អានតួអត្ថបទ
អាមេរិក-ថៃ

លោកអូបាម៉ា​ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេសថៃ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ចាប់ផ្តើម​ទស្សនកិច្ច​របស់លោក នៅអាស៊ី ដោយ​ចាប់ផ្តើម​ដំបូង ក្នុង​ប្រទេស​ថៃ។ បន្ទាប់ពីលោក​បាន​ជាប់ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​សម្រាប់​អាណត្តិ​ទីពីរ លោកបារ៉ាក់ អូបាម៉ា​បាន​ជ្រើសរើស​យក​តំបន់​អាស៊ី ជា​កន្លែង​ដែល​លោក​ត្រូវ​ធ្វើ​ទស្សនកិច្ច​មុនគេ។ ទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​អាមេរិក​ដែល​ធ្វើឡើង ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​អាមេរិក ជាមួយ​ប្រទេស​អាស៊ី​ដទៃ​ទៀត។ អាស៊ី​ដែល​អាមេរិក​បាន​យកធ្វើ​ជាតំបន់​យុទ្ធសាស្រ្ត​ការទូត និង​យោធា​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ចេះតែ​រីកឡើង ពីមួយ​ថ្ងៃ ទៅ​មួយថ្ងៃ។

លោក​ប្រធានាធិបតី អាមេរិក​ដើរ​ទស្សនា​វត្តភូ ក្នុងអំឡុង​ទស្សនកិច្ច​របស់​លោក​ក្នុង​​ប្រទេស​ថៃ នៅថ្ងៃ​ទី ១៨ វិច្ឆិកា​២០១២
លោក​ប្រធានាធិបតី អាមេរិក​ដើរ​ទស្សនា​វត្តភូ ក្នុងអំឡុង​ទស្សនកិច្ច​របស់​លោក​ក្នុង​​ប្រទេស​ថៃ នៅថ្ងៃ​ទី ១៨ វិច្ឆិកា​២០១២ ©REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រធានាធិបតី អាមេរិក​ត្រូវ​ធ្វើ​ទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ នៅអាស៊ី ប៉ុន្តែ ការជ្រើសរើស​យក​ថៃ ជា​ប្រទេស​ទីមួយ​សម្រាប់​លោក​ចុះចត​មុន​គេ បាន​បង្ហាញ​យ៉ាងច្បាស់​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​តម្លៃ​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏យូរ​អង្វែង​របស់​អាមេរិក​មួយនេះ។

នៅថ្ងៃ​អាទិត្យនេះ ទាហាន ប៉ូលិស​ថៃ និង​កងរក្សា​សន្តិសុខ​អាមេរិក រាប់ពាន់​នាក់ ត្រូវ​បាន​ពង្រាយ​ស្ទើរ​គ្រប់​ទីកន្លែង ក្នុងទីក្រុង​បាងកក ដើម្បី​ត្រៀម​រៀបចំ​ទទួល​លោក​បារ៉ាក់ អូបាម៉ា។ ថ្វីត្បិត​តែ លោក​បារ៉ាក់ អូបាម៉ា មាន​វត្តមាន​មួយ​ភ្លែត ដូចផ្លេក​បន្ទោរ​ក្នុង​ប្រទេស​ថៃ មុន​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា។ ប្រមុខដឹកនាំ​អាមេរិក​​នឹង​ឆ្លៀត​ទៅ​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​ថៃ ក្នុង​មន្ទីរពេទ្យ។ បន្ទាប់មកទៀត លោក​នឹង​ជួប​ពិភាក្សា និង​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្រ្តី​ថៃ យីងឡាក់ ស៊ីណាវ៉ាត។
 

លោក​អូបាម៉ា ទទួល​ដោយ​លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ យីងឡាក់
លោក​អូបាម៉ា ទទួល​ដោយ​លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ យីងឡាក់ ©REUTERS/Sukree Sukplang

តាមគម្រោង​របស់​សេតវិមាន ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​ថៃ ប្រមុខ​រដ្ឋាភិបាល​អាមេរិក​ចង់​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ពី​សហប្រតិបត្តិការ​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ ទាំងក្នុង​វិស័យ​សេដ្ឋកិច្ច និង​យោធា។ មេដឹកនាំ​ទាំងពីរ​នឹង​ផ្តោត​ផងដែរ​ទៅលើ​ការសហការ​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បណ្តាញ​ជួញដូរគ្រឿងញៀន និង​ក្រុមភេរវនិយម។

គួរដឹងថា ថៃ​ជា​ប្រទេស​បាន​ចុះ​សន្ធិសញ្ញា​ធ្វើ​ជា​ដៃគូ​យោធា​ដ៏សំខាន់​របស់​អាមេរិក នៅក្នុង​តំបន់ ចាប់តាំងពី​សង្រ្គាម​នៅឧបទ្វិប​កូរ៉េ។ ក្នុង​កែវភ្នែក​អាមេរិក ថៃ​ជាសម្ព័ន្ធ​មិត្ត​ប្រវត្តិសាស្រ្ត យុទ្ធសាស្រ្ត​របស់​អាមេរិក នៅតំបន់​អាស៊ី​អាគ្នេយ៍។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅប្រទេស​ថៃ នៅដើម​សប្តាហ៍នេះ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិកាំង លោក​Léon Panetta បាន​គូសបញ្ជាក់​ពីតួនាទី​ដឹកនាំគេ​នៅក្នុង​តំបន់​របស់​ប្រទេស​ថៃ។ ជាក់ស្តែង មូលដ្ឋាន​ទ័ព​ជើងអាកាស និង​កំពង់ផែ​របស់​ប្រទេស​ថៃ ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​កងទ័ព​អាមេរិកាំង​ប្រើប្រាស់។ រហូតមក មន្ទីរបញ្ចកោណ​អាមេរិក​តែងតែ​យក​ទីតាំង​យោធា​របស់​ថៃ ដើម្បី​ដឹកនាំ​ធ្វើ​សមយុទ្ធ​រួម ក្នុងនោះ​មានប្រតិបត្តិការ​ពស់វែក​មាស ដែល​មាន​ទាហាន​ជាង​១ម៉ឺន ៣ពាន់​នាក់​មក​ពី​ប្រទេស​ចំនួន ២៤​ចូលរួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ