សង្រ្គាមពាណិជ្ជកម្ម៖ចិនបានរិះគន់អាមេរិកពីបទបានអនុវត្តវិធានការ និងមានអាកប្បកិរិយាដូច « មនុស្សពាល »
នៅថ្ងៃចន្ទ ទី២៤ កញ្ញា ប្រទេសចិនបានផ្សព្វផ្សាយសៀវភៅ ស មួយដែលផ្តោតសំខាន់លើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក។ ក្រៅពីចង់បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបន្តដោះស្រាយភាពមិនចុះសម្រុងជាមួយអាមេរិកក្នុងសំណុំរឿងពាណិជ្ជកម្ម សៀវភៅ ស ក៏បានឆ្លៀតរិះគន់អាមេរិកពីបទប្រើវិធីសាស្រ្ត និងមានអាកប្បកិរិយាដូច « មនុស្សពាល » នៅក្នុងសង្រ្គាមពាណិជ្ជកម្ម។ ការផ្សព្វផ្សាយសៀវភៅ ស នេះបានធ្លាក់មក ចំថ្ងៃដែលវិធានការដំឡើងពន្ធថ្មីរវាងអាមេរិក និងចិនបានចូលជាធរមាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥១
ពីខាងអាមេរិក ការដំឡើងពន្ធថ្មីក្នុងអត្រា ១០% ត្រូវធ្វើឡើងលើទំនិញចិននាំចូលអាមេរិកដែលមានទឹកប្រាក់ចំនួន ២០០ ០០០លានដុល្លារ ហើយពីខាងចិនវិញ ការដំឡើងពន្ធថ្មីក្នុងអត្រាពី ៥% ទៅ ១០% ត្រូវធ្វើឡើងលើទំនិញអាមេរិកនាំចូលចិនដែលមានទឹកប្រាក់ចំនួន ៦០ ០០០លានដុល្លារ។ រដ្ឋាភិបាលចិនបានចាត់ទុកវិធានការរបស់ខ្លួនជាវិធានការដោយបង្ខំដើម្បីឆ្លើយតបនឹងភាពឯកតោភាគី និងភាពការពារនិយមរបស់អាមេរិក។ ទីក្រុងប៉េកាំងបានព្រមានទុកជាមុនថា ខ្លួននឹងចាត់វិធានការដំឡើងពន្ធថ្មីៗទៀតដោយបង្ខំ ប្រសិនបើអាមេរិកផ្តើមធ្វើមុន។
ទន្ទឹមនឹងវិធានការម៉ាំងទៅ ម៉ាំងមក រដ្ឋាភិបាលចិនក៏ចង់បន្តដំណើរនៅលើផ្លូវចរចាដែរ។ នៅក្នុងសៀវភៅ ស របស់ខ្លួនចេញផ្សាយក្នុងថ្ងៃចន្ទ ទី២៤ កញ្ញា ចិនបានបង្ហាញពីឆន្ទៈចង់បន្តកិច្ចប្រឹងប្រែងដោះស្រាយភាពខ្វែងគំនិតជាមួយអាមេរិកក្នុងរឿងពាណិជ្ជកម្មដើម្បីប្រយោជន៍ប្រទេសទាំងពីរ។ តែជាមួយនឹងសំដីទន់ភ្លន់ ចិនតាមរយៈសៀវភៅ ស របស់ខ្លួនក៏ឆ្លៀតរិះគន់ វាយប្រហារអាមេរិកពីបទមានអាកប្បកិរិយា និងប្រើវិធីសាស្រ្តដូច« មនុស្សពាល »។ ទីក្រុងប៉េកាំងយល់ថា ដំណោះស្រាយដ៏ល្អតែមួយគត់សម្រាប់ចិន និងអាមេរិក គឺចាប់ដៃសហការគ្នា និងការទុកចិត្តគ្នាទៅវិញទៅមក។
គួររម្លឹកជូនថា ចិន និងអាមេរិកធ្លាប់បានជួបចរចាគ្នាជាច្រើនដងដើម្បីស្វែងរកច្រកចេញមួយដែលអាចទទួលយកបានទាំងអស់គ្នានៅក្នុងសង្រ្គាមពាណិជ្ជកម្ម។ នៅថ្ងៃសុក្រ ទី២១ កញ្ញាកន្លងទៅ អ្នកទទួលខុសត្រូវអាមេរិកម្នាក់នៅសេតវិមានបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការបញ្ចប់ជម្លោះជាមួយចិន។ តែទីបំផុតគ្មានច្រកចេញដោយមិនបានកំណត់ថ្ងៃជួបចរចាគ្នាជាថ្មីនៅពេលណាទេ។ តាមកាសែត Wall Street Journal រដ្ឋាភិបាលចិនបានលុបគម្រោងជំនួបជាមួយរដ្ឋបាលអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ