អានតួអត្ថបទ
ថៃ-ម៉ាឡេស៊ី

យន្តហោះ​ម៉ាឡេស៊ី​បាត់ ៖ ថៃ​រក​ឃើញ​សញ្ញា​យាន​យន្ត​ហោះ​ហើរ​គ្មាន​អត្តសញ្ញាណ

តើ​អាច​ចាត់​ទុក​ថា​ជា​តម្រុយ​ថ្មី​ សម្រាប់​ជួយ​ធ្វើ​ការ​អង្កេត​រក​​​យន្តហោះ​ម៉ាឡេស៊ី​អ៊ែរឡាញ ដែល​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី ៨ មីនា បាន​ជឿន​លឿន​ទៅមុខ ​ឬ ? នៅ​ថ្ងៃពុធ​នេះ អាជ្ញាធរ​ថៃ អះអាង​ថា ចាប់​បាន​សញ្ញា វត្ថុ​​មួយ​គ្មានអត្តសញ្ញាណ​ហោះ​ ប្តូរ​ទិស​ដៅ​​ជា​ច្រើន​លើក​ច្រើន​សារ​ ពីរបី​នាទី មុន​ការ​បាត់​ស្រមោល​យន្តហោះទាំង​ស្រុង។ ហើយ​ទន្ទឹម​គ្នា​នេះ ប៉ូលិស ម៉ាល់ឌីវ ក៏​បាន​ផ្ទៀង​ផ្ទាត់​សំដី​សាក្សី​បាន​​ឃើញ​យន្តហោះ​ហោះ​ទាប​ចម្លែក ឆ្លង​កាត់​កោះ​កាលពី​ថ្ងៃ​ទី​៨​មីនា ថ្ងៃ​បាត់​យន្តហោះ​MH៣៧០។

អ្នក​ដំណើរ​អង្គុយ​មើល​ព័ត៌មាន​ហោះហើរ​យន្តហោះ​MH៣៧០ នៅ​ព្រលាន​យន្តហោះ​ក្រុង​កូឡាឡាំពួរ
អ្នក​ដំណើរ​អង្គុយ​មើល​ព័ត៌មាន​ហោះហើរ​យន្តហោះ​MH៣៧០ នៅ​ព្រលាន​យន្តហោះ​ក្រុង​កូឡាឡាំពួរ © Reuters
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ម៉ាឡេស៊ី កងទ័ព​អាកាស​ថៃ​បាន​ផ្ទៀង​ផ្ទាត់​ឡើង​វិញ ទិន្នន័យ​ព័ត៌មាន​នៃ​ប្រព័ន្ធ​រ៉ាដា​ភាគ​ខាង​ត្បូង​ប្រទេស។ ជា​លទ្ធផល​ នៅ​វេលា​ម៉ោង ០០​និង​២៨​នាទី ពោល​គឺ​៦​នាទី​មុន​​យន្តហោះ​បាត់​ស្រមោល​ទាំង​ស្រុង​ រ៉ាដា​យោធា​ថៃ​បាន​រកឃើញ​សញ្ញា​យានយន្ត​គ្មាន​អត្តសញ្ញាណ​មួយ បាន​ហោះហើរ​ទៅកាន់​ទិស​និរតី សំដៅ សមុទ្ទ អង់ដាម៉ង់ ភាគ​ខាង​លិច​ប្រទេស​ម៉ាឡេស៊ី បញ្ចាស​ទិស​របស់​យន្តហោះ​ប៊ូអ៊ីន ៧៧៧ ដែល​ត្រូវ​ហោះ​ទៅ​ប៉េកាំង។

 
យន្តហោះ​ទំនង​ជា​បាន​ហោះ​ចុះ​ទៅ​ភាគ​ខាង​ត្បូង​ ឆ្ពោះ​ទៅ​ក្រុង​កូឡាឡាំពួរ មុន​នឹង​ហោះ​ឡើង​មក​វិញ សំដៅសមុទ្ទ​អង់ដាម៉ង់ ​ក៏​ប៉ុន្តែ​សញ្ញា​នោះ​​មិន​ច្បាស់​លាស់ និង​ចេះ​តែ​ដាច់​ឥត​ឈប់ មុន​នឹង​រលត់​ឈឹង​រហូត​ទៅ។ នេះ​បើ​តាម​ប្រភព​រ៉ាដា​ថៃ​ដដែល។

បើ​ផ្អែក​ទៅ​ពេល​ម៉ោង​ ព័ត៌មាន​នេះ​ត្រូវ​គ្នា​នឹង​ការ​បញ្ជូន​​ដំណឹង​ចុង​ក្រោយ​របស់​យន្តហោះ​​MH៣៧០ ដែល​បញ្ជាក់​ថា​កំពុង​ស្ថិត​នៅ​លើ​ឆ្នេរ​ខាង​កើត​របស់​ម៉ាឡេស៊ី។ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ទើប​ទម្លាយ​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ?! អាជ្ញាធរ​ថៃ​បានអះអាង​ ថា​គ្មាន​ចេតនា​បិទ​ខ្ទប់​ដំណឹង​ទេ ប៉ុន្តែ​មក​ពី​យន្តហោះ​នោះ​មិន​ស្ថិត​ក្នុង​ដែន​អាកាស​ថៃ ដូច្នេះ​មិន​មែន​ជា​ការ​គំរាម​កំហែង​សន្តិសុខ​ថៃ​ឡើយ ហើយ​ថៃ​មិន​បញ្ជាក់​ដាច់​ខាត​ថា​សញ្ញា​យានយន្ត​នោះ​ជា​យន្តហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន។

យន្តហោះ​ប៊ូអ៊ីន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរឡាញ​ បាត់​ស្រមោល​ឈឹង​អស់​១២​ថ្ងៃ បាន​ក្លាយ​ជា​រឿង​​ដ៏​ចម្លែក​បំផុតមួយ ក្នុង​ប្រវត្តិ​អាកាសចរណ៍​ពិភពលោក និង​បំផុស​បំផុល​ឱ្យ​មាន​ការ​បំបោង​ព័ត៌មាន​គ្រប់​បែប​យ៉ាង ព្រម​ទាំងប្រទេស​ចូល​រួម​រុក​រក​ដល់​២៥​ប្រទេស។ ហើយ​នៅ​ថ្ងៃ​នេះ ប្រទេស​ម៉ាល់ឌីវ បាន​អះអាង​កំពុង​ត្រួត​ពិនិត្យ​​សក្សីកម្ម​ជា​ច្រើន​របស់​ប្រជាពលរដ្ឋ ដែល​ថា​បាន​ឃើញ​យន្តហោះ​ដ៏​ធំ​ ហោះ​ទាបយ៉ាង​ចម្លែក រហូត​អាច​មើល​រាប់​ទ្វារ​បាន​ កាលពី​ថ្ងៃ​ទី ៨ មីនា។ ប៉ុន្តែ​ក្រុម​អ្នក​អង្កេត​​​នៅ​ប្រុ​ង​ប្រយ័ត្ន​ខ្លាំង​ ព្រោះ​ធ្លាប់​បាន​ទទួល​តម្រុយខុស​ជា​ច្រើន​មក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ