អានតួអត្ថបទ
ចិន-សហភាពអាហ្រ្វិក

ចិន​បដិសេធ​លើ​ព័ត៌មាន​ដែល​ថា ខ្លួន​បាន​ធ្វើ​ចារកម្ម​នៅ​ទីស្នាក់ការ​សហភាព​អាហ្រ្វិក

ចិន និង​សហភាព​អាហ្រ្វិក​បាន​បដិសេធ​រួម​គ្នា​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​បារាំង Le Monde ដែល​ថា ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ចារកម្ម​រយៈពេល ៥ឆ្នាំ ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៧ លើ​ទីស្នាក់ការ​សហភាព​អាហ្រ្វិក​ប្រចាំ​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី។ លោក Kuang Weilin ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហភាព​អាហ្រ្វិក​បាន​យល់​ឃើញ​ថា ព័ត៌មាន​មួយ​នេះ​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល តែ​ជា​ព័ត៌មាន​មិន​ពិត និង​មិន​ទំនង​ទាល់​តែ​សោះ។

Weilin Kuang, Deputy Consul-General Chinese Consulate, speaks to reporters May 22, 2008, at the Consolate in New York. Weilin spoke about the earthquake in Sichuan and asked for tents as a donation.
Weilin Kuang, Deputy Consul-General Chinese Consulate, speaks to reporters May 22, 2008, at the Consolate in New York. Weilin spoke about the earthquake in Sichuan and asked for tents as a donation. AFP PHOTO/DON EMMERT
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​អត្ថបទ​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី២៦ មករា​ដែល​កាសែត​បារាំង Le Monde បាន​សរសេរ​ថា ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ទាំង​អស់​ស្ថិត​ក្នុង​ទីស្នាក់ការ​សហភាព​អាហ្រ្វិក​ត្រូវ​បាន​បញ្ជូន​នៅ​ពេល​យប់​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ខួរក្បាល​ម៉ាស៊ីនកុំព្យូទ័រ​ស្ថិត​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ តាម​កាសែត Le Monde ដដែល ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ចារកម្ម​លើ​ទីស្នាក់ការ​សហភាព​អាហ្រ្វិក​ប្រចាំ​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី​រយៈពេល ៥ឆ្នាំ ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៧។

ប្រភព​ជា​ច្រើន​ពី​ទីស្នាក់ការ​សហភាពអាហ្រ្វិក​បាន​ឲ្យ​ដឹង​ថា ចិន​បាន​ដឹង​គ្រប់​ព័ត៌មាន​ទាំង​អស់ ទាំង​ព័ត៌មាន​រសើប និង​មិន​រសើប។ សូម​ជម្រាប​ជូន​ថា ចិន​ជា​អ្នក​ចេញ​លុយ​សាងសង់​ទីស្នាក់ការ​សហភាព​អាហ្រ្វិក​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១២ ហើយ​បើ​តាម​កាសែត Le Monde ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ចារកម្ម​លើ​ទីស្នាក់ការ​មួយ​នេះ​តាំង​ពី​ថ្ងៃ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មក​ម្ល៉េះ។ វត្តមាន​ទីស្នាក់ការ​សហភាព​អាហ្រ្វិក​ក្នុង​ទីក្រុង​អាឌីសអាបេបា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​អាហ្រ្វិក និង​ការ​ដែល​ចិន​ទទួល​បាន​ធនធានធម្មជាតិ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។

យ៉ាង​ណា​ក៏​ដោយ ចិន​តាម​រយៈ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​សហភាព​អាហ្រ្វិក​លោក Kuang Weilin បាន​ចាត់ទុក​អត្ថបទ​របស់​កាសែត Le Monde ថា ជា​រឿង​គួរ​ឲ្យ​អស់សំណើច និង​មិន​សមហេតុ សមផល រួច​បន្ថែម​ថា ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​នេះ​មាន​គោលដៅ​ដាក់​គំនាប​លើ​ទំនាក់ទំនង​រវាង​ចិន និង​អាហ្រ្វិក។ ទំនាក់ទំនង​ដែល​លោក Weilin យល់​ថា បាន​នាំ​មក​នូវ​អត្ថប្រយោជន៍ និង​ឱកាស​យ៉ាង​ច្រើន ហើយ​ពលរដ្ឋ​អាហ្រ្វិក​មាន​ការ​សប្បាយចិត្ត​ខ្លាំង​ណាស់។

ចំណែក​លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្កាម៉េ​ដែល​ជា​ប្រធាន​ផ្លាស់វេន​សហភាព​អាហ្រ្វិក​បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្រោយ​បិទបញ្ចប់​ជំនួបកំពូល​អាហ្រ្វិក​លើកទី៣០ ដែល​បើក​ធ្វើ​ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​ចន្ទ ទី២៩ មករា​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​ដែល​កាសែត Le Monde បាន​ចុះ​ផ្សាយ​នោះ​ឡើយ និង​ថា លោក​មិន​គិត​ថា​ចារកម្ម​ជា​បុព្វសិទ្ធិ​របស់​ជនជាតិ​ចិន​នោះ​ទេ ព្រោះ​មាន​អ្នក​ធ្វើ​ចារកម្ម​នៅ​ពាសពេញ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ