ហ្វីលីពីន៖តើលោកប្រធានាធិបតីឌុយទែរតេកំពុងប្រើព្រួញមួយដើម្បីបាញ់សត្វពីរឬ?
នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃក្នុងប្រទេសចិន និងទើបបានត្រឡប់ដល់ទឹកដីកំណើតភ្លាម លោកប្រធានាធិបតីឌុយទែរតេបានថ្លែងពីជំហរបញ្ច្រាសវិញនៅថ្ងៃសៅរ៍ ទី២២ តុលានេះថា លោកមិនផ្តាច់ទំនាក់ទំនងជាមួយអាមេរិកទេ។ ការថ្លែងរបស់លោកឌុយទែរតេរបៀបនេះបានធ្វើឡើង ក្រោយពីលោកបានសំដែងចេញនូវកាយវិការ និងពាក្យសម្តីជាច្រើនប្រឆាំងអាមេរិកនារយៈពេលចុងក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០១
គឺពីទីក្រុងដាវ៉ាវស្ថិតប៉ែកខាងត្បូងហ្វីលីពីនដែលលោកឌុយទែរតេបានប្រកាសឲ្យដឹងភ្លាមៗនាថ្ងៃសៅរ៍ ទី២២ តុលានេះថា លោកមិនអាចកាត់ផ្តាច់ចំណងទាក់ទងជាមួយអាមេរិកបានទេ។ សម្រាប់លោកឌុយទែរតេ កាត់ផ្តាច់ចំណងទាក់ទងមានន័យស្មើនឹងកាត់ផ្តាច់ទំនាក់ទំនងផ្លូវទូតរវាងហ្វីលីពីន និងអាមេរិក។ លោកឌុយទែរតេបានពន្យល់ច្បាស់ៗថា លោកមិនអាចធ្វើអ៊ីចឹងទៅកើតទេ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រយោជន៍របស់ប្រទេសហ្វីលីពីន។
គួរជម្រាបជូនថា ការថ្លែងរបស់លោកឌុយទែរតេយ៉ាងដូចនេះបានផ្ទុយទាំងស្រុងនឹងអ្វីដែលលោកបានថ្លែងនារយៈពេលចុងក្រោយនេះ ពិសេសក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃក្នុងប្រទេសចិនដែលទើបបិទបញ្ចប់នៅថ្ងៃសុក្រ ទី២១ តុលា។ នៅក្នុងប្រទេសចិន លោកឌុយទែរតេបានប្រាប់ឲ្យដឹងពីការលែងលះគ្នាជាមួយអាមេរិកដើម្បីងាកមករឹតចំណងជាមួយចិន និងរុស្ស៊ីដើម្បីប្រឆាំងពិភពលោក។ នៅអាមេរិកឯណោះ ទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងខ្លឹមសារនៃការថ្លែងរបស់លោកឌុយទែរតេរបៀបនេះទេ តែចង់ឲ្យលោកឌុយទែរតេបំភ្លឺឲ្យបានច្បាស់បន្ថែមទៀត។
លោកចន គៀប៊ី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា អ្វីៗហាក់នៅស្រពិចស្រពិលចំពោះអាមេរិកនៅពេលដែលលោកឌុយទែរតេបាននិយាយពីការលែងលះជាមួយអាមេរិកនោះ។ សម្រាប់លោកចន គៀប៊ី អ្វីដែលលោកឌុយទែរតេបាននិយាយ គឺផ្ទុយស្រឡះនឹងការពិតដែលអាមេរិក និងហ្វីលីពីនកំពុងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នានៅលើគ្រប់វិស័យ។ គួររម្លឹកជូនថា តាំងពីអាមេរិកបានលូកដៃក្នុងយុទ្ធនាការសម្លាប់អ្នកជួញដូរគ្រឿងញៀនរបស់លោកឌុយទែរតេមក ប្រធានាធិបតីមាត់ដាចរូបនេះមិនញញើតនឹងជេរប្រមាថអាមេរិកដោយដៀលលោកអូបាម៉ាជាកូនមីសំផឹងទៀតផង។
តែយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានមើលឃើញជំហរឡប់ឡែរបស់លោកឌុយទែរតេពេលនេះថា ជាល្បិចនយោបាយព្រួញមួយបាញ់បានសត្វពីរ និងថា គ្មានថ្ងៃដែលសម្ព័ន្ធមិត្តហ្វីលីពីន អាមេរិកមានចំណាស់ ៧០ឆ្នាំអាចនឹងបាក់បែកបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ