អានតួអត្ថបទ
អាហ្វហ្កានីស្តង់

រដ្ឋាភិបាល​ចុះ​ខ្សោយ ក្រោយ​ពី​ការ​លា​ឈប់​ពី​មុខ​តំណែង​របស់​មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប

លោក Hamid Karzaï ប្រធានាធិបតី​ នៃ​ប្រទេស​អាហ្វហ្កានីស្តង់​បាន​យល់​ព្រម​ការ​សុំ​លា​ឈប់​ពី​មុខ​តំណែង​របស់​ មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប គឺ​ លោក Hanif Atmar រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ និង​លោក Amrullah Saleh ប្រធាន​ការិយាល័យ​ស៊ើបការ​សំងាត់​កាល​ពី​ថ្ងៃ​ អាទិត្យ ទី​៦ មិថុនា ឆ្នំា ២០១០។ ការ​លា​ឈប់​ពី​មុខ​តំណែង​របស់​មន្រ្តី​ជាន់​ខ្ពស់​ទំាង​ពីរ​រូប​បាន​ធ្វើ​ ឡើង បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ឱកាស​ ពិធី​បើក​កិច្ច​ប្រជុំ​ដើម្បី​សន្តិភាព​កាល​ពី​ថ្ងៃ​ពុធ ទី​២ មិថុនា​កន្លង​ទៅ។

លោក Hamid Karzaï ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វហ្កានីស្តង់
លោក Hamid Karzaï ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វហ្កានីស្តង់ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ការ​សុំ​លា​ឈប់​ពី​មុខ​តំណែង​របស់​មន្រ្តី​ជាន់​ខ្ពស់​អាហ្វហ្កានីស្តង់ទំាង​​ពីរ​រូប​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភាព​មិន​ចុះ​សំរុង​គ្នា ឬ​ក៏​ថា​ភាព​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Hamid Karzaï។ មាន​មូលហេតុ​ច្រើន​ដែល​បញ្ជាក់​ពី​ការ​សុំ​លា​ឈប់​ពី​មុខ​តំណែង​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក​ប្រធាន​ការិយាល័យ​ស៊ើបការ​សំងាត់។ ប៉ុន្តែ​លោក​ប្រធានាធិបតី Hamid Karzaï​បាន​លើក​យក​ហេតុផល​ថា មក​ពី​មន្រ្តី​ជាន់​ខ្ពស់​ទំាង​ពីរ​រូប​បាន​ធ្វេសប្រហែស​នឹង​ការងារ​របស់​ខ្លួន ដោយ​ទុក​បណ្តោយ​ឲ្យ​ក្រុម​ឧទ្ទាម​តាលីបង់​អាច​វាយប្រហារ​ក្នុង​ឱកាស​ពិធី​បើក​កិច្ច​ប្រជុំ​ដើម្បី​សន្តិភាព​កាល​ពី​ថ្ងៃ​ពុធ ទី​២ មិថុនា​កន្លង​ទៅ។ ជា​ទូទៅ កិច្ច​ប្រជុំ​ដើម្បី​សន្តិភាព​ជា​ពិធី​មួយ​ដែល​ត្រូវ​បាន​គេ​ការពារ រក្សា​សន្តិសុខ​យ៉ាង​ម៉ត់ចត់​ជា​ទីបំផុត។

 

លោក Hanif Atmar រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងលោក Amrullah Saleh ប្រធាន​ការិយាល័យ​ស៊ើបការសំងាត់
លោក Hanif Atmar រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងលោក Amrullah Saleh ប្រធាន​ការិយាល័យ​ស៊ើបការសំងាត់ ©Reuters

ដូច្នេះ​ឃើញ​ថា ការ​សុំ​លា​ឈប់​ពី​មុខ​តំណែង​របស់​មន្រ្តី​ជាន់​ខ្ពស់​ទំាង​ពីរ​រូប អាច​ជា​ទណ្ឌកម្ម​មួយ​ពី​សំណាក់​លោក​ប្រធានាធិបតី Hamid Karzaï។ តែ​បញ្ហា​នៅ​ត្រង់​ថា មន្រ្តី​ជាន់​ខ្ពស់​ទំាង​ពីរ​រូប​គឺ​ជា​ឥស្សរជន​ដែល​ត្រូវ​បាន​គេ​គោរព និង​កោតសរសើរ​ពី​សំណាក់​ប្រជាជន​អាហ្វហ្កានីស្តង់ និង​ពី​ប្រទេស​លោក​ខាង​លិច។ សំណួរ​ដែល​ចោទ ថា​តើ​មន្រ្តី​ជាន់​ខ្ពស់​ទំាង​ពីរ​រូប​ចំា​បាច់​ត្រូវ​តែ​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ដោយ​សារ​តែ​ការ​វាយប្រហារ​សឹង​តែ​រាល់​ថ្ងៃ​របស់​ពួក​តាលីបង់ ឬ​យ៉ាង​ណា ?

អ្វី​ដែល​គេ​ធ្លាប់​បាន​ដឹង​កន្លង​មក​នោះ​គឺ​ថា ទំាង​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក​ប្រធាន​ការិយាល័យ​ស៊ើបការ​សំងាត់ បាន​ប្រឆំាង​ដាច់​ខាត​នឹង​នយោបាយ​របស់​លោក​ប្រធានាធិបតី Hamid Karzaï ដែល​បាន​បោះ​ដៃ​ទៅ​ពួក​តាលីបង់​តាម​រយៈ​នយោបាយ​ផ្សះផ្សា​ជាតិ។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​ចិត្ត​របស់​លោក Hamid Karzaï ដែល​យល់​ព្រម​តាម​ការ​សុំ​លា​ឈប់​ពី​មុខ​តំណែង​របស់​មន្រ្តី​ជាន់​ខ្ពស់​ទំាង​ពីរ​រូប មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ពេញ​ចិត្ត​ទេ និង​ពិត​ជា​មិន​បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នំា​មួយ​ចំនួន​របស់​បស្ចិមលោក​យល់​ស្រប​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ