១២​ មិថុនា​​២០១៨​
លោកដូណាល់ ត្រាំ​ ចាប់ដៃ​យ៉ាង​ស្និទស្នាល​​ជាមួយ​​លោក គីម ជុងអ៊ុន នៅ​សិង្ហបុរី ថ្ងៃទី​១២​ មិថុនា​​២០១៨​ Reuters
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង នៅតែជាគ្រោះថ្នាក់នុយក្លេអ៊ែរ ដ៏ធំមហិមា ដែលមិនអាចឲ្យយើងប្រហែសបានទេ។ គ្រោះថ្នាក់នៃការរីកសាយភាព​ នូវបច្ចេកវិទ្យា​នុយក្លេអ៊ែរ ក្នុងវិស័យយោធា ក៏ដូចជាគោលនយោបាយដឹកនាំ នៃរបបកូរ៉េខាងជើង គឺជាគ្រោះថ្នាក់ធំណាស់ គំរាមដល់សន្តិសុខជាតិអាមេរិក នយោបាយការបរទេសអាមេរិក ព្រមទាំងសេដ្ឋកិច្ចអាមេរិក។ នេះគឺជាអ្វី ដែលមានសរសេរ ក្នុងលិខិតរបស់លោក​ដូណាល់​ ត្រាំ ផ្ញើរទៅ​កាន់​សភា​កុងហ្រ្កេស ដើម្បី​ស្នើសុំ ឲ្យបន្តដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើកូរ៉េខាងជើង។

ជំនួបកំពូលដ៏កម្រ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ទើបតែរំលងផុតទៅបាន១០ថ្ងៃ។ យើងនៅចាំបានថា ក្នុងជំនួបនោះ លោកដូណាល់ ត្រាំ បានសម្តែងកាយវិការស្និទ្ធស្នាលជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ហើយថែមទាំងបានសន្យា ផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងទៀតផង។ ជាងនេះទៅទៀត ពេលត្រលប់ទៅដល់វ៉ាស៊ីនតោនវិញ លោកដូណាល់​ ត្រាំ ធ្លាប់បាននិយាយ​ថា លែង​មាន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​អ្វីទៀតហើយ នៅកូរ៉េខាងជើង។

ក៏ប៉ុន្តែ លិខិតរបស់លោកដូណាល់ ត្រាំ ដែលទើបតែផ្ញើរទៅសភានាពេលនេះ ហាក់មានន័យផ្សេង ដែលបង្ហាញថាលោកដូណាល់ ត្រាំ មានជំហរ និងការយល់ឃើញមិនច្បាស់លាស់ទាល់តែសោះ ទាក់ទិននឹងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះ។ នៅក្នុងពេលជំនួបកំពូល លោកដូណាល់ ត្រាំ បានព្យាយាមអួត ថា អ្វីៗនឹងដំណើរការទៅមុខ ហើយការចរចាសន្តិភាពជាមួយកូរ៉េខាងជើង នឹងចាប់ផ្តើមក្នុងពេលដ៏ឆាប់​។ ក៏ប៉ុន្តែ ១០ថ្ងៃមកនេះ អ្វីៗនៅនឹងថ្កល់ ពុំមានយន្តការជាក់ស្តែងណាមួយ ដែលរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានដាក់ចុះ ដើម្បីចាប់ផ្តើមនីតិវិធីចរចាទេ។

ដោយឡែក ប៉ុន្មានម៉ោង ក្រោយសេតវិមានចេញផ្សាយលិខិតរបស់លោកដូណាល់ ត្រាំ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានចេញមុខមកអះអាងសាជាថ្មី ថាសមយុទ្ធយោធា រវាងកងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង នឹងត្រូវផ្អាកឈប់ធ្វើសិន ដោយគ្មានកាលកំណត់។ ធ្វើបែបនេះ គឺដើម្បីជំរុញការចរចាជាមួយកូរ៉េខាងជើង ឲ្យ​ឆាប់ទៅមុខ ចៀសវៀង ចរចាផង គំរាមផង។

ដោយឡែក បើតាមសម្តីរបស់អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា ក្រសួងការពារជាតិអាមេរិក បានសម្រេចព្យួរសមយុទ្ធចំនួន៣។ ក្នុងនោះមានសមយុទ្ធ Freedom Guardian ដែលគ្រោងធ្វើនៅខែសីហា​ខាងមុខ ជាមួយនឹងទាហានអាមេរិកប្រមាណ១៧៥០០នាក់ និងប្រតិបត្តិការហាត់សម ផ្លាស់ប្តូរបទពិសោធន៍ចំនួន២ ដែលគ្រោងធ្វើក្នុង៣ខែទៀត។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា​ ​ចាប់ពីពេលនេះទៅ ការសម្រេចចិត្តនានា របស់រដ្ឋាភិបាលអាមេរិក គឺវាអាស្រ័យ ទៅលើឆន្ទៈ និងអាកប្បកិរិយាពិតប្រាកដ របស់កូរ៉េខាងជើង ក្នុងឈានទៅសម្រេចការចរចា ឲ្យ​បានជាស្ថានពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ