អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាន​ចាត់​ទុក​ទណ្ឌកម្មថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ​ថា​ជា​ទង្វើ​សង្រ្គាម

នៅ​ថ្ងៃ​អាទិត្យ ទី២៤ ធ្នូ​នេះ កូរ៉េខាងជើង​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បាន​ចេញ​សេចក្តីសម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ទី២២ ធ្នូ។ ក្រុង​ព្យុងយ៉ាង​បាន​ចាត់​ទុក​ទណ្ឌកម្ម​ថ្មី​នេះ​ជា​ទង្វើ​សង្រ្គាម និង​ថា សេចក្តីសម្រេចចិត្ត​របៀប​នេះ​នឹង​មិន​អាច​រារាំង​កូរ៉េខាងជើង​ឲ្យ​បន្ត​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក​បាន​ឡើយ។

ប្រមុខ​ដឹកនាំ​កូរ៉េខាងជើងលោក​គីម ជុងអ៊ុន
ប្រមុខ​ដឹកនាំ​កូរ៉េខាងជើងលោក​គីម ជុងអ៊ុន Reuters
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​កូរ៉េខាងជើង​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការបរទេស​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​ឈ្មោះ KCNA នៅ​ថ្ងៃ​អាទិត្យ ទី២៤ ធ្នូ​នេះ។ « យើង​សូម​ទាត់​ចោល​ទាំង​ស្រុង​នូវ​ទណ្ឌកម្ម​ចុង​ក្រោយ​របស់​ក្រុមប្រឹក្សាសន្តិសុខ ហើយ​ចាត់​ទុក​ទណ្ឌកម្ម​នោះ​ជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជា​ទង្វើ​សង្រ្គាម​ដែល​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់ » នេះ​ជា​ការ​ថ្លែង​របស់​ក្រសួង​ការបរទេស​កូរ៉េខាងជើង។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រសួង​ការបរទេស​បាន​ព្យាយាម​បញ្ជាក់​ថា វា​ពិត​ជា​កំហុស​ឆ្គង​ដ៏​ធំធេង​ខ្លាំង​ណាស់ ប្រសិន​បើ​គ្រប់​គ្នា​ជឿជាក់​ថា ទណ្ឌកម្ម​អាច​នឹង​បញ្ឈប់​ដំណើរ​ទៅ​មុខ​របស់​ពលរដ្ឋ​កូរ៉េខាងជើង​ឆ្ពោះ​ទៅ​បំពាក់​អាវុធ​នុយក្លេអ៊ែរ​នោះ។ នៅ​ក្នុង​ន័យ​នេះ ក្រសួង​ការបរទេស​បាន​រម្លឹក​ថា អាមេរិក និង​ក្រុម​ប្រទេស​ផ្សេង​ទៀត​ដែល​ដើរ​តាម​គន្លង​អាមេរិក​មិន​គួរ​ភ្លេច​ទេ​ថា កូរ៉េខាងជើង​អាច​វាយប្រហារ​នុយក្លេអ៊ែរ​លើ​ដែនដី​អាមេរិកាំង។ ប្រតិកម្ម​ខ្លាំងៗ​របស់​ក្រុង​ព្យុងយ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង​តាម​សំណើ​របស់​អាមេរិក។

នៅ​ក្នុង​ទណ្ឌកម្ម​ថ្មី​នោះ ក្រុមប្រឹក្សាសន្តិសុខ​បាន​សំដៅ​លើ​វិស័យ​សំខាន់​ចំនួន​ពីរ ទី១ កម្រិត​នៃ​ការ​នាំ​ចូល​ប្រេង​ទៅ​ឲ្យ​កូរ៉េខាងជើង និង​ទី២ ហាម​មិន​ឲ្យ​ទទួល​យក​ពលករ​កូរ៉េខាងជើង​ធ្វើ​ការ​នៅ​បរទេស។ ក្រៅ​ពី​ហាម​មិន​ឲ្យ​ទទួល​យក​ពលករ​កូរ៉េខាងជើង ទណ្ឌកម្ម​ថ្មី​ក៏​បាន​តម្រូវ​ឲ្យ​មាន​ការ​បញ្ជូន​ពលករ​កូរ៉េខាងជើង​រាប់ពាន់​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស ពិសេស​នៅ​ចិន និង​រុស្ស៊ី​ឲ្យ​ត្រឡប់​ទៅ​កាន់​ស្រុកកំណើត​វិញ​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ ២០១៩។ ចំណែក​ការ​នាំ​ប្រេងឆៅ និង​ប្រេងចម្រាញ់រួច​ទៅ​ឲ្យ​កូរ៉េខាងជើង​នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន ៧៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ