អានតួអត្ថបទ

អូស្ត្រាលី​ផ្តល់​សច្ចាប័ន​លើ​​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស

ប្រទេស​អូស្រ្តាលី បាន​ផ្តល់​សច្ចាប័ន​ លើ​កិច្ចព្រមព្រៀងក្រុង​ប៉ារីស ស្តី​អំពី​អាកាសធាតុ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី នៅ​ថ្ងៃព្រហស្បតិ៍​នេះ។ ​អង្គការ​ការពារ​បរិស្ថាន​ ​​​Greenpeace បាន​ស្វាគមន៍ សេចក្តី​សម្រេច​នេះ ប៉ុន្តែ​នៅ​តែ​បន្ត​ដាក់​សម្ពាធ​​លើអូស្ត្រាលី​​ដដែល ដោយ​បង្ខំ​ប្រទេស​នេះ បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ហាមឃាត់​ការ​ប្រើប្រាស់​អណ្តូងរ៉ែ​ធ្យូងថ្ម​ថ្មីៗ​ទៀត។

អូស្ត្រាលី​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​COP21
អូស្ត្រាលី​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​COP21 ®RonMader
ផ្សាយពាណិជ្ជកម្ម

ជិត​មួយ​ឆ្នាំ​ហើយ ដែល​កិច្ចព្រមព្រៀង​​ថ្នាក់​ពិភពលោក​ដំបូង​ ស្តី​អំពី​អាកាសធាតុ​ បាន​កើត​ចេញ​ជា​រូប​រាង​នា​ឱកាស​សន្និសីទ​COP21 នៅ​ទីក្រុង​ប៉ារីស។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​សុក្រ។ ប៉ុន្តែ​អូស្ត្រាលី​ ទើប​បាន​សម្រេច​​ផ្តល់​សច្ចាប័ន​ នៅ​ថ្ងៃ​នេះ យឺត​យ៉ាវ​ជា​ប្រទេស​ដទៃ ក៏​ព្រោះ​តែ​​​អូស្ត្រាលីរវល់​​បោះឆ្នោត។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ លោក​នាយក​រដ្ឋមន្ត្រី​អូស្រ្តាលី បាន​បញ្ជាក់​អំពី​កម្មវត្ថុ​ដ៏​មាន​មហិច្ឆតា​ និង​ទំនួល​ខុសត្រូវ​របស់​អូស្ត្រាលី ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​ពី ២៦ទៅ ២៨% នៅ​ឆ្នាំ​២០៣០ បើ​ប្រៀប​ទៅ​នឹង​កំរិត​ឧស្ម័នពុល​នៅ​ឆ្នាំ​២០០៥។ ការ​ផ្តល់​សច្ចាប័ន​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​បរិស្ថាន មុន​នឹង​ធ្វើ​ដំណើរ​មក​ចូល​រួម​ក្នុង​​សន្និសីទ​ស្តី​អំពី​អាកាសធាតុ​លើក​ទី​២២ នៅ​ប្រទេស​ម៉ារ៉ុក ដែល​ត្រូវ​ពិភាក្សា​អំពី​ការ​ដាក់​ឱ្យ​ដំណើរ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។

អូស្ត្រាលី​ ​ប្រទេស​ធំ​ទូលាយ មាន​ប្រជាជន​រស់​នៅ​តិច បើ​ប្រៀប​ទៅ​នឹង​ផ្ទៃ​ដី​​ រស់​រំពឹង​ខ្លាំងណាស់នឹង​ថាមពល​ធ្យូងថ្ម ទើប​ត្រូវ​​ជាប់​ឈ្មោះ​ជា​សិស្ស​មិន​ល្អ បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​ច្រើន។

ការ​ផ្តល់​សច្ចាប័ន​នេះ បាន​ទទួល​ការ​ស្វាគមន៍​ខ្លាំង​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន ប៉ុន្តែ​ក្រុម​អង្គការ​ការពារ​បរិស្ថាននៅ​តែបន្ត​ដាក់​សម្អាធ​ខ្លាំង​លើ​រដ្ឋាភិបាល​កង់បេរ៉ា​ដដែល និង​​ទាមទារ​ឱ្យ​អូស្ត្រាលី បង្ហាញ​សកម្មភាព​ដោយ​ជាក់ស្តែង។ សម្រាប់​អង្គការ​Greenpeace អូស្ត្រាលី​មិន​អាច​បន្តអនុម័យ​គម្រោង​ថាមពល​ធ្យូងថ្ម​ថ្មី​ទៀត​បាន​ឡើយ​ អូស្ត្រាលី​ត្រូវ​តែ​ចេញ​បម្រាម​ហាមឃាត់​ឧស្សាហកម្ម​រ៉ែ​ធ្យូង​ថ្មីៗ​ទៀត ប្រសិន​បើ​សម្រេច​កម្មវត្ថុ​ដូច​បាន​សន្យា​ក្នុង​កិច្ចព្រមព្រៀង។ សូម​បញ្ជាក់​ថា អូស្ត្រាលី​​នាំ​ចេញ​ធ្យូងថ្ម​លំដាប់​លេខ​មួយ។ ថាមពល​ធ្យូង​ថ្ម​នេះ​មា​ន​គ្រោះ​ថ្នាក់​ និង​បំពុល​បរិយាកាស​ខ្លាំងណាស់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ