អានតួអត្ថបទ
អាមេរិក​-ប៉ាគីស្ថាន

ទស្សនកិច្ច​​​​លើក​​​តំបូង​​​បង្អស់​​​របស់​​​មេ​ដឹកនាំ​​​អាមេរិក​​ម្នាក់​​​ក្នុង​​រដ្ឋបាល​​លោក​​ ​Trump ​​នៅ​​ប៉ាគីស្ថាន​​

 លោក​ឧត្តមសេនីយ McMaster ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ ​បាន​ជួប​ប្រាស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Nawaf Sharif ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ​នាឱកាស​នៃ​​ដំណើរ​ទស្សនកិច្ច​ ជា​លើក​តំបូង​បង្អស់​​របស់​អ្នក​តំណាង​ជាន់​ខ្ពស់​មួយ​រូប​​នៃ​​រដ្ឋបាល​របស់​លោកប្រធានាធិបតី Donald Trump។  

លោក​​Donald Trump ធ្វើការបង្ហាញរូបលោកឧត្តមសេនីយ៍ឯក​​ H.R. McMaster (ឆ្វេង) ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​​នៅកន្លែង​ club របស់លោក​នៅ​ Mar-a-Lago នៅ​​រដ្ឋ​​​ Floride ថ្ងៃទី​​២០​កុម្ភៈ​២០១៧​
លោក​​Donald Trump ធ្វើការបង្ហាញរូបលោកឧត្តមសេនីយ៍ឯក​​ H.R. McMaster (ឆ្វេង) ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​​នៅកន្លែង​ club របស់លោក​នៅ​ Mar-a-Lago នៅ​​រដ្ឋ​​​ Floride ថ្ងៃទី​​២០​កុម្ភៈ​២០១៧​ Reuters / Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

នៅ​មុន​ពេល​អញ្ជើញ​ទៅ​ដល់​ប៉ាគីស្ថាន លោក​ឧត្តម​សេនីយ​អាមេរិក McMaster ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Kaboul​​ប្រទេស​អាហ្វហ្កានីស្ថាន។​នៅទីនោះ លោក McMaster បាន​លើក​ឡើង ថា​អាមេរិក​ត្រូវតែ​ប្រកាន់​​ជំហរ​យ៉ាង​​ម៉ឹង​ម៉ាត់​បំផុត​នៅ​ចំពោះ​មុខ​ប៉ាគីស្ថាន ដែល​ប្រទេស​ខ្លះៗ បាន​ចាត់​ទុក​ថា​​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​អាមេរិក​​ដែល​មិន​គួរ​អោយ​ទុក​ចិត្ត​ទាល់តែ​សោះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧត្តមសេនីយ McMaster នៅ​ទីក្រុង​កាប៊ូល​នេះ ត្រូវ​បាន​ប្រព្រឹត្ត​​ទៅ​តែ​​៤​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កងទ័ព​អាមេរិក​បាន​ធ្វើការ​ទម្លាក់​មេ​គ្រាប់បែក​មួយ​គ្រាប់​ប្រឆាំង​ទៅ​លើ​ទីតាំង​នានា​របស់​ក្រុម​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន។

យោងតាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំទីក្រុង​ Islamabad ​នៅ​​ប៉ាគីស្ថាន លោក​ឧត្តមសេនីយ McMaster បាន​ថ្លែង​សរសើរ​អំពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​និង​ប្រជាធិបតេយ្យ​របស់​ប៉ាគីស្ថាន​តែ​លោក​​ក៏​បាន​គួស​បញ្ជាក់​ផង​ដែរ​ថា ប៉ាគីសា្ថន ត្រូវតែ​ដោះស្រាយជា​ចាំបាច់​នៅ​លើ​បញ្ហា​អំពើ​ភេរវកម្ម​នានា​នៅ​ក្នុង​ប្រទេស។

 

តែ​ប៉ាគីស្ថាន​វិញ​ ​បាន​លើក​ឡើង​ថា លោក​ឧត្តមសេនីយ McMaster ថ្លែង​​ធានាអះអាង​ចំពោះ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ថា​រដ្ឋបាល​របស់​លោក Trump បាន​សន្យា​ថា​នឹង​នៅ​ធ្វើការ​ជាមួយ​ប៉ាគីស្ថាន​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​បាន​សម្រេច​នូវ​សុខ​សន្តិភាព​និង​ស្ថិរភាព​ទាំងនៅ​​អាហ្វហ្កានីស្ថាន​និង​ទាំងនៅ​​ប៉ាគីស្ថាន។

 

គួររំលឹកថា កងទ័ព​អាមេរិក បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​នៅ​អាហ្វហ្កានីស្ថាន​បន្ទាប់ពី​ការ​ផ្តួល​រលំ​របប​អ៊ីស្លាម​ជ្រុលនិយម​តាលីបង់​នៅ​ឆ្នាំ​២០០១​។ អាមេរិក​ដែល​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិការ​អូតង់​ មកទល់​ពេល​នេះ មាន​កងទ័ព​ខ្លួន​ចំនួន​៨ ៤០០​នាក់​នឹង​មាន​ជំនួយ​ទាហាន​ពី​ប្រទេស​សម្ព័ន្ធមិត្ត​​ចំនួន ៥០០០​នាក់​ថែម​ទៀត​ក្នុង​ប្រតិបត្តិការ​​ជួយ​គាំពារ​ដល់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នៅ​ខណៈពេល​ដែល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​ដើម្បី​ការ​ចរចា​សន្តិភាព​រវាង​ទីក្រុង​កាប៊ូល​និង​ចលនា​ឧទ្ទាម​តាលីបង់​ទំនង​ដូច​ជា​អស់​ផ្លូវ។

ក៏ប៉ុន្តែ​នៅ​ពេល​កិច្ច​សន្ទនា​ជាមួយ​បណ្តាញ​ទូទស្សន៍​អាហ្វហា្កនីស្ថាន លោក​ឧត្តមសេនីយ McMaster ក៏​ពុំបាន​លើក​បញ្ជាក់​ដែរ​ថា តើ​អាមេរិក​នឹង​ត្រូវ​បង្កើន​វត្តមាន​កងទ័ព​ខ្លួន​ដែរ​ឬ​ទេ​នៅ​ក្នុង​ប្រទេស​នេះ។ ចំពោះ​ប៉ាគីស្ថាន​វិញ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​សម្តែង​ការ​រិះគន់​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​នេះ​របស់​អាមេរិក​ដែល​ត្រូវ​គេ​ចោទ​ថា​បាន​ជួយ​ជា​សម្ងាត់ដល់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​និង​​ផ្តល់​ទីជំរក​ដល់​មេ​បណ្តាញអ៊ីស្លាម​អៃកៃដា​Ben Laden ​ដែល​ត្រូវ​កង​កុម្ម៉ងដូ​ពិសេស​អាមេរិក​បាញ់​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១១។

 

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប៉ាគីស្ថាន​នេះ លោក​ឧត្តមសេនីយ McMaster ​ត្រូវ​បាន​អម​ដំណើរ​ដោយ​​លោកស្រី Lisa Curtis ​​ជំនាញ​មួយ​រូប​ដែល​មាន​​ជំហរ​យ៉ាង​ម៉ឺងម័ត​នៅ​ចំពោះ​មុខ​ប្រទេស​ប៉ាគីស្ថាន។ ហើយ​យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក លោក ស្រី​ Lisa Curtis ​ប្រហែល​ជា​នឹង​ត្រូវ​ដឹកនាំ​នៅ​លើ​ផ្នែក​​អាស៊ី​ភាគខាង​ត្បូង​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក( NSC)​​អង្គការ​មួយ​ដែល​ជាអ្នក​ផ្តល់​ដំបូន្មាន​ផងដែរ​ដល់​វិមាន​ប្រធានាធិបតី​អាមេរិក៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ