អានតួអត្ថបទ
សន្និសីទ​ស្តីពី​អាកាសធាតុ

សន្និសីទ​ស្តីពី​អាកាសធាតុ៖ ក្រុមប្រទេស​ខាងត្បូង និង​ខាងជើង​នៅតែ​​ខ្វែង​គំនិត​គ្នា​ពីរឿង​ប្រាក់ជំនួយ

នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការបើក​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ អ្នកតំណាង​របស់​ប្រទេស​ចំនួន​១៩៥ ដែល​បាន​ជួប​ប្រជុំ​គ្នា នៅ​ក្នុង​សន្និសីទ​នៅទីក្រុង​ប៊ន​ប្រទេស​អាល្លឺម៉ង់ បានអនុម័ត កាលពីថ្ងៃ​សុក្រ ទី ២៣​តុលា គម្រោង​កិច្ចព្រមព្រៀង​មួយ ដែល​គេ​នឹង​យក​ទៅ​ប្រើ​ជាមូលដ្ឋាន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ នៅថ្ងៃ​បិទ​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី ៣០​វិច្ឆិកា រហូត​ដល់​ថ្ងៃទី ១១​ធ្នូ​ចុងឆ្នាំ​នេះ។ 

សន្និសីទ​ក្រុង​ប៊ន​ប្រទេស​អាល្លឺម៉ង់ ដែល​រៀបចំឡើង​ដើម្បី​ត្រៀម​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ
សន្និសីទ​ក្រុង​ប៊ន​ប្រទេស​អាល្លឺម៉ង់ ដែល​រៀបចំឡើង​ដើម្បី​ត្រៀម​សន្និសីទ​អន្តរជាតិ​ទីក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ http://unfccc.int
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​កិច្ចព្រមព្រៀង ដែល​គេ​បាន​អនុម័ត កាលពី​ថ្ងៃ​ម្សិលមិញ មាន​លក្ខណៈ​ស្មុគស្មាញ និង​គ្មាន​ផែនការ​ច្បាស់លាស់។ អ្នកដែល​ខកចិត្ត​ច្រើន ជាង​គេ គឺ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​បារាំង​ផ្ទាល់ ដែល​មាន​នាទី​រៀបចំ​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​អាកាសធាតុ នៅ​៥​សប្តាហ៍​ខាងមុខ។ តាមគម្រោង សន្និសីទ​ក្រុង​ប៊ន មាន​គោលដៅ បើកផ្លូវ​ឲ្យ​គ្រប់ ​ភាគី ចរចា​ជាមួយ​គ្នា។ នៅក្នុង​សន្និសីទ​ក្រុង​ប៊ន ដែល​ជា​កន្លែង​ប្រជុំ​ចុងក្រោយ នៅ​មុន​សន្និសីទ​អង្គការ​សហប្រជាជាតិ​ចាប់ផ្តើម នៅ​ទីក្រុង​ប៉ារីស គេ​មាន​គម្រោង ចង់​ឲ្យ​គ្រប់​ភាគី មិនថា ក្រុមប្រទេស បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ឬ​ក្រុមប្រទេស​ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ជួប ចរចា​គ្នា ដើម្បី សម្រេច​ចេញ​ឲ្យ​បាន​អត្ថបទ​ព្រាង​មួយ ដែល​គេ​នឹង​យក​ទៅ​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ការចរចា នៅក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស។

 
ប៉ុន្តែ នៅ​ទីបំផុត គេ​ខកចិត្ត ព្រោះថា នៅ​ក្នុង​សន្និសីទ​ក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់ គេ​មិន​បាន​ចរចា​អ្វី​ធំដុំ​ទេ។ គេ​គ្រាន់​តែ​បំភ្លឺ​ចំណុច​មួយចំនួន ដែល​មិនសូវ​ច្បាស់លាស់​កន្លងមក ជាពិសេស ការចូលរួម​របស់​ប្រទេស​ឧស្សាហកម្ម​ដើម្បី​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ពុល​ទៅ​បរិយាកាស។ ឧស្ម័ន​ពុល ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​មូលហេតុ​ចំបង​ធ្វើ​ឲ្យ​ផែនដី​ឡើង​កំដៅ និង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ពិភពលោក។

គោលដៅ​នៃ​សន្និសីទ​អន្តរជាតិ​ប៉ារីស ស្តីពី​បញ្ហា​អាកាសធាតុ គឺ​ធ្វើយ៉ាងណា ឲ្យ​គ្រប់​ប្រទេស​សន្យា​ចូលរួម កាត់បន្ថយ​ ឲ្យ​បាន​ច្រើន ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​កុំ​ឲ្យ​កំដៅ​ផែនដី កើនឡើង ច្រើនជាង ២អង្សារសេ បើ​ប្រៀបធៀប​នឹង​កាលមុន​សម័យ​ឧស្សាហកម្ម។
 
ខាងជើង និង​ខាងត្បូង​នៅ​បន្តខ្វែងគំនិត គ្នា គឺ​រឿង​ថវិកា ជំនួយ សម្រាប់​ជួយ​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ
អ្វី​ដែល​ក្រុមប្រទេស​ខាងត្បូង​ផែនដី ទាមទារ​ចង់បាន គឺ​ការគិតគូ​ផ្តល់​សំណង ផ្តល់​ជំនួយ សម្រាប់​ពួកខ្លួន​ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដែល​បណ្តាល​មកពី​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​របស់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ។ នៅ​ក្នុង​សន្និសីទ ក្រុង​ប៊ន ដែល​ត្រូវ​បញ្ចប់​កាលពីថ្ងៃ​សុក្រ គឺ​មាន​ការជជែក តវ៉ា​តឹង​សសៃក មែនទែន ព្រោះថា ចំណុច​ដែល​និយាយ​ពី​ការផ្តល់​ជំនួយ សម្រាប់​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ មិនត្រូវ​បាន​គេលើក​យក​មក​និយាយ​ចរចា​នោះ​ទេ។

តាម​គម្រោង ក្រុមប្រទេស​ខាងត្បូង​ផែនដី ដែល​ជា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ បាន​ទាមទារ​សំណង​ជម្ងឺចិត្ត និង​ជំនួយ​មិនថា ថវិកា និង​បច្ចេកទេស​ពី​ក្រុមប្រទេស​អ្នកមាន ប្រទេស​ឧស្សាហកម្ម ដែល​ទទួលខុសត្រូវ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ អ្វី​ដែល​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​រង់ចំា​ខ្លំាង នោះគឺ​ការសន្យា​ក្នុង​ឆ្នំា ២០០៩ ដែល​ក្នុង​នោះ ក្រុម​ប្រទេស​ប៉ែក​ខាង​ជើង​ព្រម​ផ្តល់​លុយ​ចំនួន ១០០ ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នំាៗ ​សម្រាប់​ក្រុម​ប្រទេស​ប៉ែក​ខាង​ត្បូង​ពី​ ពេល​នេះ​ដល់​ឆ្នំា ២០២០។

នៅក្នុង​សន្និសីទ​ក្រុង​ប៉ារីស ខាងមុខ ក្រុមប្រទេស​ប៉ែក​ខាងត្បូង​ផែនដី​ចង់​ទាមទារ​ថា ជំនួយ សម្រាប់​ជួយ​ក្រុមប្រទេស​ដែល​រងគ្រោះ​ដោយសារ ការប្រែប្រួល​អាកាសធាតុ ត្រូវ​កើនឡើង ច្រើន​ជាង ១០០ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ចាប់តាំង​ឆ្នាំ ២០២០។

 
ក្រុម​ប្រទេស​ប៉ែកខាងត្បូង ទាមទារ​ជំនួយ​ពី​ក្រុម​ប្រទេស​ប៉ែក​ខាង​ជើង ផែនដី ដោយយោង​ទៅលើ​អនុសញ្ញា អង្គការ​សហប្រជាជាតិ ស្តីពី​អាកាសធាតុ ឆ្នាំ ១៩៩២ ដែល​ចុះ​ហត្ថលេខា​ដោយ ប្រទេស​ចំនួន ១៩៥។ អនុសញ្ញា​របស់​អង្គការ​ចែងថា ប្រទេស​អភិវឌ្ឍ ប្រទេស​អ្នកមាន មាន​កាតព្វកិច្ច​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ជួយ​កាត់បន្ថយ ការបញ្ចេញចោល ឧស្ម័ន​ផ្ទះកញ្ចក់ និង​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។
 
សព្វថ្ងៃនេះ ក្រុមប្រទេស​អ្នកមាន បាន​តវ៉ា លែង​ចង់គោរព​តាម​អនុសញ្ញា របស់​អង្គការ​សហប្រជាជាតិ ដែល​គេចាត់ទុក ថា ចាស់គំរិល មិន​ទាន់សម័យ ជាពិសេស គឺ​បញ្ជី​ឈ្មោះ​របស់​ប្រទេស​អភិវឌ្ឍ​ដែល​ទទួលខុសត្រូវ​ខាងផ្តល់​ជំនួយ។ អ្នកតំណាង​​អឺរ៉ុប សម្រាប់​ការចរចា​ផ្នែក​អាកាសធាតុ បាន​និយាយ​ថា ពិភពលោក​បានផ្លាស់ប្តូរ។ ក្រុមប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ដូចជា​ចិន ឥណ្ឌា ឬ​ប្រេស៊ីល​ជាដើម សុទ្ធ​តែ​បាន​បញ្ចេញ​ឧស្ម័ន​ពុលទៅក្នុង​បរិយាកាស ដូច្នេះ ប្រទេស​ទាំងនោះ ក៏​ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់ជំនួយ ជាមួយ​ប្រទេស​អភិវឌ្ឍ គឺ​មិនមែន​ចាំតែ​ទទួល​ប្រយោជន៍ នោះទេ។ គេ​ចង់​និយាយ​សំដៅ​ប្រទេស​ចិន ដែល​កំពុង​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​ប៉ែក​ខាងត្បូង ទាមទារ​សំណង ជំនួយពី​ក្រុមប្រទេស​អ្នកមាន។
 
គ្រប់គ្នា​កំពុង​ដាក់សម្ពាធ យ៉ាង​ខ្លាំង ទៅលើ​សន្និសីទ​ក្រុង​ប៉ារីស។ ប៉ុន្តែ គេ​មិន​ត្រូវ​សង្ឃឹម​ច្រើន​ទេ ថា រាល់​បញ្ហា​នឹង​អាច​ដោះស្រាយ នៅក្នុង​រយៈពេល ២​សប្តាហ៍​នៃ​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស​នោះ។ រាល់​កិច្ចប្រជុំ ឬ​សន្និសីទ​កន្លងមក ត្រូវ​រៀបចំ​ឡើង ដើម្បី អនុញ្ញាត​ឲ្យ​គ្រប់​ភាគី​ចរចា ចុះសម្រុង​គ្នា ឲ្យ​បាន​មុន​សន្និសីទ​ស្តីពី​អាកាសធាតុ​ក្រុង​ប៉ារីស។ ប្រទេស​អ្នកមាន ដែល​ជំនាញ​ខាង​បញ្ចេញឧស្ម័ន​ពុល ទៅ​ក្នុង​បរិយាកាស មិន​ថា អាមេរិក ចិន កាណាដា អូស្ត្រាលី ឬ​ឥណ្ឌា សុទ្ធ បាន​ប្រកាស​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជាអ្នកបង្ក​ឲ្យ​ផែនដី​ឡើងកំដៅ និង​ការប្រែប្រួល​អាកាសធាតុ។ នេះ​ជា​ចំនុច​វិជ្ជមាន ដែល​អាច​ឲ្យ​គេ​សង្ឃឹម​ថា កិច្ចព្រមព្រៀង​មួយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ផែនដី ឡើង​កំដៅ ច្រើន​ជាង ២​អង្សាសេ ដែលគេ​ជឿថា ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ សម្រាប់​អនាគត​ជីវិត​មនុស្ស​លើ​ផែនដី នឹង​អាច​ចេញ​រូបរាង នៅក្នុង​សន្និសីទ​អន្តរជាតិ ក្រុង​ប៉ារីស​ស្តីពី អាកាសធាតុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ