អានតួអត្ថបទ

ក្រោយផ្ទុះអាវុធ​ជាមួយ​ប៉ាគីស្ថាន ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ប្រកាសឲ្យ​ឥណ្ឌា​កុំ​ចុះចាញ់​សត្រូវ​

ដូចអ្វីដែលគេព្រួយបារម្ភ ការផ្ទុះអាវុធដាក់គ្នា បានកើតឡើង រវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន នៅឯតំបន់កាស្មៀរប្រមាណ២ថ្ងៃមកហើយ។ កងទ័ពប្រទេសទាំង២ បានបាញ់កំទេចយន្តហោះទំលាក់គ្រាប់បែកទាំងសងខាង។ នៅថ្ងៃព្រហស្បតិ៍ទី២៨កុម្ភៈនេះ សម្លេងគ្រាប់កាំភ្លើងបាញ់តបតគ្នា នៅតាមបណ្តោយព្រំដែនតំបន់កាស្មៀរ នៅតែបន្តបន្លឺឡើង។ ខណៈដែល​ រដ្ឋមន្ត្រីប៉ាគីស្ថាន អំពាវនាវឲ្យមានការជួបចរចាគ្នា លោកនាយករដ្ឋមន្ត្រីឥណ្ឌាឯនោះ បានប្រកាសក្រើនរំលឹកប្រជាជនឥណ្ឌាម្នាក់ៗ ឲ្យក្រោកឈរឡើងធ្វើជាជញ្ជាំង ទប់ទល់ជាមួយសត្រូវឈ្លានពាន។

រថភ្លើងឥណ្ឌា ដឹករថយន្តទាហាន បញ្ជូន​ទៅកាន់​តំបន់​ក្បែរព្រំដែន​តំបន់ កាស្មៀរ។ ថ្ងៃទី​២៨ កុម្ភៈ ២០១៩​
រថភ្លើងឥណ្ឌា ដឹករថយន្តទាហាន បញ្ជូន​ទៅកាន់​តំបន់​ក្បែរព្រំដែន​តំបន់ កាស្មៀរ។ ថ្ងៃទី​២៨ កុម្ភៈ ២០១៩​ REUTERS/Mukesh Gupta
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ ក្រសួងការពារជាតិឥណ្ឌា បានអះអាងថា កងទ័ពឥណ្ឌាត្រៀមខ្លួន តតាំងដោយអង់អាចក្លាយហានបំផុត។ តែយ៉ាងណា ការបាញ់តគ្នា​នៅថ្ងៃព្រហស្បតិ៍ មានកំរិតតិចតួចណាស់ បើប្រៀបធៀបទៅនឹង ការបាញ់ផ្លោងដោយកាំផ្លើងធំ និងប្រតិបត្តិការទំលាក់គ្រាប់បែក កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។

នៅថ្ងៃអង្គារ កងទ័ពឥណ្ឌា គឺជាអ្នកចាប់ផ្តើម ដោយបានបាញ់កំទេចទីតាំងមួយកន្លែង នៅក្នុងទឹកដីប៉ាគីស្ថាន ដែលឥណ្ឌាអះអាងថា គឺជាមូលដ្ឋាន​ហ្វឹកហាត់ របស់ក្រុមភេរវកម្ម​អ៊ីស្លាម Jaish-e-Mohammed។ គឺក្រុមនេះហើយ ដែលបានចេញមុខអះអាង ថាបាន​ធ្វើភេរវកម្ម សម្លាប់ទាហានឥណ្ឌា ចំនួនជាង៤០នាក់ កាលពីថ្ងៃទី​១៤កុម្ភៈ។

ជាការឆ្លើយតបនឹងការទម្លាក់គ្រាប់បែករបស់ឥណ្ឌា កងទ័ពអាកាសប៉ាគីស្ថាន បាន​ហោះ​មក​ទំលាក់​គ្រាប់បែក ក្នុងតំបន់កាស្មៀរឥណ្ឌា។ កងទ័ពប៉ាគីស្ថាន អះអាងថាខ្លួន បានបាញ់​កម្ទេចយន្តហោះចំបាំងឥណ្ឌា ចំនួន២គ្រឿង ព្រមទាំងចាប់បានអ្នកបើកយន្តហោះឥណ្ឌា​ម្នាក់ផង។ ដោយឡែកឥណ្ឌា វិញបានអះអាងថា នៅថ្ងៃពុធ ខ្លួនបានបាត់បង់​យន្តហោះចំបាំងមួយ តែក៏បានបាញ់កំទេចយន្តហោះចំបាំងរបស់ប៉ាគីស្ថានមួយគ្រឿងវិញដែរ។

ប្រឈមមុខនឹងបញ្ហានេះ ប៉ាគីស្ថានបានសម្រេច បិទដែនអាកាសរបស់ខ្លួន បណ្តោះអាសន្នសិន។ ក្រុមហ៊ុនអាកាសចរណ៍បរទេស ដែលត្រូវហោះទៅកាន់ប៉ាគីស្ថាន ឬត្រូវហោះកាត់ពីលើប៉ាគីស្ថាន ត្រូវបង្ខំចិត្តលុបជើងហោះហើរ ឬត្រូវប្តូរផ្លូវហោះហើរ។ លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានអំពាវនាវឲ្យ​មានការចរចាគ្នា ដើម្បីបញ្ចៀស​សង្រ្គាម ដែលកើតឡើងពីការយល់ច្រឡំណាមួយ។ ជាមួយនឹងអាវុធ នុយក្លេអ៊ែរ ​ដែលប្រទេសទាំង២មាន បើសិនជាមានសង្រ្គាមមែននោះ នោះគឺជាការគិតខុស​ធ្ងន់ធ្ងរណាស់។

ដោយឡែក នៅថ្ងៃព្រហស្បតិ៍ទី២៨កុម្ភៈនេះ លោកណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយនៅក្នុងវីដេអូ ដែលចាក់ផ្សាយទូទាំងប្រទេសថា៖ “សត្រូវមានបំណងបំផ្លាញ​ការរីកចំរើន ស្ថិរភាព និងឯកភាព​ជាតិឥណ្ឌា។ ដូច្នេះ ចូរប្រជាជនឥណ្ឌាម្នាក់ៗ​ ក្រោកឈរ​ឡើងដើម្បីធ្វើជាជញ្ជាំង ទប់ទល់​ជាមួយនឹង​ការឈ្លានពានរបស់សត្រូវ។ ឥណ្ឌាឯកភាពគ្នា ឥណ្ឌានឹងឈ្នះ!”

គួរកត់សំគាល់ថា សម្តីអំពាវនាវបែបជាតិនិយម ពន្យុះកំហឹងទៅក្នុងស្រទាប់យុវជនឥណ្ឌា ពីសំណាក់លោកណារិន្ទ្រ ម៉ូឌីនេះ ត្រូវបានអ្នកវិភាគយល់ឃើញថា គឺជាការកេងចំណេញនយោបាយសុទ្ធសាធ។ ជាមួយនឹងការបោះឆ្នោត នៅខែឧសភាខាងមុខ លោក​ណារិន្ទ្រ ម៉ូឌី​ សង្ឃឹមយកឈ្នះ តាមរយៈការអះអាងខ្លួន ថាជាអ្នក​តំណាងឯកភាព​ជាតិឥណ្ឌា និងជាមនុស្សតែម្នាក់ ដែលអាច​ការពារឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ