អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​ថៃយាង​រាជទាយាទ​ឡើង​គ្រងរាជ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នីតិវិធី​នៃ​ការ​ស្នង​រាជ្យ​នៅក្នុង​រាជាណាចក្រ​ថៃ បាន​ចាប់​ផ្តើម​ហើយ ដោយ​នៅ​​ថ្ងៃ​អង្គារ​ទី ២៩ វិច្ឆិកា នេះ សភា​ថៃ​បានកោះ​ប្រជុំ​និង​ប្រកាស​ ​ យាង​ព្រះ​អង្គ​ម្ចាស់​វជ្ជរ៉ាឡុងកន​ឱ្យ​ឡើង​គ្រង​រាជ្យ ជា​ផ្លូវការ​ ស្នង​តំណែង​បន្ត​ពី​ព្រះ​បិតាភូមិបុល ដែល​បាន​ចូល​ទិវង្គត​កាលពី​ថ្ងៃ​១៣​តុលា។ ព្រះ​អង្គម្ចាស់​វជ្ជរ៉ាឡុងកន​ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ នឹង​ត្រូវ​ទទួល​យល់​ព្រម​តាម​សំណើ​សភា​ នៅ​ថ្ងៃព្រហស្បតិ៍​ខាង​មុខ។ នៅ​ពេល​ឡើង​​គ្រងរាជ្យ​ ​ព្រះអង្គ​នឹង​មាន​ព្រះ​​នាម រ៉ាម៉ា ១០ និង​ក្លាយ​ជា​ស្តេច​ជំនាន់​ទី​១០​នៃ​រាជវង្ស​ចក្រី​ចំណាស់​២៣៤​ឆ្នាំ។

ព្រះ​អង្គ​ម្ចាស់ វជ្ជរ៉ាឡុងកន រាជទាយាទ​ដែល​សភា​ថៃ​យាង​ឱ្យ​ឡើង​គ្រង​រាជ្យ
ព្រះ​អង្គ​ម្ចាស់ វជ្ជរ៉ាឡុងកន រាជទាយាទ​ដែល​សភា​ថៃ​យាង​ឱ្យ​ឡើង​គ្រង​រាជ្យ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត ដំណើរការ​នីតិវិធី​ស្នង​រាជ្យ​​បាន​ចាប់ផ្តើម​​ហើយ ! ក្រុមប្រឹក្សា​រដ្ឋមន្ត្រី បាន​បញ្ជូន​ឈ្មោះ​រាជទាយាទ​ទៅ​ឱ្យ​សភា ដែល​ក៏​បាន​​​សម្រេចប្រកាស​យាងរាជទាយាទ​ព្រះអង្គម្ចាស់​វជ្ជរ៉ាឡុងកន ​ឱ្យ​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការដែរ។ តែ​​​មាន​ដំណាក់កាល​ចុងក្រោយ​មួយ​ទៀត គឺ​ សភា​ ត្រូវ​រង់ចាំ​សវនាការ​​ពី​រាជទាយាទ។ ​សភា​នឹង​អាច​បាន​ទទួល​ការព្រមព្រៀង​របស់​ព្រះអង្គ​ម្ចាស់​វជ្ជរ៉ាឡុងកន នៅ​ថ្ងៃពុធ​ឬ​ព្រហស្បតិ៍ នៅ​ពេល​ព្រះអង្គយាងពី​អាល្លឺម៉ង់ ត្រលប់​​ចូល​ប្រទេស​ថៃ​វិញ។ បន្ទាប់​មក ពិធី​ឡើង​គ្រងរាជ្យ នឹង​ត្រូវ​រៀប​ចំ​ឡើង នៅ​រវាង​មួយ​ឆ្នាំ​ទៀត ពោល​គឺក្រោយ​ពិធីបូជាសព​ព្រះ​មហាក្សត្រ​ភូមិបុល ដែល​បាន​ចូល​ទិវង្គត​កាលពី​ថ្ងៃទី ១៣​តុលា។

​អនាគត​ព្រះ​មហាក្សត្រ​គ្មាន​ប្រជាប្រិយភាព

បើ​គ្មាន​ហេតុការណ៍​ចៃដន្យ​ កើត​ឡើង​ខុស​ពី​ការ​គ្រោង​ទុកទេ នឹង​ទទួល​​ព្រះ​អង្គម្ចាស់​វជ្ជរ៉ាឡុងកន​ នឹង​ក្លាយ​ជា​ព្រះ​មហាក្សត្រ​​ថៃ ក្រោម​ព្រះ​នាម ព្រះ​រ៉ាម៉ា​១០។ ​ ​តាំង​ពី​ព្រលឹម​មក ​រដ្ឋាភិបាល​សឹក​ថៃ បាន​ប្រកាស​ស្វាគមន៍​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គម្ចាស់​ វជ្ជរ៉ាឡុងកន។ ចំណែក​ឯ​កសារ​ផ្លូវការ​ផ្សេងៗ មាន​សរសេរ​ឈ្មោះ​​ព្រះមហាក្សត្រ​​ថ្មី​ ជា​ស្រេច​ទៅ​ហើយ។

ប៉ុន្តែ​ព្រះ​មហាក្សត្រ​ថៃ​ថ្មី មាន​រនាំង​ឧសបគ្គ​កំពុង​​រង់ចាំ​ នោះគឺការ​​ទាក់ទាញ​ចិត្ត​ប្រជាពលរដ្ឋ​ និង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជានុរាស្ត្រ ឱ្យ​គោរព​ស្រលាញ់​ព្រះអង្គ​ ដូច​បិតា។ ព្រោះ​រាជទាយាទ​រូប​នេះ មាន​កិត្តិនាម​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ! អប្រជាប្រិយភាព ដោយ​សារ​តែ​មាន​ជីវិត​ឯកជន​ចម្រូង​ចម្រាស​ខ្លាំងផង និង​មាន​កាយវិការ​ បង្ហាញ​ពី​ភាព​មិន​ស្និទ្ធ​នឹង​ប្រជាពលរដ្ឋ​ទៀត។

ពុំ​សូវ​មាន​ទំនួល​ខុស​ត្រូវក្នុង​​រាជវាំង មិន​ដែល​បញ្ចេញ​ព្រះភក្តិ រស់​នៅ​អាល្លឺម៉ង់​ច្រើន​ជាង​​នៅក្នុង​ប្រទេស ពោល​គឺ​ផ្ទុយ​ស្រលះ​ពី​ឪពុក​ដែល​ពលរដ្ឋ​គោរព​ស្រលាញ់​ដូច​ព្រះ។ តាំង​ពី​​ ​ព្រះ​មហាក្សត្រ​ភូមិបុល​សោយទិវង្គត​ទៅ ព្រះអង្គ​មិន​ដែល​ថ្លែង​សារ​អ្វី​សូម្បី​តែ​មួយ​មាត់​ទៅ​កាន់​រាស្ត្រ ដែល​ត្រូវ​ការ​ចង់​ស្តាប់ ចង់​ឮ​ឡើយ។
 

ព្រះឆាយាលក្ខណ​ព្រះ​អង្គម្ចាស់ វជ្ជរ៉ាឡុងកន​ អនាគត​ព្រះមហាក្សត្រ​ថៃ ផ្តើម​ដាក់​លក់​នៅក្រុង​បាងកក
ព្រះឆាយាលក្ខណ​ព្រះ​អង្គម្ចាស់ វជ្ជរ៉ាឡុងកន​ អនាគត​ព្រះមហាក្សត្រ​ថៃ ផ្តើម​ដាក់​លក់​នៅក្រុង​បាងកក © Reuters

ក្រៅ​អំពី​នេះ​ ព្រះ​អង្គ​មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ជីវិត​ឯកជន​យ៉ាង​ច្រើន កាលពី​ប៉ុន្មាន​ខែ​មុន សារព័ត៌មាន​អាល្លឺម៉ង់​បាន​បង្ហោះ​រូប​ថត​ហ៊ឺហា​ ដ៏​អាស្រូវ​របស់​ព្រះ​អង្គ​ តែ​គ្មាន​សារព័ត៌មាន​ក្នុង​ស្រុក​ណា ហ៊ាន​ហើប​មាត់​និយាយ​ ឬ​បន្ត​បោះផ្សាយ​ក្នុង​ប្រព័ន្ធ​សង្គម​អ្វីទាំង​អស់ ដោយ​ខ្លាច​ជាប់​ទោស។ លែង​លះ​ជា​ច្រើន​ដង ! ការ​លែងលះ​លើក​ទីបីធ្លាក់មក​ជួន​ចំពេល​មហេសី​នោះ មាន​រឿង​អាស្រូវ​ពុក​រលួយ​ សមាជិក​ក្រុមគ្រួសារ​បើ​ឥទ្ធិពល​រាជវាំង​ដើម្បី​បាន​ចំណេញ​ហិរញ្ញវត្ថុ។

គ្រងរាជ្យ​ពី​ចម្ងាយ ?

មាន​ព្រះ​ជន្ម ៦៤​វស្សា ឆ្លង​កាត់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​អង់គ្លេស ថ្នាក់​ឧត្តម​ផ្នែក​យោធា​នៅ​អូស្ត្រាលី និង​មាន​តួនាទី​ជា​ឧត្តមសេនីយ៍​ដ៏​ខ្ពង់ខ្ពស់ តែ​ព្រះអង្គ​ចូលចិត្ត​បើក​យន្តហោះ​ឯកជន​ដើរ​លេងនៅ​ប្រទេស​អាល្លឺម៉ង់។ ក្រោយ​មរណភាព​របស់​បិតា ព្រះអង្គ​មិន​បាន​ប្តូរ​ទម្លាប់​និង​អត្តចរិក​ទេ ! អញ្ចឹង​ហើយ​បាន​ជា​អ្នកវិភាគ​នយោបាយ​ទាំង​ឡាយ​ គិត​ដូច​សោភ័ណ ព្រួយ​បារម្ភ​ថា ព្រះ​អង្គ​ព្រមឡើង​ដោយ​​រាជ្យ​ដើម្បី​​បង្គ្រប់​កិច្ច ធ្វើកិច្ចការ​ដែល​ចាំ​បាច់​និង​តិចតួច​បំផុត។

បើ​តាម​អ្នក​ឯកទេស​ថៃ​ប្រចាំ​ក្រុង​ប៉ារីស​ ព្រះអង្គ​ម្ចាស់​វជ្ជរ៉ាឡុងកន​ មិន​ចាប់​អារម្មណ៍​នឹង​នយោបាយ​ទេ ហើយ​ក៏​មិន​ខ្វល់​នឹង​ធ្វើ​តាម​រដ្ឋាភិបាល​ នូវ​រាល់​កិច្ចការ​ជា​ព្រះ​មហាក្សត្រ​ដែរ​។ ព្រះ​អង្គ​នឹង​ក្លាយ​ជា​ព្រះ​មហាក្សត្រ​ដែល​នៅ​ឆ្ងាយ​ពី​រាស្ត្រ ឆ្ងាយ​ទាំង​ចិត្ត​ ឆ្ងាយ​ទាំងកាយ​ ដោយ​ព្រះ​អង្គ​ទំនង​ជា​​​នឹង​គ្រង​រាជ្យ​ពី​ចម្ងាយ​ ដោយ​ទុក​ឱ្យ​បងប្អូន​ស្រីៗ​ជា​អ្នក​ប្រោះព្រំ​រាជវង្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ