អានតួអត្ថបទ

អាមេរិក​ចង្អុល​មុខ​ថៃ​រឿង​សន្តិសុខ​វិស័យ​អាកាសចរណ៍ស៊ីវិល

នៅ​ថ្ងៃពុធ​ទី ២ ធ្នូ​នេះ របប​ដឹកនាំ​សឹក​ថៃ បាន​ប្រកាស​សន្យា​ជា​ថ្មី​ ថា​នឹង​ខិត​ខំ​​រៀប​ចំ​ដំណើរ​ការ​សន្តិសុខ​​វិស័យ​អាកាសចរណ៍​ឱ្យ​បាន​​ប្រសើរ​ឡើង​វិញ​ ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។ ពាក្យ​សន្យា​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​និង​បញ្ចុះ​ចំណាត់​ថ្នាក់ថៃ​ក្នុង​វិស័យ​សន្តិសុខ​អាកាសចរណ៍ កាលពី​ម្សិលមិញ។

អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុុង​បាងកក
អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុុង​បាងកក (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​អាមេរិក​ផ្នែក​អាកាសចរណ៍​ស៊ីវិល បាន​បញ្ចុះ​ចំណាត់​ថ្នាក់​ប្រទេស​ថៃ​មក​លំដាប់​ទីពីរ ដោយ​យល់​ថា​ថៃ​គោរព​តាម​បទ​ដ្ឋាន​សុវត្ថិភាព​សន្តិសុខ​អាកាសចរណ៍​អន្តរជាតិ​ តិច​តួច​បំផុត។ បើ​តាម​របាយការណ៍​អាមេរិក ថៃ​មាន​កង្វះ​ខាត​យ៉ាង​ខ្លាំង​ ផ្នែក​ជំនាញ​ការ​បច្ចេកទេស ការ​បំពាក់​បំប៉ន​បុគ្គលិក និង​ដំណើរការរក្សា​​សន្តិសុខ។​

 

ជា​មួយ​នឹង​សេចក្តី​សម្រេច​ចិត្ត​បែប​នេះ​ អាមេរិក​បាន​ហាម​ឃាត់​មិន​ឱ្យ​ក្រុមហ៊ុនអាកាសចរណ៍​​ថៃបើក​ការ​ហោះហើរ​ថ្មី​ ទៅ​មកអាមេរិក​ទេ។ ក្នុង​ពេល​ភ្លាមៗ​នេះ បម្រាម​អាមេរិក​មិន​បាន​ធ្វើ​ឱ្យ​បង្ក​ផលវិបាក​អ្វីធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ហោះ​ហើរ​ថៃ​ទេ ដ្បិត​ថៃ​គ្មាន​ជើង​ហោះហើរ​ទៅចុះ​ចត​ដោយផ្ទាល់​លើ​ទឹក​ដី​អាមេរិក​ឡើយ។

ប៉ុន្តែ​ថៃ​អាច​នឹងរង​គ្រោះខ្លាំង ដោយ​សារ​អឺរ៉ុប! ជា​ទូទៅ និង​ដែលធ្លាប់​មាន​ជាញឹកញយ​មករួច​មក​ហើយ ក្រោយ​ពី​មាន​ការ​ហាមឃាត់​របស់​អាមេរិក អាជ្ញាធរ​អឺរ៉ុប អាច​នឹង​ធ្វើ​​​សេចក្តី​សម្រេចចិត្ត​ដូច​គ្នា​តាម​ពី​ក្រោយ។ ប្រសិន​បើ​ដូច្នេះ​មែន​នោះ​ថៃ​នឹង​ត្រូវ​ខូច​ខាត​ខ្លាំង ជាពិសេស​ ចំពោះ​វិស័យទេសចរណ៍។

ថៃ​ប្រទេស​​ទេសចរណ៍ដ៏​ល្បី​នៅ​អាស៊ី គឺ​ជា​ស្នូល​​បង្វិល​អាកាសចរណ៍​ស៊ីវិល​ដ៏​ធំ​និង​សំខាន់​ជាង​គេ​ប្រចាំ​តំបន់ ​​មានបាន​​និងរស់​​រំពឹង​យ៉ាង​ខ្លាំង​លើ​​សកម្មភាព​ទេសចរណ៍ ដែល​តំណាង​ឱ្យ​ដល់​ទៅ​១០%​នៃ​ផលិតផលសរុប​ក្នុង​ស្រុក និង​ដែល​បន្ត​ផល​វិជ្ជមាន​រហូត​មក ទោះ​បី​ជា​សេដ្ឋកិច្ច​ទូទៅ​អាប់អួរ​យ៉ាង​ណា​ក៏ដោយ។

ហេតុ​ដូច្នេះ​ហើយបាន​ជា​ អាជ្ញាធរ​ថៃ​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ ចំពោះ​ការ​ព្រមាន​របស់​អាមេរិក ទើប​ប្រកាស​សន្យា​ភ្លាម​ថា​នឹង​ប្រឹង​ស្វែង​រក​បុគ្គលិក​មាន​សមត្ថិភាពកាន់​ខ្ពស់ និង​គ្រប់គ្រាន់​ ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ ព្រមទាំង​សើ​រើ​មើល​ច្បាប់​អាកាសចរណ៍​ចំណាស់ជាង​៦០​ឆ្នាំ (​ច្បាប់​បង្កើត​ឡើង​តាំង​ពី​​ឆ្នាំ​១៩៥៤)ឡើង​វិញ។

កាលពី​ខែ​មីនា​កន្លង​ទៅ អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​របស់​អាកាសចរណ៍​ស៊ីវិល​ថៃ។ កាលណោះ ជប៉ុន ចិន និង​កូរ៉េខាង​ត្បូង បាន​បញ្ចេញ​ប្រតិកម្ម​ហាមឃាត់​ជា​បណ្តោះ​អាសន្ន​មិន​ឱ្យ​មាន​​ជើង​ហោះហើរ​ថ្មី​បន្ថែម​ពី​ថៃ​មកចុះ​ចត​ក្នុង​​អាកាសយានដ្ឋាន​របស់​ខ្លួន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ