អានតួអត្ថបទ
ថៃ

សភា​​ជាតិ​​ថៃ​​​ត្រៀម​​បើក​​សម័យ​ប្រជុំ​​ដើម្បី​​ជជែក​​ពី​​ការ​​ផ្ទេរ​​រាជ​បល្ល័ង្គ​​​​

សភា​ជាតិ​ថៃ ត្រូវ​ធ្វើការ​រួម​ប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ នៅ​ខណៈ​ពេល​ដែល​មាន​ពាក្យ​ចចាម​អារាម​ស្តីពី​ការ​ឡើង​សោយរាជ្យ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ​ថ្មី​នៃ​ប្រទេស​ថៃ។

ព្រះអង្គម្ចាស់​Maha Vajiralongkorn (ឆ្វេង​)និង​​ព្រះ​មាតា​​របស់​ទ្រង់ Sikirit នៅក្រុង​បាងកក​​ថ្ងៃ​ទី​៥​ធ្នូ​២០១០
ព្រះអង្គម្ចាស់​Maha Vajiralongkorn (ឆ្វេង​)និង​​ព្រះ​មាតា​​របស់​ទ្រង់ Sikirit នៅក្រុង​បាងកក​​ថ្ងៃ​ទី​៥​ធ្នូ​២០១០ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

លោក Pornpetch Wichitcholchai ប្រធាន​​នៃ​​រដ្ឋសភា​ជាតិ ដែល​មាន​​សមាសភាព​តែង​តាំង​ដោយ​របប​សឹក បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ រដ្ឋសភា​ថៃ​នឹង​ធ្វើការ​រួម​ប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ៍​ទី​២៩​វិច្ឆិកា​ខាង​មុខ​ តែ​លោក​បដិសេធ ​ពុំ​បញ្ជាក់​​ប្រាប់​​ពី​របៀប​វារៈ​​នៃ​សម័យ​ប្រជុំ​​នោះ​ឡើយ។

ក៏ប៉ុន្តែ​​នៅ​​ខណៈ​ពេល​ដែល​គេ​រំពឹង​ទុក​ថា ​ការ​ឡើង​គ្រង​រាជ្យ​បល្ល័ង​របស់​សេ្តច​ថ្មី​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ របៀប​វារៈ​នៃ​អង្គ​ប្រជុំ​នោះ  ​អាច​ជា​ច្បាប់​ថ្មី​មួយ ឬ​ក៏​ជា​ការ​អោយ​​សច្ចាប័ន​នៃ​សន្ធិសញ្ញា​និង​ក៏​ជា​បញ្ហា​បន្ទាន់​ផ្សេងៗ​ទៀត-នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​ប្រធាន​រដ្ឋសភា​​ទៅ​កាន់​អ្នក​កាសែត។

ម្យ៉ាង​ទៀត នៅ​ក្នុង​ពិធីការ គឺ​​រដ្ឋាភិបាល​យោធា ជា​អ្នក​ប្រគល់​ឈ្មោះ​របស់​ព្រះមហា​ក្សត្រ​​ថ្មី​​ជូន​ដល់​រដ្ឋ​សភា។​បន្ទាប់​មក ប្រធាន​រដ្ឋសភា​ត្រូវ​យាង​​ព្រះអង្គ​ម្ចាស់​ឡើង​សោយ​រាជ្យ​​និង​រួច​មក​លោក​ក៏​ត្រូវ​ប្រកាស​ថា​ព្រះអង្គ​ម្ចាស់​នេះ ជា​ព្រះមហាក្សត្រ​ថ្មី​តែម្តង។

ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​ពិធី​រៀបចំ​​ឡើង​គ្រង​រាជ្យសម្បត្តិ​​នេះ ​អាច​នឹង​រៀបចំ​ទៅ​បាន​ ក៏​យ៉ាង​ហោច​​នៅ​​ក្នុង​​​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ដែរ បន្ទាប់​ពី​ការ​បូជា​សព​របស់​បិតា​របស់​ព្រះអង្គ​​រួច​រាល់​ហើយ​។

សូម​បញ្ជាក់​ថា​ព្រះ​អង្គ​ម្ចាស់ មហា វេជ្ជរាឡុងកន ដែល​មាន​ព្រះជន្ម​៦៤​ព្រះវស្សា បាន​ធ្វើ​ដំណើរ​​យាង​មក​កាន់​ប្រទេស​ថៃ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី មុន​និង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​​វិញ​​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ អវត្ដមាន​នេះ​​និង​​ការ​ដែល​ព្រះអង្គ​បាន​ស្នើ​​ពេល​វេលា​​នៅ​​មុន​ពេល​សម្រេច​​ឡើង​សោយរាជ្យ​សម្បត្តិ​នេះ កាន់តែ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ទាំង​មូល​មាន​​ការ​​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ នៅ​ក្នុង​រយៈ​ពេល​រង់ចាំ​ការសម្រេចចិត្ត​របស់​ព្រះអង្គម្ចាស់​មហាវិជ្ជរាឡុងកន របប​សឹក បាន​សម្រេច​ជ្រើស​តាំង​លោក​ ព្រេមទីន​ស៊ូឡាណុន​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ អាយុ​៩៦​ឆ្នាំ អោយ​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​ស្តីទី។​

គួរ​កត់សម្គាល់ថា ថ្ងៃ​អង្គារ​ខាង​មុខ​នេះ គឺ​ជា​ទិវា​​ភក្ដីភាព​​របស់​ពលរដ្ឋ​ថៃថ្វាយ​ ចំពោះ​​ព្រះ​រាជា​របស់​ខ្លួន ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ទូ​ទាំង​ប្រទេស ​ដោយ​ ​មាន​ការ​​ចូល​រួម​ពី​សំណាក់​​ប្រជាពលរដ្ឋ​​ថៃ​​គ្រប់​ជាន់​ថ្នាក់ ចំនួន​រាប់​ម៉ឺន​នាក់ រួម​ទាំង​មន្រ្តី​រាជការ​បុគ្គលិក​ធនាគារ​ និស្សិត ក៏​ព្រម​ទាំង​​តារា​ទូរទស្សន៍​​ល្បីៗ​ឈ្មោះ​ក្នុង​ប្រទេស​ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ