អានតួអត្ថបទ
កូរ៉េខាងជើង អាមេរិក

នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អង្គការសហប្រជាជាតិ កូរ៉េខាងជើង​ចោទ​អាមេរិក​ពី​បទ​គំរាមកំហែង​នុយក្លេអ៊ែរ

នៅ​ថ្ងៃ​សៅរ៍ ទី៩ ធ្នូ​នេះ លោក Jeffrey Feltman អគ្គលេខាធិការរង​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​បាន​ត្រឡប់​ទៅ​ដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​ក្នុង​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង។ ក្រោយ​ការ​ចាក​ចេញ​របស់​លោក Feltman កូរ៉េខាងជើង​បាន​ចោទ​អាមេរិក​ពី​បទ​គំរាមកំហែង​នុយក្លេអ៊ែរ​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អង្គការ​សហប្រជាជាតិ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA ចេញ​ផ្សាយ​ថ្ងៃ​នេះ។

លោក Jeffrey Feltman អគ្គលេខាធិការរង​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​នយោបាយ និង​លោករី ជុងហូ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ ថ្ងៃទី៧ ធ្នូ ២០១៧
លោក Jeffrey Feltman អគ្គលេខាធិការរង​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​នយោបាយ និង​លោករី ជុងហូ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ ថ្ងៃទី៧ ធ្នូ ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ចប់​ហើយ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​របស់​លោក Jeffrey Feltman នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក Feltman ក្នុង​នាម​ជា​អគ្គលេខាធិការរង​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​នយោបាយ គឺ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង លោក Feltman បាន​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្រ្តី និង​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង​លោក​រី ជុងហូ និង​លោក​ប៉ាក់ យ៉ុង គុគ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA។

តាម KCNA ភាគី​កូរ៉េខាងជើង​បាន​និយាយ​ប្រាប់​លោក Feltman នៅ​ក្នុង​កិច្ចសន្ទនា​នោះ​ថា គឺ​នយោបាយ​អរិភាព​របស់​អាមេរិក​ចំពោះ​កូរ៉េខាងជើង និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​អាមេរិក ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​ស្ថានការណ៍​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន។ ទន្ទឹម​គ្នា​នេះ KCNA ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្រុង​ព្យុងយ៉ាង​បាន​ព្រមព្រៀង​ជាមួយ​ភាគី​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជា​ប្រចាំ​នៅ​រាល់​ទស្សនកិច្ច​គ្រប់កម្រិត​ទាំង​អស់។ តែ KCNA មិន​បាន​បញ្ជាក់​ទេ​ថា តើ​មាន ឬ​មិន​មាន​ជំនួប​រវាង​លោក Feltman និង​មនុស្សខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។

សូម​ជម្រាប​ជូន​ថា នេះ​ជា​លើក​ទី១ គិត​តាំង​ពី​ឆ្នាំ ២០១០ ដែល​មាន​មន្រ្តីជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ម្នាក់​ថ្នាក់​អគ្គលេខាធិការរង​បាន​បំពេញ​ទស្សកិច្ច​ក្នុង​ទឹកដី​កូរ៉េខាងជើង។ ម្យ៉ាង​ទៀត ទស្សកិច្ច​នេះ​បាន​ធ្វើ​ឡើង ១សប្តាហ៍​បន្ទាប់​ពី​របប​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក និង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ផ្លូវអាកាស​ដ៏​ធំ​មិន​ធ្លាប់​មាន។ ទីភ្នាក់ងារ KCNA បាន​រម្លឹក​ជា​ថ្មី​អំពី​ជំហរ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​យល់​ឃើញ​ថា សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ គឺ​ជា​ឆន្ទៈ​ដើម្បី​រៀបចំ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​លើ​កូរ៉េខាងជើង។

ដោយឡែក លោក Feltman បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍ ទី៩ ធ្នូ​នេះ តែ​នៅ​ចំពោះ​វត្តមាន​ហ្វូង​អ្នកកាសែត​នា​អាកាសយានដ្ឋាន លោក​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​អ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ