អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

លោក ​​គឹម ជុងអ៊ុន​ ផ្អាក​​គម្រោង​​បាញ់​​មីស៊ីល​​សំដៅ​​ទៅ​កោះGuam ​អាមេរិក​ ​

ថ្ងៃអង្គារ​នេះ មេដឺកនាំ​កូរ៉េខាងជើង គឹម ជុងអ៊ុន បានបន្ទន់​ជំហរ​បន្តិច​មកវិញ ចំពោះ​អាមេរិក ដោយបាន​ប្រកាស​ផ្អាក​គំរោង​បាញ់​មីស៊ីល​សំដៅ​ទៅកោះGuam របស់​អាមេរិក នៅ​ប៉ាស៊ីហ្វិក។​ តែ​លោក​គឹម ជុងអ៊ុន​ មិនបាន​ភ្លេច​នឹង​ដាក់​លក្ខខណ្ឌ​​​​​ ជាថ្នូរ​នឹង​ការ​ផ្អាក​បាញ់​មីស៊ីល​នេះទេ ជាលក្ខខណ្ឌ​តម្រូវ​អោយ​អាមេរិក​ប្រយ័ត្ន​សកម្មភាព​របស់​ខ្លួនចំពោះ​កូរ៉េខាងជើង។​

លោក គឺម ជុងអ៊ុន
លោក គឺម ជុងអ៊ុន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

គម្រោង​​បាញ់​មីស៊ីល​​៤ដើម ​សំដៅ​ទៅកោះ Guam ​របស់​អាមេរិក​ នៅប៉ាស៊ីហ្វិក ត្រូវបាន​លោក​គឺម ជុងអ៊ុន​ ប្រកាស​ថា ផ្អាក​សិន ដោយ​រង់ចាំ​មើល​សកម្មភាព​របស់​អាមេរិក​។ មុននឹង​បញ្ជា​អោយ​កងទ័ព​កូរ៉េខាងជើង បាញ់​មីស៊ីល រឺ​ក៏​មិនបាញ់ លោក​គឺម ជុងអ៊ុន​បាន​គូសបញ្ជាក់​ទៅ​អាមេរិក​ថា​ លោក​នឹង​សង្កេត​​អត្តចរឹត​ដ៏ល្ងឹតល្ងង់​របស់​អាមេរិក​សិន។ បើ​អាមេរិក​រឹងរូស​ធ្វើសកម្មភាពគ្រោះថ្នាក់​ដល់ឧបទ្វីប​កូរ៉េ កូរ៉េខាងជើង​នឹង​ចាត់វិធានការ​ដែល​បាន​ប្រកាស​រួចមកហើយ​នេះ។​ អាមេរិក​ត្រូវ​សម្រេច​យកជម្រើស​ដែល​សមស្រប។

ក្រុមជំនាញ​មើលឃើញ​ថា ​លោក​គឺម ជុងអ៊ុន បាន​ប​ន្ទន់​ជំហរមកវិញ ចំពោះ​អាមេរិក ដែល​អាច​នឹង​ជួយ​អោយ​គេ​រកច្រកចេញ​ដោះស្រាយ​ស្ថានការណ៍​តានតឹង​ក្នុង​ឧបទ្វីប​កូរ៉េ។ ប៉ុន្តែ ការដែល​លោកគឺម ជុងអ៊ុន​ដាក់លក្ខខណ្ឌ​អោយ​អាមេរិ​កជ្រើសយក​ជម្រើស​សមស្រប អោយ​អាមេរិក​ប្រយ័ត្ន​ប្រយែង​នឹង​សកម្មភាព​របស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង​នេះ ក៏អាច​ចង់សំដៅ​ទៅលើ​សមយុទ្ធយោធា​ប្រចាំ​ឆ្នាំ​រវាង​អាមេរិ​កនិង​កូរ៉េខាងត្បូង​ ដែល​នឹង​ត្រូវ​បើកធ្វើ​ក្នុងពេល​ឆាប់ៗ​នេះដែរ។ សម្រាប់​កូរ៉េខាងជើង សមយុទ្ធ​នេះ ប្រៀបបាន​នឹង​ការត្រៀម​វាយលុក​​កូរ៉េខាងជើង​ដូច្នោះដែរ។

កូរ៉េខាងជើង​ធ្លាប់​បង្ហាញ​បំណង​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការផ្អាក​សមយុទ្ធ​យោធា​រវាង​អាមេរិកនិង​កូរ៉េខាងត្បូង​ដែរ ហើយ​ចិន​ក៏ធ្លាប់​ដាក់សំណើ​ដូច្នេះ​ដែរ ដើម្បី​កាត់បន្ថយ​ភាពតានតឹង​និង​រកដំណោះស្រាយវិបត្តិ។ ប៉ុន្តែ ក្រុងសេអ៊ូល និង​ក្រុងវ៉ាស៊ីនតោន​​​មិនព្រម។ ឥឡូវនេះ ក្រុងព្យុងយ៉ាងមាន​ផែនការ​បាញ់​មីស៊ីល​ទៅកោះ​ហ្គាំ ដើម្បី​បន្ថែម​សម្ពាធ​លើអាមេរិក​និង​ក្រុងសេអ៊ូល អោយ​គិតគូរ​ឡើងវិញ​សំណើ​នេះ។

​ស្ថានការណ៍​កាន់តែតានតឹង​ក្រោយកូរ៉េខាងជើង​បាញ់​មីស៊ីល​អន្តរទ្វីប២លើក ក្នុង​ខែ​កក្កដា​កន្លងទៅ ធ្វើអោយ​លោក​ដូណាល់ ត្រាំ ​ព្រមាន​ប្រែក្លាយ​កូរ៉េខាងជើង​អោយទៅ​ជា​ភ្លើង​និង​កំហឹង។ កងទ័ព​កូរ៉េខាងជើង​ក៏ប្រកាស​ផែនការ​បាញ់​មីស៊ីល៤ដើម ដំណាលគ្នា​តែម្តង​ឆ្ពោះ​ទៅកោះ​Guam ​អាមេរិក​។ ប៉ុន្តែ ពេលនេះ លោក​គឺម ជុងអ៊ុន​បានបន្ទន់​ជំហរ​មកវិញ ប្រហែល​​​ដើម្បី​កុំអោយ​ស្ថានការណ៍​កាន់តែ​ពិបាក​រកច្រកចេញ។ ព្រោះ​ចិនដែលជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​ក៏​លែងអាច​អត់ធ្មត់​បានទៀត ទើប​បាន​​ជា​ព្រម​អោយ​​អង្គការ​សហប្រជាជាតិ​បន្ថែមទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង។ ហើយ​ម្សិលមិញ​នេះ ចិន​បាន​ប្រកាស​ផ្អាក​នាំចូល​ដែក សំណ និង​ផលិតផល​គ្រឿងសមុទ្រ​ពី​កូរ៉េខាងជើង​ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ