អានតួអត្ថបទ
វៀតណាម

វៀតណាម​ចេញក្រឹត្យថ្មី​សម្រាប់បង្កើត​ក្របខ័ណ្ឌ​គ្រប់គ្រង​អ្នកកាសែត​និង​អ្នកបង្កើត​Blog​

ប្រទេស​វៀតណាម​បាន​អនុម័ត​ក្រឹត្យថ្មី​មួយ​សម្រាប់​បង្កើត​ក្របខ័ណ្ឌ​គ្រប់គ្រង​សកម្មភាព​របស់​អ្នកកាសែត ​និង​អ្នក​បង្កើត​Blog​ ​ ដោយ​គ្រោង​ឲ្យ​មាន​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ។​ ទាំងនេះ​ ​ បន្ថែម​ពីលើ​វិធានច្បាប់​មួយ​ចំនួន​ដែល​មាន​ ​ ហើយ​ដែល​គណៈកម្មាធិការ​អាមេរិកាំង​ខាង​ការពារ​អ្នក​កាសែត​( CPJ )​ធ្លាប់បាន​បរិហារ​ថា​ ​ ជា​វិធានច្បាប់​សម្លាប់​សិទ្ធិ​សេរីភាព។ 

លោក​នាយករដ្ឋមន្ត្រី​វៀតណាម ​Nguyen Tan Dung​
លោក​នាយករដ្ឋមន្ត្រី​វៀតណាម ​Nguyen Tan Dung​ © Reuters
ផ្សាយពាណិជ្ជកម្ម

01:39

សេចក្តីរាយការណ៍របស់​ សៀក សារិន

បើ​យោងតាម​អត្ថបទ​ច្បាប់​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​វៀតណាម​Nguyen Tan Dung​ដែល​ត្រូវ​ចូល​ជា​ធរមាន​នៅ​ខែ​ក្រោយ​ ​ ហើយ​ដែល​គ្រោង​មាន​ការ​ផាក​ពិន័យ​ដល់ទៅ​៤០លាន​ដុង​ ឬ​ត្រូវ​ជា​២ ០០០ដុលា្លរ​ដល់​ជនណា​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​”​ការ​អនុញ្ញាត​” ​ឬ​ពុំ​សមស្រប​នឹង​”​ផល​ប្រយោជន៍​របស់​ប្រជាជន”​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​គណៈកម្មាធិការ​អាមេរិកាំង​ខាង​ការពារ​អ្នក​កាសែត​(CPJ )​បាន​បរិហារ​ថា​ ​ ក្រឹត្យ​ថ្មី​នេះ​ជា​ក្រឹត្យ​ ”​សម្លាប់​សិទ្ធិ​សេរីភាព​” ​ដាក់​បន្ថែម​ពីលើ​វិធាន​ច្បាប់​ដែល​មាន​លក្ខណៈ​ដូចគ្នា​នេះ​ ​ ហើយ​ដែល​ធ្លាប់មាន​ជា​ច្រើន​រួចទៅហើយ។

លោក​Shawn Crispin អ្នក​តំណាង​នៃ​អង្គការ​ការពារ​អ្នក​កាសែត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​បរិហារ​ថា​ ​ “​ ក្រឹត្យ​ថ្មី​របស់​អាជ្ញាធរ​វៀតណាម​នេះ​គឺ​ធ្វើឡើង​ដើម្បី​បង្កើន​ការ​ក្តោបក្តាប់​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម​ទៅលើ​អ្នក​កាសែត​តែ​ប៉ុណ្ណោះ​”។​ ហើយ​គណៈកម្មាធិការ​​អាមេរិកាំង​ខាង​ការពារ​អ្នក​កាសែត​( CPJ )​បាន​បរិហារ​ទៀត​អំពី​ការ​បង្ខិត​បង្ខំ​របស់​អាជ្ញាធរ​វៀតណាម​ឲ្យ​អ្នក​កាសែត​ថ្លែង​ប្រាប់​បង្ហាញ​ពី​ប្រភព​ព័ត៌មាន​របស់ខ្លួន​ហើយនិង​ការ​​ហាម​ឃាត់​ពុំ​ឲ្យ​ប្រើ​រហស្សនាម។

ចំណែកឯ​សារព័ត៌មាន​Than Nien ដែល​ជា​សារព័ត៌មាន​មួយ​ដ៏​សំខាន់​នៅ​ប្រទេស​វៀតណាម​បាន​ដក​ស្រង់​ពាក្យ​សំដី​របស់​លោក​Trinh Thanh ដែល​ជា​មេធាវី​ នៅ​ទីក្រុង​ហូជីមិញ​បង្ហាញ​ឲ្យ​ដឹង​ថា​ ​ “​អ្នកកាសែត​គួរតែ​មាន​សិទ្ធិ​ការពារ​ប្រភព​ព័ត៌មាន​របស់​ខ្លួន​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ទៅលើ​អំពើ​ពុករលួយ​”​។

គណៈកម្មាធិការ​អាមេរិកាំង​ខាង​ការពារ​អ្នក​កាសែត​( CPJ )​បាន​ធ្វើការ​ចោទ​ប្រកាន់​ទៀតថា​ ​ “​​ ក្រឹត្យ​ថ្មី​នេះ​ជា​ក្រឹត្យ​”​សម្លាប់​សិទ្ធិ​សេរីភាព​”​ហើយក៏​ធ្វើឡើង​ដើម្បី​សំដៅ​ទៅលើ​អ្នក​បង្កើត​Blog​ដែល​ប្រើ​រហស្សនាម​ដោយ​ពួកគេ​ចង់​គេច​វេះពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​​របស់​អាជ្ញាធរ​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ