អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​​សហប្រជាជាតិ​​បញ្ចូល​​​នាវា​​កូរ៉េខាងជើង​​៤គ្រឿង​​ក្នុង​​បញ្ជី​ខ្មៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍​ម្សិលមិញ អង្គការ​សហប្រជាជាតិ​បាន​បញ្ចូល​​​នាវា​កូរ៉េខាងជើង​​៤គ្រឿង​ថែមទៀត ក្នុង​បញ្ជីខ្មៅ ក្នុង​​ក្របខណ្ឌ​ទណ្ឌកម្ម​​​ទៅលើ​នុយក្លេអ៊ែរ​​កូរ៉េខាងជើង។ ទន្ទឹមនេះដែរ សហរដ្ឋ​អាមេរិក​​​បានចោទ​ថា ចិន​លក់ប្រេង​អោយ​កូរ៉េខាងជើង​បំពាន​ទណ្ឌកម្ម​អង្គការ​សហ​ប្រជាជាតិ។ ថ្ងៃសុក្រ​​នេះ រដ្ឋាភិបាល​ចិន​បាន​ទាត់ចោល​ការ​ចោទ​ប្រកាន់​​របស់​អាមេរិក។

ក្រុមប្រឹក្សា​សន្តិុសុខ​អង្គការ​សហប្រជាជាតិ
ក្រុមប្រឹក្សា​សន្តិុសុខ​អង្គការ​សហប្រជាជាតិ REUTERS/Amr Alfiky
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ដាក់សំណើ​បញ្ចូល​នាវា​១០គ្រឿង​ក្នុង​បញ្ជី​ខ្មៅ​

ទាក់ទងទណ្ឌកម្ម​លើ​នុយក្លេអ៊ែរ​​កូរ៉េខាងជើង អាមេរិកបាន​​ស្នើ​អោយ​ដាក់បញ្ចូល​​នាវា​ទាំងអស់​​១០គ្រឿង​ ​ចូល​បញ្ជី​ខ្មៅ មិនអោយ​​ចុះចតនៅ​តាម​រាល់​​កំពង់ផែ​អន្តរជាតិ។ អង្គការ​សហប្រជាជាតិ​​បាន​ដាក់ទណ្ឌកម្ម​តែ​លើនាវា​​៤គ្រឿង​ប៉ុណ្ណោះ ព្រោះ​ចិន​បាន​ជំទាស់​​មិនអោយ​៦គ្រឿងទៀត មានឈ្មោះ​ក្នុង​បញ្ជី​ខ្មៅទេ។ ​

​នាវា​៤គ្រឿង​ដែល​អង្គការ​សហប្រជាជាតិ​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ ថ្ងៃព្រហស្បតិ៍ ​ម្សិលមិញ​នេះ ជា​នាវា​របស់​កូរ៉េខាងជើង។ នាវា​ទាំង៤គ្រឿង​ជាប់សង្ស័យ​ថា ដឺកទំនិញ​​បំពាន​លើ​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។ ដូច្នេះ ការបញ្ចូល​នាវា​កូរ៉េខាងជើង​ក្នុង​បញ្ជីខ្មៅ មិនពិបាក​ទេ ព្រោះវា​ជា​​កម្មសិទ្ធិ​របស់​កូរ៉េខាងជើង។ ប៉ុន្តែ នាវា​៦គ្រឿងទៀតនោះ មិនមែន​ជា​របស់​កូរ៉េខាងជើង​ទេ វា​ជានាវា​ដោត​ទង់ជាតិ​ប្រទេស​ផ្សេងទៀត គឺ​ដោតទង់​ជាតិ​ចិន ហុងកុង ​ប៉ាឡូ បេលីហ្ស រឺ​ក៏​ប៉ាណាម៉ា​ជាដើម។

ចិន​បាន​ជំទាស់​មិនអោយ​បញ្ជូល​នាវា​៦គ្រឿងនេះ ក្នុង​បញ្ជីខ្មៅទេ ព្រោះ​​ចិន​បដិសេធ​ថា គ្មានកប៉ាល់ចិន រឺ​ក៏​ក្រុមហ៊ុន​ចិន​ណាមួយ​ដឺកទំនិញ​រកស៊ី​ជាមួយ​កូរ៉េខាងជើង ​បំពាន​ទណ្ឌកម្ម​អង្គការ​សហ​ប្រជាជាតិ​​ទេ។ អញ្ចឺងហើយ ទើប​បានជា​អង្គការ​សហប្រជាជាតិ​មិន​អាច​បញ្ចូល​ឈ្មោះ​កប៉ាល់​ទាំង​៦គ្រឿងនេះ ក្នុង​បញ្ជី​ខ្មៅ តាមសំណើ​អាមេរិក​បាន។ ទោះយ៉ាង​នេះ​ក្តី ក៏​និតិវិធី​នៅតែ​បើកចំហ​ ទាក់ទង​នឹង​ការ​បញ្ចូល​កប៉ាល់​ទាំង៦គ្រឿង​នេះ ក្នុង​បញ្ជីខ្មៅ។

ថ្ងៃសុក្រ​នេះ រដ្ឋាភិបា​លចិន​បាន​ចេញមុខ​ទាត់ចោល​ការ​ចោទប្រកាន់​របស់​អាមេរិក ដែល​ថា ចិន​រកស៊ី​លក់ប្រេង​អោយ​កូរ៉េខាងជើង បំពាន​​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ។​ យោងតាម​ចិន​ ការដែល​អាមេរិក​បំផ្លើសរឿងទាំងនេះ​​​តាម​សារព័ត៌មាន​ មិនបាន​ពង្រឹង​ទំនុកចិត្ត​និង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​នោះទេ។ ​​ ​

អាមេរិក​ប្រាប់ថា មានព័ត៌មាន​ថា កប៉ាល់​​ចិន​លក់ប្រេង​អោយ​កូរ៉េខាងជើង​

ម្សិលមិញ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​មួយរូប​បាន​លើកឡើង​ថា ​អាមេរិក​មាន​ព័ត៌មាន​ជាច្រើន​បង្ហាញពី​សកម្មភាព​រកស៊ី​ប្រេង​ បញ្ចេញ​ប្រេង​ពី​កប៉ាល់​​ផ្សេងៗ​ទៅអោយ​កប៉ាល់​កូរ៉េ​ខាងជើង។ ហើយ​ក៏មានព័ត៌មាន​ពី​​​ការដឹក​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​​មកដែរ។ ​កប៉ាល់​រកស៊ី​ទាំងអស់នេះ បើតាម​អាមេរិក​ ជា​កម្មសិទ្ធិរបស់​​​​ក្រុមហ៊ុន​របស់​ប្រទេស​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ចិ​នផងដែរ។ មានន័យថា ចិន​នៅតែ​បន្ត​ផ្តោះប្តូររកស៊ី​ជាមួយ​កូរ៉េខាងជើង។ មន្ត្រី​អាមេរិក​​នៅតែ​បន្ត​សុំអោយ​​គ្រប់ដៃគូ​អាមេរិក​ ដាក់សម្ពាធ​លើ​កូរ៉េខាងជើង ដើម្បី​ជំរុញ​កូរ៉េខាងជើង​អោយ​ចូល​តុ​ចរចា។

ម្សិលមិញ​នេះដែរ លោកដូណាល់ ត្រាំ លើកឡើង​ថា លោក​ខកចិត្ត​ខ្លាំងណាស់​ដែល​ចិន​បណ្តោយ​អោយ​មានការ​នាំចេញ​ប្រេង​ទៅអោយ​កូរ៉េខាងជើង។ លោក​ត្រាំ ថា​បើ​នៅតែ​បន្ត​​ដូច្នេះទៀត គឺគ្មាន​ដំណោះស្រាយ​មិត្តភាព​អ្វី​ទាក់ទង​នឹង​បញ្ហា​​កូរ៉េខាងជើង​ទេ។ មួយរយៈ​ចុងក្រោយ​នេះ អាមេរិក​សប្បាយចិត្ត​ដែល​នៅ​អង្គការ​សហប្រជាជាតិ ​ចិនជា​ដៃគូ​កូរ៉េខាងជើង​មែន តែ​ចិន​​មិនបាន​ជំទាស់​ការ​ដាក់​ទណ្ឌកម្ម​លើកូរ៉េខាងជើង។ ឆ្នាំ២០១៧​នេះ អង្គការ​សហប្រជាជាតិ​បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុងព្យុងយ៉ាង​ដល់ទៅ​៣លើក ហើយ​មួយលើកៗ​តែងធ្ងន់ជាងមុន​ទៅទៀត។ ទណ្ឌកម្ម​លើក​ចុងក្រោយ​ គឺ​សម្រេចឡើង​កាលពី​ថ្ងៃ​២២ធ្នូ កន្លងទៅ។ ចិន​មិនបាន​ជំទាស់​ទេ តែ​ឥឡូវនេះ លោកដូណាល់ ​​ត្រាំ លើកឡើង​​ថា ​ពេល​​លឺរឿង​ប្រេងនេះ ​លោក​មិនសប្បាយចិត្ត​ទេ។

ថ្ងៃនេះ​ ក្រសួងការបរទេស​ចិន​​បដិសេធ​ការចោទ​ប្រកាន់​របស់​អាមេរិ​ក​ទាំងស្រុង​ថា ព័ត៌មានដែលថា​កប៉ាល់ចិន​លក់ប្រេង​អោយ​កប៉ាល់​កូរ៉េខាងជើង​នោះ គឺ​ខុសទាំងស្រុង ​ព្រោះថា ចិន​មិនអនុញ្ញាត​អោយ​ពលរដ្ឋ​រឺក៏ក្រុមហ៊ុន​ចិន​ណាមួយ​បំពាន​លើ​សេចក្តីសម្រេច​​​អង្គការ​សហប្រជាជាតិ​ដាច់ខាត។ ​​

ទាក់ទង​នឹង​ការចោទប្រកាន់​ទៅលើ​ចិន​នេះ កាលពី​ខែ​វិច្ឆិកា​ កូរ៉េខាងត្បូង​ក៏ធ្លាប់​លើកឡើង​ដែរថា​បាន​ចាប់បាន​កប៉ាល់​ដោតទង់​ហុងកុងមួយគ្រឿង។ កប៉ាល់​នេះ​ទំនង​ជា​ផ្ទេរផលិតផល​ប្រេង​ទៅអោយ​​​កប៉ាល់​កូរ៉េខាងជើង។

ការដោតទង់ជាតិ​ប្រទេស​ណាមួយ​លើ​កប៉ាល់ទំនិញ មិនអាច​យក​ជាការបាន

​ចិន​ជំទាស់​ មិនអោយ​​អង្គការ​សហប្រជាជាតិ​ចុះឈ្មោះ​កប៉ាល់​៦គ្រឿង​ផ្សេងទៀត ដែល​អាមេរិក​ស្នើ​មកនោះ ក្នុង​បញ្ជី​ខ្មៅ​។ ការ​ដោតទង់ជាតិប្រទេស​ណាមួយ​ លើ​​កប៉ាល់​ទំនិញ មិនអាច​បញ្ជាក់ថា កប៉ាល់ទំនិញនោះ​​ជា​កម្មសិទ្ធិ​ប្រទេស​នោះទេ ព្រោះថា ​បើ​មាន​កប៉ាល់​ល្មើស​ណាមួយ​រកស៊ីខុសច្បាប់ ជនល្មើស​​ជាម្ចាស់​កប៉ាល់ ​​គ្រាន់តែ​ដោតទង់​ជាតិ​ចិន រឺ​ទង់ជាតិ​ប្រទេស​ណាមួយ​លើ​កប៉ាល់នោះទៅ​ ជាការ​ស្រេច។

កន្លងមក ក៏ធ្លាប់​មា​នបញ្ហា​ដោតទង់ជាតិ​ ទាក់ទង​នឺង​កម្ពុជា​យើងដែរ។ គឺកាលពី​ខែ​តុលា​ គឺថា អង្គការ​សហប្រជាជាតិ​បាន​ហាមឃាត់​​កប៉ាល់​៤គ្រឿង​ដែរ មាន​ដោតទង់​កម្ពុជា កូរ៉េខាងជើង រឺ​ក៏​ទង់​របស់​កោះ​កូម័រ​អាហ្វ្រិ​ក​ជាដើម។ ​រដ្ឋាភិបាល​កម្ពុជា​​​យើង​​ក៏​បាន​បដិសេធ​ដែរ​ថា ការដោតទង់ជាតិ​កម្ពុជា​ លើ​នាវា​ដឹកអាវុធ​​ដែល​អេហ្ស៊ីប​បាន​ឃាត់​​កន្លងមក​​នោះ គឺ​ជារឿងខុសច្បាប់។ កម្ពុជា​​បាន​បញ្ឈប់​ការ​បំពាក់​ទង់ជាតិ​នេះ តាំងពី ខែសីហា ​ឆ្នាំ​២០១៦​មកម្ល៉េះ។ ​នាវា​ពាក់ព័ន្ធ​​ដែល​អេហ្ស៊ីប​ចាប់បាន​នោះ ​​ដោតទង់ជាតិ​កម្ពុជា​មែន​ តែ​ចេញដំណើរ​មកពី​​កូរ៉េខាងជើង។ ​

និយាយ​រួមទៅ ​មិនមែន​មានន័យថា ​អោយតែ​នាវា​ណា​​ដោតទង់​ប្រទេស​ណាមួយ​ នាវានោះ​ត្រូវតែ​​​​ជា​កម្មសិទ្ធិ​របស់​ប្រទេស​​នោះទេ។ ទាល់តែ​​តាមដាន ស៊ើប​​រក​ភស្តុតាង​អោយ​​គ្រប់ជ្រុងជ្រោយ​សិន ទើបអាច​ធ្វើនិតិវិធី​ចោទប្រកាន់​បាន៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ