ចិននឹងប្រតិកម្មវាយបកតបតអាមេរិកវិញនៅក្នុងជម្លោះពាណិជ្ជកម្ម
នៅក្នុងជម្លោះពាណិជ្ជកម្មដែលកាន់តែកើនខ្លាំងឡើងៗជាមួយនឹងអាមេរិក ប្រទេសចិន លែងទ្រាំទ្របានទៀតហើយ នៅខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រៀមនឹងយកពន្ធបន្ថែមទៀតទៅលើផលិតផលចិន-នេះបើយោងតាមការសែតប្រជាមានិតចិនជាភាសាអង់គ្លេសឈ្មោះ Global Times ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៥
ទីក្រុងប៉េកាំងលែងបន្ទាបខ្លួនទៀតហើយជាមួយអាមេរិក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដោយហេតុថា ទីក្រុងប៉េកាំង អាចនឹងឆ្លើយដិសេធអាមេរិកវិញនៅក្នុងការចូលរួមកិច្ចចរចាពាណិជ្ជកម្មនានានាវគ្គថ្មីដែលស្នើឡើងដោយអាមេរិកនៅរវាងថ្ងៃទី ២០ កញ្ញាខាងមុខ ប្រសិនបើ រដ្ឋបាលលោក ដូណាល់ ត្រាំ ធ្វើការតម្លើងពន្ធគយថ្មី-នេះបើយោងតាមកាសែតអាមេរិកមួយឈ្មោះ The Wall Street Journal ចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញដែលដកស្រង់សំដីរបស់បណ្តាអ្នកទទួលខុសត្រូវចិន។
យោងតាមទិន្នានុប្បវត្ត The Wall Street Journal មន្ត្រីជាន់ខ្ពស់ចិនមួយរូប បានថ្លែងចំអកសកសៀតឲ្យអាមេរិកថា “ទីក្រុងប៉េកាំងនឹងមិនចរចាដោយសារការភ្ជង់កាំភ្លើងលើសៀតផ្កានោះទេ”។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រហែលនឹងធ្វើការជូនដំណឹងអំពីការតម្លើងពន្ធគយថ្មីៗលើទំនិញចិននាំចូលអាមេរិកដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ២០០ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១២៣ពាន់លានអឺរ៉ូ។ ទំនិញចិនដែលពាក់ព័ន្ធនឹងវិធានការអាមេរិកថ្មីនេះនឹងត្រូវយកពន្ធប្រមាណជា១០%-នេះបើយោងតាមការបង្ហើបប្រាប់របស់កាសែត Wall Street Journalនៅខណៈដែលរដ្ឋបាលអាមេរិក បាននិយាយពីពេលមុនថា ការតម្លើងពន្ធថ្មីមានរហូតដល់ចំនួន ២៥%។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានប្រតិកម្មតបវិញថា “ទីក្រុងប៉េកាំងនឹងតបតវិញ រាល់គំនិតផ្តួចផ្តើមថ្មីៗរបស់អាមេរិកនៅក្នុងការតម្លើងពន្ធគយនេះ។
គួររំលឹកថា អាមេរិក ធ្លាប់បានតម្លើងពន្ធ ២៥%រួចទៅហើយនៅលើទំនិញនាំចូលទូទៅរបស់ចិនដែលគិតជាទឹកប្រាក់ប្រចាំឆ្នាំចំនួន ៥០ពាន់លានដុល្លារ។ ចំណែក ប៉េកាំង ក៏បានប្រតិកម្មតបតវិញ ដោយចាត់វិធានការដូចគ្នានឹងអាមេរិកដែរ។
ក្រៅពីការតម្លើងពន្ធសងសឹកអាមេរិក ប៉េកាំង អាចនឹងធ្វើការកម្រិតនៅលើការនាំទំនិញចេញរបស់ខ្លួន ឬក៏វត្ថុធាតុដើមនិងគ្រឿងបន្លាស់ចំបាច់ផ្សេងៗសម្រាប់ក្រុមហ៊ុនផលិតអាមេរិកទៀតផង-នេះបើយោងតាមការអះអាងរបស់លោកLou Jiwei អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិននៅនាឱកាសសន្និសីទមួយនៅទីក្រុងប៉េកាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ