អានតួអត្ថបទ
នេប៉ាល់

នេប៉ាល់​រៀបចំ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ក្តីសង្ឃឹម​បិទ​ទំព័រ​​អស្ថិរភាព​នយោបាយ

នៅ​ថ្ងៃ​អាទិត្យ ទី២៦ វិច្ឆិកា​នេះ ប្រទេស​នេប៉ាល់​បាន​ផ្តើម​រៀបចំ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិកសភាជាតិ និង​សមាជិកសភាខេត្ត។ ការ​រៀបចំ​បោះឆ្នោត​នេះ​ត្រូវ​រៀបចំ​ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ទី១ នៅ​ថ្ងៃ​នេះ​សម្រាប់​ប្រជាជន​រស់​នៅ​ប៉ែកខាងជើង និង​ដំណាក់កាល​ទី២ នៅ​ថ្ងៃទី៧ ធ្នូ​ខាង​មុខ​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ប៉ែកខាងត្បូង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​រៀបចំ​បោះឆ្នោត​ជា​ប្រវតិ្តសាស្រ្ត​ពេល​នេះ​បាន​ធ្វើ​ឡើង ១០ឆ្នាំ​ក្រោយ​ពី​ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិល និង​ចំ​ពេល​ដែល​នេប៉ាល់​កំពុង​ស្គាល់​អស្ថិរភាព​នយោបាយ។

ស្រ្តីនេប៉ាល់​ម្នាក់​កំពុង​ទម្លាក់​សន្លឹកឆ្នោត​ក្នុង​ហិបឆ្នោត ថ្ងៃទី២៦ វិច្ឆិកា ២០១៧
ស្រ្តីនេប៉ាល់​ម្នាក់​កំពុង​ទម្លាក់​សន្លឹកឆ្នោត​ក្នុង​ហិបឆ្នោត ថ្ងៃទី២៦ វិច្ឆិកា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ១០ឆ្នាំ ពោល​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០៦ ប្រទេស​នេប៉ាល់​បាន​ស្គាល់​ភាព​ញាំញី​នៃ​ការ​តស៊ូ​ប្រដាប់​អាវុធ​ពី​ក្រុម​ឧទ្ទាម​ម៉ៅនិយម​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៧ ០០០នាក់។ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ក្រុម​ឧទ្ទាម​ម៉ៅនិយម និង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០០៦ មក ក៏​ជា​ការ​បិទបញ្ចប់​របប​រាជានិយម​ក្នុង​ឆ្នាំ ២០០៨ ដោយ​ដោយ​ដាក់​ជំនួស​របប​សាធារណរដ្ឋ​វិញ។ តែ​បញ្ហា​នៅ​ត្រង់​ថា សម័យកាល​អន្តរកាល​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ស្គាល់​ភាព​វឹកវរ​នយោបាយ​យ៉ាង​ខ្លាំង។ គ្រាន់​តែ​ក្នុង​រយៈពេល ១១ឆ្នាំ​ចុង​ក្រោយ​នេះ នេប៉ាល់​មាន​ការ​ផ្លាស់ប្តូរ​រូប​នាយករដ្ឋមន្រ្តី​ដល់​ទៅ ១០នាក់។

តាំង​ពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាមស៊ីវិល​មក នេះ​ជា​លើកទី១ ដែល​នេប៉ាល់​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភាជាតិ និង​សមាជិកសភាខេត្ត​ដែល​មាន​គណបក្ស​នយោបាយ​ចំនួន ៣​ចូលរួម គឺ​គណបក្ស​សមាជនេប៉ាល់ គណបក្ស​សង្គមប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច និង​គណបក្ស​ម៉ៅនិយម​ដែល​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អតីត​ឧទ្ទាម​ម៉ៅនិយម និង​គណបក្ស​កុម្មុយនិស្ត។ ការ​រៀបចំ​បោះឆ្នោត​ពេល​នេះ​បាន​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​អនុម័ត​កាល​ពី​ឆ្នាំ ២០១៥។

ផ្អែក​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ ២០១៥ អំណាច​នឹង​លែង​ប្រមូល​ផ្តុំ​តែ​ក្នុង​ដៃ​រដ្ឋាភិបាល​កណ្តាល​ទៀត​ឡើយ តែ​នឹង​ប្រគល់​ទៅ​ឲ្យ​ខេត្ត​ទាំង ៧ របស់​ប្រទេស។ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ មាន​បេក្ខជន​ឈរ​ឈ្មោះ​ជាង ៦ ០០០នាក់ ហើយ​ប្រជាជន​នេប៉ាល់​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភាជាតិ​ថ្មី​ចំនួន ២៧៥នាក់​សម្រាប់​រដ្ឋសភា​សហព័ន្ធ និង​សមាជិក​សភាខេត្ត​ចំនួន ៥៥០នាក់។ ប្រជាជន​នេប៉ាល់​ទូទៅ​សង្ឃឹម​ថា ការ​បោះឆ្នោត​ពេល​នេះ​អាច​នឹង​ឈាន​ទៅ​បិទបញ្ចប់​អស្ថិរភាព​នយោបាយ​ដែល​នេប៉ាល់​បាន​ស្គាល់​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិល និង​ការ​ដួលរលំ​នៃ​របប​រាជានិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ