អានតួអត្ថបទ

ប្រមុខ​ការទូត​អាមេរិក​ទៅ​ប៉ាគីស្ថាន ក្រោយ​ទស្សនកិច្ច​ឥត​ព្រាង​ទុក​នៅ​អាហ្វហ្កានីស្ថាន

បន្ទាប់​បាន​ស្តី​បន្ទោស ដល់​វេលា​ត្រូវ​លួង​លោម ! ម្សិលមិញ លោក Rex Tillerson បានចូល​បំពេញ​ទស្សនកិច្ច​មួយ​ភ្លែត នៅ​អាហ្វហ្កានីស្ថាន​ដែល​កំពុង​ញាំញី​​ដោយ​ភេរវកម្ម៧​ផ្ទួនគ្នា​ក្នុង​រយៈ​ពេលតែ​៥​ថ្ងៃ។ ​​នៅ​ថ្ងៃអង្គារ​ទី ២៤​តុលា​នេះ លោក​បាន​បន្ត​ដំណើរ​​ទៅ​ដល់​ ក្រុង​អ៊ីស្លាម៉ាបាដ​ ដើម្បី​សាក​ល្បង​បញ្ចុះ​បញ្ចូល​ ប្រទេស​ប៉ាគីស្ថាន​នេះ​ឱ្យ​សហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​សកម្ម​ ក្នុង​ប្រទេស​និង​នៅ​អាហ្វហ្កានីស្ថាន​ជិត​ខាង។

លោកTillerson អញ្ជើញ​ទៅ​ដល់​ប៉ាគីស្ថាន​ជា​លើក​ទី​មួយ
លោកTillerson អញ្ជើញ​ទៅ​ដល់​ប៉ាគីស្ថាន​ជា​លើក​ទី​មួយ REUTERS/Alex Brandon
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ចនៅ​ប៉ាគីស្ថាន​​លើកដំបូង​​របស់​​លោក Rex Tillerson ក្នុង​នាម​ជា​ប្រមុខ​ការទូត​អាមេរិក​ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​ដ៏​តាន​តឹង​បំផុត ព្រោះ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ទើបធ្វើ​​ចោទ​ប្រកាន់​​ប៉ាគីស្ថាន​ ថាស្ពឹក​ស្រពន់ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​​នឹង​ភេរវនិយម​ ​មាន​ពុតមុខ​ពីរ​ក្នុង​ដំណោះស្រាយ​​​​នៅ​អាហ្វហ្កានីស្ថានផង​ និង​ផ្តល់​ជម្រក​ឱ្យ​ពួក​ប្រដាប់​អាវុធផង។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ អាមេរិក​បាន​ផ្តល់​សំណាង​ជា​ថ្មី​ឱ្យ​ប៉ាគីស្ថាន​ ដោយ​ចង់​មាន​កិច្ច​សហប្រតិបត្តិការ​ស្អិត​ល្មួត​ជាមួយ​ប៉ាគីស្ថាន ដើម្បី​ស្ថិរភាព​ ទាំង​នៅ​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ផ្ទាល់​ តែ​ត្រូវ​មាន​លក្ខខណ្ឌ ! នេះ​ជា​ការ​ព្រមាន​របស់​ប្រមុខ​ការ​ទូត​អាមេរិក​បាន​ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន​ ត្រូវ​មាន​ទស្សនៈ​វិស័យ​​ច្បាស់​លាស់​ ស្តី​អំពី​ស្ថានភាព​ប្រឈម​បច្ចុប្បន្ន និង​អំពី​ចំនួន​ក្រុម​ភេរវនិយម​​ដែល​មក​សំងំ​ជ្រកកោន​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ អាមេរិក​បាន​ផ្តល់​សំណើ​ពិសេស​យ៉ាង​ច្បាស់​លាស់មួយ​ ទៅ​ប៉ាគីស្ថាន​ ឱ្យ​កាត់​បន្ថយ​ការ​គាំទ្រ​ពួក​តាលីបង់ និង​ក្រុមប្រដាប់ជ្រុលនិយម​ផ្សេង​ទៀត។

ប៉ាគីស្ថាន តែង​តែ​បដិសេធ​ជា​រហូត​មករាល់​ការ​ចោទ​ប្រកាន់​របស់​អាមេរិក និង​ចោទ​បក​ទៅ​អាមេរិក​វិញ​ថា​ធ្មេញ​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​ប៉ាគីស្ថាន ដែល​បាន​បាត់​បង់​ជីវិត​ពលរដ្ឋ​របស់​ខ្លួន​រាប់​ពាន់​នាក់។

សូម​បញ្ជាក់​ថា ម្សិលមិញ ដោយ​ឥត​ព្រាង​ទុក លោក​ប្រមុខ​ការ​ទូត​អាមេរិក បាន​ឆៀង​ចូល​ប្រទេស​អាហ្វហ្កានីស្ថាន ពីរ​បី ម៉ោង។ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក ហ្កានី នៅមូលដ្ឋាន​ទ័ព​អាមេរិក Bagram ដើម្បី​ជជែក​អំពីយុទ្ធសាស្ត្រ​ថ្មី​របស់​លោក ត្រាំ ​ដែល​គ្រោង​នឹង​បញ្ជូន​កម្លាំង​ទ័ព​ជំនួយ​បន្ថែម​៣ពាន់​នាក់ទៀត​ លើ​ចំនួន​ទ័ព​១១០០០​នាក់ នៅ​អាហ្វហ្កានីស្ថាន​ស្រាប់ សម្រាប់​គ្រប់គ្រង​និង​បំពាក់បំប៉ន​កង​ទ័ព​អាហ្វហ្កានីស្ថាន និង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេវនិយម។ បន្ទាប់​ពី​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន លោក​Tillerson ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌាជិត​ខាង​ទៀត​នៅ​ល្ងាច​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ