អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់ប្រារព្ធ​ពិធី​​អបអរ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា Gay Pride ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​

នៅតៃវ៉ាន់ ថ្ងៃសៅរ៍ទី​២៨តុលា មនុស្ស​រាប់ពាន់​​នាក់ បាន​នាំគ្នា​ចុះ​ផ្លូវ ដើរ​សម្តែង​មតិ និង​អបអរ​ពិធី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​គេ​និយម​ហៅថា Gay Pride។ នេះ​គឺជា​ការ​ជួប​ជុំ​អបអរអ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​អាស៊ី​​យ៉ាង​ធំបំផុត​ និង​ជា​ប្រវត្តិសាស្ត្រ​ថ្មីបន្ថែមទៀត បន្ទាប់ពី​តុលាការ​​តៃវ៉ាន់ អនុញ្ញាត​ឲ្យ​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​ អាច​រៀប​ការ​បាន នៅ​ពីរឆ្នាំខាង​មុខ​​។ ក៏ប៉ុន្តែ អ្នក​ចូលរួម​មួយ​ចំនួន​ បាន​លើកឡើង​ថា ពួក​គេ​មិន​អាច​រង់ចាំ​បាន​ទេ។

អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ចូលរួម​កម្មវិធី Gay Pride នៅ​តៃវ៉ាន់ ឆ្នាំ​២០១៧
អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ចូលរួម​កម្មវិធី Gay Pride នៅ​តៃវ៉ាន់ ឆ្នាំ​២០១៧ @Gay-Pride-tawain
ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​តៃប៉ិក អ្នក​ស្នេហា​ភេទដូចគ្នា ច្រើន​ពាន់​នាក់ បាននាំគ្នាដើរ​​គ្រវី​ទង់​ពណ៌​ឥន្ធនូ​ តំណាង​ឲ្យ​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា។ បុរស​មួយចំនួន ​តុប​តែង​ខ្លួនជានារី ស្លៀក​ឈុត​កូន​ក្រមុំ ហើយមនុស្ស​ប្រុសស្រី​ខ្លះទៀត ក៏​ស្លៀក​ពាក់​តាម​ទំនោរ​ភេទ​របស់​ខ្លួន​ ព្រម​ទាំង​​រាំច្រៀង​យ៉ាង​សប្បាយ​​រីករាយ​ចំពោះសិទ្ធិសេរីភាព​របស់​ពួក​គេ នៅក្នុង​ពិធី​Gay Pride​។ កម្មវិធី Gay Pride នេះ បាន​​កើត​ឡើង​ដំបូង​នៅ​ក្រុង New York សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩៦៩ ហើយ​ពីរឆ្នាំក្រោយ​មក គឺបាន​ប្រារព្ធ​​នៅ​ស្រុក​បារាំង ​ដែល​ធ្វើ​នៅរដ្ឋធានី​ប៉ារីស​តែ​ម្តង​។

ឆ្នាំ​២០១៧នេះ ​​តៃវ៉ាន់​ គឺជា​​ដែនដី​​អាស៊ី​​ទី​មួយ​​ដែល​​ទទួល​​ស្គាល់​​សិទ្ធិ​​អាពាហ៍ពិពាហ៍​​របស់​​អ្នក​​ស្រឡាញ់​​ភេទ​​ដូចគ្នា​។​ ចៅក្រម​ក្រុមប្រឹក្សា​ធម្មនុញ្ញ​របស់តៃវ៉ាន់ កាល​ពី​ខែ​ឧសភា កន្លងទៅនេះ បាន​​សម្រេចចិត្ត​​ជា​ប្រវត្តិសាស្ត្រ​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​អាពាហ៍ពិពាហ៍ ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​បានទុក​រយៈ​ពេល​២ឆ្នាំទៀត​ ដើម្បី​ឲ្យរដ្ឋាភិបាល​ទីក្រុង​តៃប៉ិក ធ្វើ​កំណែទម្រង់ក្រម​រដ្ឋប្បវេណី ឬ​ច្បាប់ស្តីពី​អាពាហ៌ពិពាហ៍​និងគ្រួសារ​​​។

​ទោះបី​ជា​យ៉ាង​នេះក្តី​​ ពី​ម្សិលមិញ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​ច្រើននាក់​​ បា​ន​សម្តែង​​មតិ​ថា ពីរ​ឆ្នាំ វា​យូរ​ពេក​ណាស់ ពួក​គេ​មិន​អាច​រង់​ចាំ​បាន​ទេ។​​ ហើយ​អ្នក​ខ្លះ​ទៀត លើកឡើង​ថា ពួក​គេ​ខំធ្វើ​ការ និង​បំពេញ​កាតព្វ​កិច្ច​បង់​ពន្ធ​ដូច​គូ​ស្វាមី​ភរិយា​ផ្សេង​ទៀត​​​ដែរ ចុះ​ហេតុអ្វី បាន​ជា​ពួក​គេ​មិនទាន់​មាន​សិទ្ធិពេញ​មុខពេញ​​មាត់​ រៀបការ​ជាមួយ​គ្នា​បាន?​

សូមរម្លឹក​ដែរ​ថា កាល​ពី​ខែ​មុននេះ នារីតៃវ៉ាន់​ពីរ​នាក់ ដែល​ជាសកម្មជន​ការពារសិទ្ធមនុស្ស​ផង ត្រូវ​តុលាការ​រដ្ឋបាល​ក្រុង​តៃប៉ិក បា​នច្រាន​​ចោល​សំណើ​សុំ​រៀប​ការ​ភេទ​ដូចគ្នា ដោយ​សំអាង​ថា ច្បាប់​នៅ​មិន​ទាន់​បានធ្វើ​​កែទម្រង់​រួច​រាល់​​នៅឡើយ គឺត្រូវរង់​​ចាំ​ជិត​២ឆ្នាំទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ