អានតួអត្ថបទ

អាមេរិក ៖ ចោរ​អ៊ីនធ័រនែត​កូរ៉េខាងជើង​សាហាវ​ជាង​ចោរ​អ៊ីនធ័រនែតចិន

ភ្នាក់ងារ​ជំនាញ​សន្តិសុខ​ព័ត៌មាន​វិទ្យា​អាមេរិក FireEye​ ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃអង្គារ​នេះ​ថា ក្រុម​ចោរអ៊ីនធ័រនែត​កូរ៉េខាង​ជើង បាន​ក្លាយ​ជាក្រុមចោរ​​ដ៏​កាច​សាហាវ​ខ្លាំង​ជាង​ពួក​ចោរ​អ៊ីនធ័រនែត​ចិន​ទៅទៀត។ ក្រុម​ចោរព័ត៌មាន​វិទ្យា​កូរ៉េខាង​ជើងនេះ កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​របបព្យុងយ៉ាង និង​ជាតំណាង​ការ​​​គំរាម​កំហែង​ពិភពលោកយ៉ាងខ្លាំងមែនទែន។

បើ​តាម​អ្នក​ជំនាញ​អាមេរិក ចោរអ៊ីនធ័រនែត​កូរ៉េខាង​ជើង​សាហាវ​ជាង​ចិន
បើ​តាម​អ្នក​ជំនាញ​អាមេរិក ចោរអ៊ីនធ័រនែត​កូរ៉េខាង​ជើង​សាហាវ​ជាង​ចិន REUTERS/Kacper Pempel/Files
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្រុមហ៊ុន​ឯកទេស​សន្តិសុខ​ព័ត៌មាន​វិទ្យា​អាមេរិក FireEye​ ​ចង្អុល​មុខ​ដោយ​ចំ​ៗ​ក្រុម​ចោរ​អ៊ីនធ័រនែតរបស់​​ព្យុងយ៉ាង​​​​​ ដោយ​​ដាក់​ឈ្មោះ​ឱ្យ​ថា​ ក្រុម APT37 សម្រាប់​ជំនួស​ពាក្យគំរាម​កំហែង​ខ្លាំង​ Advanced persistant Threat​។

សកម្មភាព​​​របស់​ក្រុមចោរ​អ៊ីនធ័រនែតព្យុងយ៉ាង​នេះ គឺ​ដើម្បី​រក​ចំណូល​មក​បំពេញ​ នូវ​អ្វី​ដែល​កូរ៉េខាងជើង​ខាត​បង់​ដោយ​ហេតុ​​​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​កម្មវិធីនុយក្លេអ៊ែរ​និង​បាលីស្ទិក​របស់​គេ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រុម​ហ៊ុន​FireEye ដែល​បាន​លម្អិត​ទៀត​ថា ទិសដៅ​នៃ​ការ​វាយប្រហារ​​របស់​ក្រុមAPT37 គឺសំដៅ​លើ​តែ​កន្លែង​ណា​ដែល​អាច​ទាញ​​ផលប្រយោជន៍​រដ្ឋកូរ៉េខាង​ជើង ! ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​វិភាគ​អាមេរិក​មាន​ជំនឿ​ជាក់ខ្ពស់​ថា ក្រុម APT37ធ្វើ​សកម្មភាព​ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ព្យុងយ៉ាង។

APT37​ មាន​សកម្មភាព​តាំងពី​ឆ្នាំ​២០១២​មក។ ដំបូង​ពួកគេ​វាយប្រហារ​តែ​លើ​ស្ថាប័ន​រដ្ឋាភិបាល​ យោធា ឧស្សាហកម្ម​ការពារជាតិ និង​វិស័យ​ឃោសនាព័ត៌មាន​ នៅកូរ៉េខាង​ត្បូង​ទេ មុន​នឹង​ពង្រីកសកម្មភាព​ ដៅ​ការ​វាយប្រហារ​ នៅ​ឆ្នាំ​២០១៧ ទៅ​លើ ប្រទេស​ជប៉ុន វៀតណាម និង​ប្រទេស​នៅ​តំបន់​ដើម​បូព៌ា និង​ទៅ​លើ​វិស័យ​ផ្សេងៗ​ទៀត តាំង​ពី​វិស័យ​គីមី ទៅ​ទូរគមនាគមន៍ ពីស្ថាប័ន​​នយោបាយ​ទៅ​ហិរញ្ញវត្ថុ ដូច​យ៉ាង​ធនាគារ​កណ្តាល​បង់ក្លាដែស ឬ ​Bitcoin ជា​ដើម។

សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១៣ អាមេរិក​បាន​កំណត់​អត្តសញ្ញាណ​ក្រុមចោរ​អ៊ីនធ័រនែត​មួយ​ក្រុម ឈ្មោះ​ថា APT ដែល​បាន​ចូល​វាយប្រហារលើ​ប្រព័ន្ធ​សារព័ត៌មាន​ ​ ភ្នាក់ងារ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​​អាមេរិក។ ក្រុម​ចោរ​នោះ​មាន​មូលដ្ឋាន​នៅ​ចិន និងទំនង​ជា​ភ្នាក់ងារ​មួយ​របស់​រដ្ឋាភិបាល​ចិន​ ដោយ​មាន​សាខា​មួយ​ជា​យោធា​នៅ​សៀងហៃ។ កាលណោះ​ សមាជិក​របស់​ក្រុមចោរ​៥​នាក់​ត្រូវ​ជាប់​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​អាមេរិក ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ការទូត​រវាង​​ប៉េកាំង​និង​វ៉ាស៊ីន​តោន​។

សម្រាប់​ភ្នាក់ងារ​ FireEye ​ប្រតិបត្តិការ​របស់​ចោរ​អ៊ីនធ័រនែត​ចិនក៏ដូច​ចោរ​អ៊ីនធ័រនែត​​កូរ៉េខាង​ជើង ប្រែប្រួល​ពី​សាមញ្ញ​ទៅ​ជា​ការ​ប្រើ​វិធីសាស្រ្ត​ដ៏​ទំនើប​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នាខ្លាំង គឺ​ប្រតិបត្តិការ​របស់​ចោរ​កូរ៉េខា​ងជើង​​សាហាវ​ខ្លាំង​ ៖ ពួក​​ចិន​ច្រើន​តែមាន​ប្រពៃណី​​លួច​ធ្វើ​​ដោយមិន​សម្ញែង ឯ​ពួក​កូរ៉េខាង​ជើង​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ពួកគេ​ត្រៀម​ធ្វើ​វាយប្រហារ​ដោយ​មិនបង្អង់ គ្មាន​អាសូរ ក្នុង​ទម្រង់​ជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​តែ​ម្តង។ ​រហូត​មក​ទល់​នេះ APT37 ត្រូវ​បាន​ភ្នាក់ងារ​អាមេរិក​ចាត់​ទុក​ជា​ក្រុម​ចារកិច្ច​ស្ងាត់​ទេ ប៉ុន្តែ​ក្រុមនេះ​អាច​នឹង​ត្រូវ​​ព្យុងយ៉ាង យក​មក​ប្រើ​ជា​អាវុធ​ដ៏​សាហាវ​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ