អានតួអត្ថបទ

អាមេរិក​ចង់​បញ្ចៀស​ភាព​ប្រឈមនៅសមុទ្ទចិន​ខាង​ត្បូង ជំរុញ​ឱ្យហ្វីលីពីន​ចរចា​ជាមួយ​ចិន

ក្នុង​ខណៈ​ដែល​ចិន​បដិសេធ​មិន​ទទួល​ស្គាល់​សេចក្តី​សម្រេច​ចិត្ត​​របស់​តុលាការ​ក្រុង​ឡាអេ និង​ព្រមាន​អំពី​ហានិភ័យ​ប៉ះទង្គិច​​ដល់ទំនាក់ទំនង​​យោធា​​រវាង​ចិន-អាមេរិក ​លោក​ ចន​ឃែរី ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ពីទីក្រុង​ម៉ានីល ​ថា​ វ៉ាស៊ីនតោន ចង់​បញ្ចៀស​ឱ្យ​បាន​រាល់​ភាព​ប្រឈម​​មុខ​ដាក់​គ្នា នៅ​ក្នុង​ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង និងជំរុញ​ឱ្យ​ហ្វីលីពីន​ចូល​ចរចា​ជាមួយ​ចិន។

ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte និង​​លោក John Kerry (ឆ្វេង)  នៅ​ទីក្រុង​ម៉ានីល ថ្ងៃទី ២៧ កក្កដា២០១៦
ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte និង​​លោក John Kerry (ឆ្វេង) នៅ​ទីក្រុង​ម៉ានីល ថ្ងៃទី ២៧ កក្កដា២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាសរបស់​លោក​ឃែរី ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​ចូល​ជួប​សមភាគីហ្វីលីពីន​រួច។ ​សម្រាប់​លោក​ប្រមុខ​ការ​ទូត​អាមេរិក ប៉េកាំង​និង​ម៉ានីល​ត្រូវ​តែ​ចាប់​ផ្តើម​ចរចា​គ្នា​ដោះស្រាយជម្លោះ ពីព្រោះ​ថ្វីបើ​គ្រប់គ្នា​ត្រូវ​គោរព​សេចក្តី​សម្រេចចិត្ត​របស់​តុលាការ​ក្រុងឡាអេមែន ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ស្វែង​រក​ភាព​ប្រឈម​មុខ​ដាក់​គ្នា​ដែរ។

 

វ៉ាស៊ីនតោន​មើល​ឃើញ​សាលក្រម​របស់​តុលាការ​ឡាអេ ថា​ជា​ឱកាស​ដ៏​ប្រពៃ​សម្រាប់​គ្រប់​ប្រទេស​ជាប់​ជម្លោះ​ ផ្តើម​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​លោក ឃែរី ដោយ​ថែម​ទាំង​អះអាង​ថា អាមេរិក​សង្ឃឹម​បាន​ចូល​រួម​​ក្នុង​ដំណើរ​ការ​ចរចា​នោះ​ដើម្បី​បង្រួម​រង្វង់​ដែន​ទឹក​ជាប់​ជម្លោះ​ផង និង​ស្តារ​ក្រមប្រតិបត្តិ​ឡើង​វិញ​ផង ឬ​ឈាន​ដល់​ការ​កំណត់​វិធានដែល​អាច​ទទួល​យកដោយ​គ្រប់​ភាគី​ និង​ដោយ​មាន​ទំនុក​ចិត្ត។

វៀតណាម ម៉ាឡេស៊ី ព្រុយណេ តែវ៉ាន់ និង​ហ្វីលីពីន ឈ្លោះ​ជាមួយ​ចិន​ទាមទារ​ចំណែក​ខ្លះ​គ្រប់គ្រង​សមុទ្ទចិន​ខាង​ត្បូង​​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ក្រោម​ដី ប្រេង​កាត និងដែល​ជា​ផ្លូវ​ទឹក​​មាន​ចរាចរណ៍ដឹកជញ្ជូន​ទំហំ​ដល់​ទៅ ៤៥០០​លាន​ក្នុង​មួយ​ឆ្នាំៗ។ ​កាលពី​ថ្ងៃទី ១២​កក្កដា តុលាការ​ឡាអេ បាន​​កាត់​ក្តី​ឱ្យ​​ចិនចាញ់​​ តែ​ប៉េកាំង​មិន​ទទួល​ស្គាល់​ និង​ប្រកាស​មិន​គោរព​តាម​ទេ។

បើ​តាម​ប្រភព​ស្និទ្ធ​នឹង​ប្រមុខ​ការ​ទូត​អាមេរិក លោក ចន​ ឃែរី ដែល​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​អង្គារ​ ក្រោយ​ការ​បិទ​បញ្ចប់​វេទិកា​អាស៊ាន ក៏ត្រូវ​​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី លោក ឌុយទែតេដែរ ដើម្បី​លើក​ទឹកចិត្ត​​​ហ្វីលីពីនឱ្យ​​ប្រកាន់​យក​ជំហរ​ចរចា​ និង​បើក​ទំព័រ​ថ្មី​ជាមួយ​ចិន។

ក្រៅ​អំពី​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏​បាន​ឆ្លៀត​លើក​ឡើង​អំពី​ស្ថានភាព​​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន ដែល​មាន​ប្រវត្តិ​​ឆ្លង​កាត់​​អំពើ​ហិង្សា​ ឧក្រិដ្ឋ​ សម្លាប់​មនុស្ស​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ​ប្រឆាំង​ អ្នក​កាសែត​ ឬ​អ្នក​ប្រព្រឹត្ត​ខុស​ផ្សេងៗ។ គិត​ត្រឹម​ថ្ងៃ​ទី ៣០មិថុនា ថ្ងៃ​លោក​ឌុយទែតេ​ឡើង​កាន់​តំណែង​មក ប៉ូលិស​បានសម្លាប់​អ្នក​ជួញដូរ​គ្រឿង​ញៀន​អស់​ជាង​ពីរ​រយ​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ