មេដឹកនាំកូរ៉េទាំងពីរសម្រេចបង្កើតខ្សែទូរសព្ទពិសេសដើម្បីទាក់ទងគ្នាមុនជំនួបកំពូល
នៅថ្ងៃសុក្រ ទី២០មេសានេះ មេដឹកនាំប្រទេសកូរ៉េទាំងពីរបានសម្រេចបង្កើតខ្សែទូរសព្ទពិសេសមួយ ដើម្បីទាក់ទងគ្នា។ ការសម្រេចនេះធ្វើឡើងតែមួយសប្ដាហ៍ប៉ុនណោះ មុនពេលមេដឹកនាំកូរ៉េទាំងពីរត្រូវជួបគ្នានៅតំបន់គ្មានកងទ័ព ក្នុងស្រុក Panmumjum នាថ្ងៃសុក្រសប្ដាហ៍ក្រោយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
នៅទីបំផុត ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនិងការិយាល័យគណៈកម្មការកិច្ចការរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងជើង ត្រូវតភ្ជាប់គ្នាដោយខ្សែទូរសព្ទពិសេសមួយ ដែលទើបតែប្រសូត្រឡើងនៅថ្ងៃសុក្រ ទី២០មេសានេះ។ មន្ដ្រីទទួលបន្ទុកការងារនេះបានសាកល្បងហៅទូរសព្ទខ្សែពិសេសអស់រយៈពេល៤នាទី និង១៩វិនាទី ហើយវាដំណើរការយ៉ាងរលូន។ នេះបើតាមអ្វីដែលមន្ដ្រីជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតី មូន ចេអ៊ីន ប្រាប់អ្នកសារព័ត៌មាន។
ជាការកត់សម្គាល់ ដ្បិតតែបងប្អូនកូរ៉េទាំងពីរមានភូមិសាស្ត្រជាប់គ្នាក៏ពិតមែន ប៉ុន្តែឧបទ្វីបនេះបានបែងចែកទឹកដីគ្នាជាពីរអស់រយៈពេល៧០ឆ្នាំកន្លងមកហើយ។ ទាំងពលរដ្ឋកូរ៉េខាងត្បូងនិងពលរដ្ឋកូរ៉េខាងជើង គ្មានការទាក់ទងគ្នាណាមួយតាមខ្សែទូរសព្ទឡើយ ចាប់តាំងពីសង្គ្រាមឧបទ្វីបកូរ៉េបិទបញ្ចប់នៅឆ្នាំ១៩៥៣មកម្ល៉េះ។
ចង់ឬមិនចង់ ការបង្កើតខ្សែទូរសព្ទពិសេសដ៏ថ្មីស្រឡាងនេះត្រូវគេចាត់ទុកថា ជាការវិវត្តផ្នែកការទូតដ៏សំខាន់មួយនៅឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង កាលពីខែកុម្ភៈដើម្បីឆ្នាំ២០១៨នេះមក។
មុនការបង្កើតខ្សែទូរសព្ទពិសេសនេះ មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានព្រមព្រៀងជួបគ្នានៅក្នុងជំនួបកំពូលមួយ នាថ្ងៃសុក្រទី២៧មេសាខាងមុខ។ ជំនួបនេះ នឹងត្រូវរៀបចំធ្វើនៅតំបន់គ្មានកងទ័ព ក្នុងស្រុក Panmumjum។ ជាតំបន់ដែលពុះចែកទឹកដីកូរ៉េជាពីរ និងជាទីដែលបងប្អូនគូសត្រូវទាំងពីរ បានចុះហត្ថលេខាលើយុទ្ធសន្តិភាពក្រោយសង្គ្រាម ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ នេះគឺជាជំនួបកំពូលអន្ដរកូរ៉េលើកទី៣ហើយ ខណៈជំនួបកំពូលលើកទី១ត្រូវបានរៀបចំធ្វើនៅឆ្នាំ២០០០ និងលើកទី២ នៅឆ្នាំ២០០៧។
សម្រាប់មេដឹកនាំកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ជំនួបកំពូលជាមួយសមភាគីកូរ៉េខាងជើងនាសប្ដាហ៍ក្រោយនេះ មានគោលដៅសម្រេចឲ្យបានសន្ធិសញ្ញាបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ។ ប្រធានាធិបតីអាមេរិក ដែលនឹងត្រូវជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅដំណាច់ខែឧសភាខាងមុខ បានជូនពរឲ្យលោកមូន ចេអ៊ីន សម្រេចបានគោលដៅដែលប៉ងទុកនេះ។ ប៉ុន្តែសម្រាប់លោក ដូណាល់ ត្រាំ បញ្ហាសំខាន់បំផុតដែលត្រូវជជែកដោះស្រាយជាមួយកូរ៉េខាងជើងនោះ គឺបញ្ហាអាវុធនុយក្លេអ៊ែរទៅវិញទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ