អានតួអត្ថបទ
ចិន-នយោបាយ-សិទ្ធិមនុស្ស

មេធាវីម្នាក់​ ត្រូវជាប់ពិរុទ្ធ​​​បន្ទាប់ពី​បានអំពាវនាវ​ឲ្យ​មាន​ការបោះឆ្នោត​ដោយសេរី​នៅ​ក្នុង​ប្រទេស​

មេធាវី​ចិន​ម្នាក់​ឈ្មោះ​ Yu Wensheng ដែល​ជា​សកម្មជន​ការពារ​សិទ្ធ​មនុស្ស​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បន្ទាប់ពី​បាន​អំពាវនាវ​អោយ​មាន​ការ​រៀបចំ​បោះឆ្នោត​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​។ ​មិនតែ​ប៉ុណ្ណោះ​សកម្មជនការពារសិទ្ធមនុស្ស​នេះ ត្រូវ​ជាប់​ពិរុទ្ធ​​ពី​បទ​​ញុះញង់​ឲ្យ​មាន​​វិទ្ធង្សនា​​នៅ​ក្នុង​ប្រទេស។ យោងតាម​មេធាវី​របស់​គាត់ លោក Yu ត្រូវ​បាន​គេ​​​ឃុំខ្លួន​នៅ​ក្នុង​ទី​កន្លែង​​សម្ងាត់​មួយ​ឆ្ងាយ​ពី​ផ្ទះនិងក្រុមគ្រួសារ​របស់​គាត់។

Chine Avocat YU Wensheng 13072015 ITW à Pekin par Heike Schmite RFI
Chine Avocat YU Wensheng 13072015 ITW à Pekin par Heike Schmite RFI DR
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ចិន​ប្រមាណ​ជា​១០​នាក់​ដែល​ក្នុង​ចំណោម​នោះ ក៏​មាន​កង​កម្លាំង​ពិសេស​ដែរ​ បាន​ធ្វើការ​ចាប់​ខ្លួន​លោក​មេធាវី Yu Wensheng ដែល​ក៏​ជា​​សកម្មជន​ការពារ​សិទ្ធមនុស្ស​ដ៏​ល្បី​មួយរូប​កាលពី​ថ្ងៃ​ទី​១៩​មករា​មុន​នៅ​ទីក្រុង​ប៉េកាំង​​ខណៈពេល​ដែល​គាត់​កំពុង​ជូន​កូន​ទៅ​សាលារៀន។​

បើ​យោងតាម​ការ​ចោទ​ប្រកាន់​លើក​ទី​មួយ លោក Yu ដែល​មាន​អាយុ​៥០​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​បង្ក​ភាព​វឹកវរ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

ក៏ប៉ុន្តែ នៅ​ថ្ងៃ​សៅរ៍​មុន​ ប៉ូលីស​នៅ Xuzhou ក្នុង​ខេត្ត Jiangsu ភាគ​ខាង​កើត​ប្រទេស​ចិន បាន​ដាក់​ពិរុទ្ធ​បន្ថែមទៀត​ប្រឆាំង​នឹង​​សកម្មជន​ការពារ​សិទ្ធមនុស្ស​​នេះ​ ពី​បទ​ញុះញង់​ធ្វើ​វទ្ធង្សនា​ប្រឆាំង​នឹង​រដ្ឋអំណាច​ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។ យោងតាម​មេធាវី​របស់​លោក YU បទ​ចោទ​ប្រកាន់​នេះ ​មាន​ទម្ងន់​៥​ដង​លើស​បទ​ចោទប្រកាន់​កាល​ពី​លើក​ដំបូង។​

ចំណែក​មេធាវី​របស់​លោក YU​វិញ​ បាន​​ប្រាប់ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា ប៉ូលីស​ចិន បាន​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​កូន​ក្តី​គាត់​ ថា កូន​ក្តី​របស់​គាត់​នឹង​ត្រូវ​ជាប់​ឃុំឃាំង​នៅ​ក្រោមការ​យាមល្បាត​មិន​ផ្លូវ​ការ​មួយ​ដែល​កំណត់​ឡើង​ដោយ​អាជ្ញាធរ។​

គួររំលឹកថា កាលពី​ឆ្នាំ ២០១៦ លោក​មេធាវី​ នេះ ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សាលាក្រុង​នៅ​ប៉េកាំង​ពី​បទ​ការ​បំពុល​បរិយាកាស​ដ៏​រាំរៃ​នៅ​ក្នុង​រដ្ឋធានី។​

ហើយ​នៅ​មួយ​ថ្ងៃ​មុន​ការ​ចាប់​ខ្លួន​ លោក យូ បាន​ផ្ញើរ​លិខិត​ចំហរ​មួយ​ដែរ​ជូន​ដល់​បណ្តា​អ្នកសាព័ត៌មាន​ដោយ​​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចិន ​បើក​ការ​អនុញ្ញាត​អោយ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​​ជា​សកល​និង​មាន​បេក្ខជន​ជាច្រើន​រូប​ចូល​រួម​​ផង​។

ម្យ៉ាងទៀត​កាលពី​ពាក់​កណ្តាល​ឆ្នាំ ២០១៥ ទីក្រុង​ប៉េកាំង​​ ធ្លាប់​បាន​បើក​​យុទ្ធនាការ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​ទល់​នឹង​សកម្មជន​ណា​ដែល​ហ៊ាន​ធ្វើការ​​រិះគន់​របប​កុម្មុយនិស្ត​​ដោយ​​បាន​ទាំង​​ចាប់​ខ្លួន​ក្រុម​មេធាវី​​ជា​ច្រើន​រូប​ផង។​

ពាក់ព័ន្ធ​ពី​ច្បាប់​ស្តី​ពី​ការ​ឃុំ​ខ្លួន​ក្រោម​ការ​យាមល្បាត​វិញ ជន​ជាប់​សង្ស័យ អាច​ត្រូវ​ជាប់​​ឃុំ​​រហូត​ដល់​ទៅ​៦​ខែ​នៅ​ក្នុង​កន្លែង​ឃុំឃាំង​ក្រៅ​ផ្លូវការ​មួយ​និង​​មិន​អាច​​ទាក់ទង​ជាមួយ​ក្រុម​គ្រូសារ​ឬ​ក៏​មេធាវី​របស់​ខ្លួន​ឡើយ​។

បើតាម​អ្នកស្រាវជ្រាវ​ម្នាក់​របស់​អង្គការ​ការពារសិទ្ធមនុស្ស​ Amnesty International ​គោលដៅ​​នៃ​ការ​ឃុំឃាំង​​បែប​នេះ ​គឺ​ដើម្បី​បំបិទ​មាត់​ទាំង​ស្រុង​អ្នក​ជាប់​ឃុំ​​​យ៉ាងហោច​ណាស់​​​ក៏​​​៦​​ខែ​ដែរ មិន​អោយ​​មាន​ការ​​ទាក់ទង​​ជាមួយ​​អ្នក​នៅ​ខាង​ក្រៅ​។​

ម្យ៉ាងទៀត លោក​​មេធាវី យូ អាច​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទារុណកម្ម​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ដែល​ អង្គការ Amnesty International បាន​បរិហារ​ថា ​ជា​ការ​ចោទ​ប្រកាន់​ទាំង​បំពាន​លើ​សកម្មជន​ការពារ​សិទ្ធមនុស្ស​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ