នាយករដ្ឋមន្ត្រីអាមេនី ព្រមចុះចេញពីតំណែង ក្រោយបាតុកម្មមហាជន១០ថ្ងៃជាប់គ្នា
នៅប្រទេសអាមេនី លោកនាយករដ្ឋមន្ត្រី ដែលទើបតែត្រូវបានតែងតាំង បានសុខចិត្តព្រមលាចេញពីមុខតំណែង បន្ទាប់ពីប្រជាពលរដ្ឋ បានធ្វើបាតុកម្មតវ៉ា រយៈពេល១០ថ្ងៃជាប់គ្នា។ ប្រជាជនមិនពេញចិត្តលោកនាយករដ្ឋមន្ត្រីថ្មី ដោយសារតែលោកធ្លាប់ធ្វើជាប្រធានាធិបតីអស់រយៈពេល១០ឆ្នាំរួចមកហើយ ហើយបានព្យាយាមធ្វើកំណែទំរង់ច្បាប់ ដើម្បីអាចកាន់តំណែងនាយករដ្ឋមន្ត្រីបន្ថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤០
សម្លេងហ៊ោរកងរំពង អមដោយស្នូរទះដៃ បានបន្លឺឡើង ពាសពេញទីក្រុង អេរ៉េវ៉ាន រដ្ឋធានីប្រទេសអាមេនី នៅពេលរសៀលថ្ងៃចន្ទ ទី២៣មេសា បន្ទាប់ពីប្រជាជនបានទទួលដំណឹងថា លោកនាយករដ្ឋមន្ត្រី Serge Sarkissian បានសុខចិត្តលាចេញពីមុខតំណែង។
នៅក្នុងសេចក្តីប្រកាសផ្លូវការ ដែលមានផ្សាយ លើគេហទំព័រផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី មានសរសេរដោយខ្លីថា “ខ្ញុំបានសម្រេចចិត្ត ចុះចេញពីមុខតំណែងដឹកនាំប្រទេស”។ លោកនាយករដ្ឋមន្ត្រីសរសេរបន្ថែមថា “ការទាមទារតវ៉ា របស់ប្រជាជន ដែលដឹកនាំដោយលោក Nikol Pachinian គឺជាការត្រឹមត្រូវ មិនខុសឡើយ ខ្ញុំទៅវិញទេ ដែលបានគិតខុស”។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអាមេនី Serge Sarkissian ដែលមានវ័យ៦៣ឆ្នាំ ធ្លាប់ធ្វើជាប្រធានាធិបតី អស់រយៈពេល១០ឆ្នាំ ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨។ ក្រោយចប់អាណត្តិ លោកបានរៀបចំឲ្យរដ្ឋសភា បោះឆ្នោតតែងតាំងលោក ជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៧មេសា កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ មុននឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រី លោក Serge Sarkissian បានថែមទាំង រៀបចំឲ្យរដ្ឋសភាធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីផ្តល់សិទ្ធិអំណាចស្ទើរតែទាំងស្រុង មកនៅក្នុងដៃនាយករដ្ឋមន្ត្រី ហើយទុកឲ្យប្រធានាធិបតី មានតួនាទីត្រឹមតែជានិម្មិតរូប។
គឺដោយសង្កេតឃើញចំណុចទាំងនេះហើយ បានជាការបំផុសបំផុល ឲ្យមានបាតុកម្មទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១៣មេសាមក ដោយមានសកម្មជនប្រឆាំង ឈ្មោះNikol Pachinian ជាអ្នកដឹកនាំ។ លោក Nikol Pachinian ត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២២មេសា។ ក្រោយការចាប់ខ្លួននេះ បាតុកម្មបានផ្ទុះឡើងកាន់តែធំ ដោយនៅរដ្ឋធានី អេរ៉េវ៉ាន កាលពីថ្ងៃអាទិត្យ មានមនុស្សចូលរួមរាប់សែននាក់។ ស្រាប់តែនៅព្រឹកថ្ងៃចន្ទ លោក Nikol Pachinian ត្រូវបានគេដោះលែងមកវិញ ហើយប៉ុន្មានម៉ោងក្រោយមក នាយករដ្ឋមន្ត្រី ក៏បានប្រកាសលាចេញពីតំណែង។
បាតុករម្នាក់ជានិស្សិតអាយុ២៣ឆ្នាំ ឈ្មោះKaren Khatchatrian បានលើកឡើងថា លោក Serge Sarkissian គឺជាមនុស្សសល់ពីកំអែល នៃរបបសង្គមនិយមសូវៀត ហើយមិនសមនៅក្រាញអំណាចបែបនេះតទៅទៀត។ ក្រុមបាតុករ រិះគន់ថាកាលលោក Serge Sarkissian ធ្វើជាប្រធានាធិបតី លោកមិនបានធ្វើឲ្យអាមេនី រួចផុតពីអំពើពុករលួយ បក្សពួកនិយមទេ ហើយព្រមទាំងមិនបានជួយលើកកំពស់ ជីវភាពប្រជាជនទៀត។ ពេលនេះជាយុគសម័យថ្មី ប្រជាជនអាមេនី ជាពិសេសយុវជនក្មេងៗ មិនត្រូវការមនុស្សចាស់គំរិល ដូចលោក Serge Sarkissian ទៀតឡើយ។
ដោយឡែក បើតាមប្រភពពីក្រសួងការពារជាតិ អាមេនី បានឲ្យដឹងថា មានក្រុមទាហានមួយចំនួន ក៏បានទៅចូលរួម ធ្វើបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលដែរ។ លោកប្រធានាធិបតី ក៏ដូចជាកងទ័ព បានអំពាវនាវ ឲ្យប្រជាជនរក្សាការស្ងៀមស្ងាត់ កុំបែកបាក់គ្នា ហើយទុកឲ្យអ្នកនយោបាយ រៀបចំចរចាស្វែងរកច្រកចេញដោយសន្តិវិធី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ