អានតួអត្ថបទ
អាមេរិក-ចិន

ជនជាតិ​ចិន ៣នាក់​ជាប់ចោទ​ពី​បទ​ចូល​លួច​ព័ត៌មាន​តាម​អ៊ីនធ័រនែត​នៅ​ការិយាល័យ​មេធាវី​អាមេរិក

នៅ​សហរដ្ឋអាមេរិក រដ្ឋអាជ្ញា​ទីក្រុង​ញូយ៉ក​បាន​ធ្វើ​ការ​ចោទប្រកាន់​លើ​បុរស​ជនជាតិ​ចិន ៣នាក់​ពី​បាន​ចូលលួច​ព័ត៌មាន​តាម​អ៊ីនធ័រនែត​នៅ​ក្នុង​ការិយាល័យ​មេធាវី​មួយ​ចំនួន​ក្នុង​ទឹកដី​អាមេរិក។ ទង្វើ​នេះ​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន​ទាំង ៣នាក់​យក​បាន​ព័ត៌មាន​សម្ងាត់​មុន​មួយ​ចំនួន ហើយ​យក​ព័ត៌មាន​សម្ងាត់​ទាំង​នោះ​ទៅ​ប្រើ​ដើម្បី​ចំណេញ​លុយ​នៅ​ផ្សារ​ភាគហ៊ុន។ តាម​រដ្ឋអាជ្ញា​ក្រុង​ញូយ៉ក ជនជាតិ​ចិន​ទាំង ៣នាក់​ទទួល​បាន​ផល​ចំណេញ​ជិត ៤លានដុល្លារ។

ជនជាតិ​ចិន ៣នាក់​ជាប់ចោទ​ពី​បទ​ចូល​លួច​ព័ត៌មាន​តាម​អ៊ីនធ័រនែត​នៅ​ការិយាល័យ​មេធាវី​អាមេរិក
ជនជាតិ​ចិន ៣នាក់​ជាប់ចោទ​ពី​បទ​ចូល​លួច​ព័ត៌មាន​តាម​អ៊ីនធ័រនែត​នៅ​ការិយាល័យ​មេធាវី​អាមេរិក REUTERS/Pawel Kopczynski/File
ផ្សាយពាណិជ្ជកម្ម

ផ្ទាំងស៊ីប​របស់​ជនជាតិ​ចិន​ទាំង ៣រូប​នោះ គឺ​ការិយាល័យ​មេធាវី​ក្នុង​ទីក្រុង​ញូយ៉ក​ដែល​ទទួល​បន្ទុក​សំណុំរឿង​ជំនួញ​របស់​ក្រុមហ៊ុន​គ្រាក់ៗ​ក្នុង​ទឹកដី​អាមេរិកាំង។ នៅ​ក្នុង​ការិយាល័យ​មេធាវី​ទាំង​អស់​នោះ មាន​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​ដែល​ជនជាតិ​ចិន​ទាំង ៣នាក់​បាន​ចូល​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​លួច​យក​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន។ តុលាការ​អាមេរិកាំង​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​ឈ្មោះ​ការិយាល័យ​មេធាវី​ទាំង​ពីរ​នោះ​ទេ អ្វី​ដែល​គេ​ដឹង ការិយាល័យ​មេធាវី​ទាំង​ពីរ​មាន​ជំនាញ​ខាង​ទិញ លក់ និង​ខាង​ការ​រួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ធំៗ។

ជាមួយ​នឹង​ការ​ចូល​លួច​ព័ត៌មាន​សម្ងាត់​តាម​អ៊ីនធ័រនែត​ពី​ការិយាល័យ​មេធាវី​ទាំង​នេះ ចោរ​ជនជាតិ​ចិន​ទាំង ៣នាក់​ទទួល​បាន​ព័ត៌មាន​មុន​ទាក់ទង​នឹង​កិច្ចការ​ជំនួញ និង​គម្រោង​កិច្ចព្រមព្រៀង​ចំនួន ១២ ដែល​ក្រុមហ៊ុន ឬ​រោងចក្រ សហគ្រាស​ធំៗ​កំពុង​ធ្វើ។ គឺ​ផ្តើម​ចេញ​ពី​ព័ត៌មាន​សម្ងាត់​ទាំង​អស់​នេះ​ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​ចោរ​ជនជាតិ​ចិន​ទាំង ៣នាក់​ទិញ​ទុក​មុន​នូវ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ ឬ​ក្រុមហ៊ុន​នោះ​ក្នុង​តម្លៃថោក​ដើម្បី​លក់​ចេញ​វិញ​ក្នុង​តម្លៃ​ខ្ពស់។ តាម​រដ្ឋអាជ្ញា​ក្រុង​ញូយ៉ក ផលចំណេញ​ដែល​ចោទ​ជនជាតិ​ចិន​ទាំង ៣នាក់​ទទួល​បាន​មាន​ជិត ៤លានដុល្លារ។

រដ្ឋអាជ្ញា​ក្រុង​ញូយ៉ក​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ចោរ​ជនជាតិ​ចិន​ទាំង ៣នាក់​នោះ​មាន​ពីរ​នាក់​មាន​ដើមកំណើត​ក្នុង​ទីក្រុង​ម៉ាកាវ និង​ម្នាក់​មាន​ដើមកំណើត​ក្នុង​ទីក្រុង​ប៉េកាំង។ រហូត​មក​ដល់​ពេល​នេះ មាន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ហុងកុង​កាល​ពី​ថ្ងៃអាទិត្យ ទី២៦ ធ្នូ និង​ត្រូវ​បញ្ជូន​ទៅ​អាមេរិក​នា​ពេល​ឆាប់ៗ​ខាង​មុខ ចំណែក ២នាក់​ទៀត​កំពុង​ត្រូវ​បាន​រដ្ឋអំណាច​អាមេរិក​តាម​ចាប់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ