អានតួអត្ថបទ
ជប៉ុន-ក្រុមហ៊ុននីសាន់

គណៈកម្មាធិការ៖​លោកកាឡូស ហ្គោន​រំលោភ​ច្បាប់ និង​​ចាយ​លុយ​ក្រុមហ៊ុន​នីសាន់​ក្នុង​ប្រយោជន៍​ផ្ទាល់ខ្លួន

នៅ​ក្នុង​ប្រទេស​ជប៉ុន គណៈកម្មាធិការ​ទទួល​បន្ទុក​ធ្វើ​កំណែទម្រង់​លើ​អភិបាលកិច្ច​ក្រុមហ៊ុន​នីសាន់​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​នា​ថ្ងៃ​ពុធ ទី២៧ មីនា។ នៅ​ក្នុង​របាយការណ៍ គណៈកម្មាធិការ​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ដើម្បី​កែលំអ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ក្រុមហ៊ុន​នីសាន់ បន្ទាប់​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​កេងបន្លំថវិកា​របស់​លោក​កាឡូស ហ្គោន អតីត​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិតរថយន្ត​បារាំង-ជប៉ុន​ម៉ាក​រឺណូ នីសាន់។ គណៈកម្មាធិការ​បាន​អះអាង​ពី​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា លោក​ហ្គោន​បាន​បំពាន​ច្បាប់ និង​ប្រើ​លុយ​ក្រុមហ៊ុន​នីសាន់​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោកកាឡូស ហ្គោន អតីត​អគ្គនាយក​សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត​បារាំង-ជប៉ុន​ម៉ាក​រឺណូ នីសាន់
លោកកាឡូស ហ្គោន អតីត​អគ្គនាយក​សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត​បារាំង-ជប៉ុន​ម៉ាក​រឺណូ នីសាន់ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ពិត​ជា​ដំណឹង​មួយ​ដែល​លោក​កាឡូស ហ្គោន​មិន​បាន​រង់ចាំ​ទាល់​តែ​សោះ ព្រោះ​នៅ​ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់ ៣៤ទំព័រ គណៈកម្មាធិការ​ដែល​មាន​សមាជិក ៧រូប​បាន​វាយប្រហារ​ធ្ងន់ៗ​លើ​លោក​ហ្គោន​ដោយ​ចាត់​ទុក​ជា​អ្នកដឹកនាំ​ម្នាក់​ប្រើ​អំណាច​ផ្តាច់ការ​ដោយ​សម្រេច​កិច្ចការ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ក្រុមហ៊ុន និង​គ្មាន​ទទួល​យក​មតិយោបល់​ពី​នរណា​ទាំង​អស់។ ហើយ​ដើម្បី​បិទបាំង​នូវ​ទង្វើ​រំលោភបំពាន និង​ទង្វើ​កេងបន្លំ​របស់​ខ្លួន លោក​កាឡូស ហ្គោន​បាន​ប្រើ​សុទ្ធ​តែ​មនុស្សជំនិត និង​ទុកចិត្ត​នៅ​ក្បែរ​ខ្លួន។ លោក​សីឈីរ៉ូ នីស្ហូកា សហប្រធានគណៈកម្មាធិការ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃ​ផ្សព្វផ្សាយ​របាយការណ៍​ថា លោក​ហ្គោន​បាន​បង្កើត​ស្ថានភាព​មួយ​ដែល​គេ​ពិបាក​នឹង​ចាប់​កំហុស​របស់​គាត់​បាន ពិសេស​គាត់​មិន​ញញើត​នឹង​បាន​ប្រើ​លុយ​បម្រុង​របស់​ក្រុមហ៊ុន​សម្រាប់​អគ្គនាយក​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទន្ទឹម​នឹង​វាយប្រហារ​ខ្លាំងៗ​លើ​អតីត​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិតរថយន្ត​បារាំង-ជប៉ុន​ម៉ាក​រឺណូ នីសាន់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​ជប៉ុន​ដើម្បី​រង់ចាំ​ថ្ងៃ​កាត់ទោស គណៈកម្មាធិការ​ទទួល​បន្ទុក​ធ្វើ​កំណែទម្រង់​លើ​អភិបាលកិច្ច​ក្រុមហ៊ុន​នីសាន់​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​មាន​ដូច​ជា លុប​ចោល​តំណែង​ប្រធាន​ក្រុមប្រឹក្សារដ្ឋបាល និង​ប្រគល់​ឲ្យ​អ្នកជំនាញ​ឯករាជ្យ​ម្នាក់​នៅ​ក្រៅ​ក្រុមហ៊ុន​ជា​អ្នក​ដឹក​នាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា។ តែ​របាយការណ៍​ដដែល​មិន​បាន​និយាយ​ដល់​ការ​ចរចា​ស្តីពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​រឺណូ នីសាន់​ដូច​ដែល​មាន​ព័ត៌មាន​លេចឮ​នា​រយៈពេល​ចុង​ក្រោយ​នេះ​ទេ ហើយ​ហាក់​បាន​និយាយ​តិចតួច​ដល់​លោក​ហ៊ីរ៉ូតូ សាយកាវ៉ា អគ្គនាយក​ក្រុមហ៊ុន​នីសាន់​តាំង​ពី​ថ្ងៃទី១ មេសា ឆ្នាំ ២០១៧។

គួរ​រម្លឹក​ថា លោក​ហ្គោន​បាន​ជាប់ចោទ​ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន ៣ ដែល​ជាប់​ពាក់ព័ន្ធ​តែ​នឹង​ក្រុមហ៊ុន​នីសាន់​មួយ​គត់ ទី១ កេងបន្លំ​លុយ​ដោយ​លាក់​រឿងប្រាក់ខែ​ដើម្បី​គេច​ពន្ធ​នៅ​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៥ ក្នុង​ទឹកប្រាក់​ចំនួន ៤០លានអឺរ៉ូ ទី២ កេងបន្លំ​រឿង​ប្រាក់ខែ​ដូច​គ្នា​នៅ​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៨ ក្នុង​ទឹកប្រាក់​ជាង ៣៥លានអឺរ៉ូ និង​បទចោទប្រកាន់​ទី៣ គឺ​ការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ