ហេតុអ្វីសមាជិកសភាកាណាដាធ្វើដំណើរទៅប្រទេសចិន?
ចាប់ពីថ្ងៃសៅរ៍ទី ៥មករា គណៈប្រតិភូសភាកាណាដាបានផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន។ ដំណើរទស្សនកិច្ចរបស់សមាជិកសភា និងព្រឹទ្ធសភាកាណាដា នៅប្រទេសចិន ត្រូវបានគ្រោងទុកជាយូរមកហើយ ប៉ុន្តែ វាកើតឡើងនៅចំកាលៈទេសៈ ដែលប្រទេសចិន និងកាណាដា កំពុងមានភាពតានតឹងការទូតនឹងគ្នា ដោយសារសំណុំរឿងចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនទូរស័ព្ទ Huawei នៅក្នុងទឹកដីកាណាដា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៣
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសចិន ដោយចាប់ផ្តើមដំបូងនៅទីក្រុងសៀងហៃ ហុងកុង គណៈប្រតិភូសភាកាណាដា សង្ឃឹមចូលរួមឲ្យមានការដោះលែងឲ្យមានសេរីភាពជនជាតិកាណាដា ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសចិន។ ចាប់តាំងពីអាជ្ញាធរកាណាដាបានចាប់ខ្លួន កូនស្រី របស់ស្ថាបនិកក្រុមហ៊ុនHuawei កាលពីដើមខែធ្នូ ឆ្នាំមុន ជនជាតិកាណាដាពីររូប ដែលនៅក្នុងមួយរូប ជាអតីតមន្រ្តីទូតកាណាដា ត្រូវបានអាជ្ញាធរចិនចាប់ខ្លួន ក្នុងមូលហេតុគំរាមកំហែងសន្តិសុខជាតិចិន។ ចំណែកជនជាតិកាណាដា ១៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅប្រទេសចិន នៅក្នុងរយៈពេលដូចគ្នានេះ។
នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន គណៈប្រតិភូសភាកាណាដាទាំង៦រូប ដឹងច្បាស់ណាស់ថា ពួកគេកំពុងដើរនៅលើសំបកពងមាន់ដ៏ផុយស្រួយ នៅពេលលើកនិយាយពីការចាប់ខ្លួន ជនជាតិកាណាដា ដោយគ្មានមូលហេតុច្បាស់លាស់ នៅប្រទេសចិន។ ប៉ុន្តែ យ៉ាងណាក៏ដោយ ពួកគេនឹងមិនទាមទារឲ្យអាជ្ញាធរចិន ត្រូវតែដោះលែង ជនជាតិកាណាដាភ្លាមៗនោះទេ។ តាមប្រភពមន្រ្តីទូតកាណាដា សមាជិកសភាកាណាដាគ្រាន់តែចង់ឲ្យជនជាតិរបស់ខ្លួន ទទួលបានសិទ្ធិការពារខ្លួន ដោយពេញលេញ នៅតុលាការចិន។
តាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន ជនជាតិកាណាដាទាំងពីររូប គឺ Michael Kovrig និង Michael Spavor ត្រូវបានចាប់ខ្លួន ដោយសារតែបានរំលោភច្បាប់ក្នុងប្រទេសចិន។ ប៉ុន្តែ ជាទូទៅ ការចាប់ខ្លួនជនជាតិកាណាដា នៅប្រទេសចិន ត្រូវបានគេចាត់ទុកជាការសងសឹករបស់ទីក្រុងប៉េកាំង ដែលធ្លាប់បាននិយាយគំរាមឲ្យរដ្ឋាភិបាលកាណាដា ដោះលែង កូនស្រី ស្ថាបនិកក្រុមហ៊ុនHuawei បើសិនមិនចង់ជួបផលវិបាកធ្ងន់ធ្ងរ។
នៅក្នុងប្រទេសចិន សមាជិកសភាកាណាដា នឹងព្យាយាមពន្យល់សមភាគី ចិន ថា ក្នុងសំណុំរឿងចាប់ខ្លួន ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនHuawei កាណាដា គ្មានជម្រើសអ្វីផ្សេង ក្រៅតែពីអនុវត្តតាមច្បាប់នោះទេ។ លោកស្រី ម៉េង វាន់ចូវ កូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនយក្សចិន Huawei ត្រូវអាជ្ញាធរកាណាដា ចាប់ខ្លួន នៅពេលចុះចតនៅទីក្រុងVancouver នៅក្រោយមានដីកាតាមចាប់ខ្លួនរបស់តុលាការអាមេរិក ដែលចោទប្រកាន់លោកស្រី ថា បានរំលោភការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ