អានតួអត្ថបទ
ព្រុយណេ

ព្រុយណេ​ឡើង​ការពារ​ច្បាប់​អ៊ីស្លាម Charia នៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់ អ.ស.ប

នៅ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស គណៈប្រតិភូ​ព្រុយណេ​បាន​ចេញមុខ​ការពារ​ច្បាប់​អ៊ីស្លាម Charia ដែល​មាន​ចែង​ពីទោស​ប្រហារជីវិត​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា។ ប្រឈម​នឹង​រលក​រិះគន់​តវ៉ា​ពី​គ្រប់មជ្ឈដ្ឋាន​អន្តរជាតិ ព្រះចៅ​ស៊ុលតង់​របស់​ព្រុយណេ កាលពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ពន្យារ ពេល​តទៅទៀត មិន​អនុវត្ត​ទោស​ប្រហារជីវិត នៅ​ព្រុយណេ​នោះទេ។ 

ព្រះចៅ​ស៊ុលតង់​របស់​ព្រុយណេ Hassanal Bolkiah
ព្រះចៅ​ស៊ុលតង់​របស់​ព្រុយណេ Hassanal Bolkiah ©REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

ព្រះចៅ​ស៊ុលតង់​បាន​ប្រកាស​ផ្អាក មិន​អនុវត្ត​ទោសប្រហារ​ជីវិត​មែន ប៉ុន្តែ ច្បាប់​អ៊ីស្លាម​Charia ដ៏ចម្រូងចម្រាស ដែល​មាន​ចែង​ពី​ការដាក់​ទោសប្រហារ​ជីវិត​លើ​អ្នក​ដែល​ស្រឡាញ់ភេទ​ដូចគ្នា ជា​ប្រធានបទ​សំខាន់ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

តាំង​ពី​ដើម​ខែ​មេសា ព្រុយណេ​បាន​ចាប់អនុវត្ត ច្បាប់​អ៊ីស្លាម Charia ដែលមាន​ចែង ពី​ទោស​ប្រហារ​ជីវិត ដោយ​វាយ​នឹង​រំពាត់ព្រម​ទាំង​គប់​ដុំ​ថ្ម រហូត​ដល់​ស្លាប់លើ​ជន​ណា​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា។

នៅថ្ងៃ​សុក្រម្សិលមិញ នៅក្នុង​ឱកាស​បង្ហាញ​ស្ថានភាព​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ហ្សឺណែវ គណៈប្រតិភូ​ព្រុយណេ ដឹកនាំ​ដោយ​អនុរដ្ឋមន្រ្តី​ការបរទេស លោក Dato Erywan Mohn Yusof បាន​ឡើង​ការពារ សាជាថ្មី ច្បាប់​អ៊ីស្លាម Charia ដែល​បើតាម​លោក គឺ គ្មាន​គោលដៅ រើសអើង​មនុស្ស ដោយ​មើល​ទៅ​ការស្រឡាញ់​ភេទដូចគ្នា ឬ​ការគោរព​សាសនា​នោះ​ទេ។

យ៉ាងណាក៏ដោយ បើតាម​អនុរដ្ឋមន្រ្តី​ការបរទេស ព្រុយណេ ទោះជា​ព្រុយណេ​មិន​ចាត់ចូល ការស្រឡាញ់ភេទ​ដូចគ្នា ជា​បទឧក្រិដ្ឋ ប៉ុន្តែ ព្រុយណេ​នៅតែ​ហាមឃាត់​ទង្វើបែបនេះ ដើម្បី ​ការពារ​សាសនា និង​ទំនៀមទម្លាប់​ប្រពៃណី ដែល​មាន​រហូត​មក នៅ​រាជាណាចក្រ​ព្រុយណេ។

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធាន​គណៈប្រតិភូ​ព្រុយណេ​បាន​បញ្ជាក់​សាជាថ្មី ជំហរ របស់​ព្រះចៅស៊ុលតង់ ដែល​បាន​ពន្យារ​ពេល វិធានការព្យួរ មិន​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​ព្រុយណេ។ ប្រទេស​លោក​ខាងលិច​ជាច្រើន​នៅ​តែ​បារម្ភ និង​ទាមទារ​ឲ្យ​ព្រុយណេ​ចាត់វិធានការ​ជាក់ស្តែង ចំណែក​ក្រុមការពារ​អ្នកស្រឡាញ់​ភេទដូចគ្នា នៅ​ព្រុយណេ​វិញ នៅ​តែមិនទាន់​ធូរស្រាលចិត្ត ព្រោះថា ទោះបី​ជា​ច្បាប់ ដាក់​ទោសប្រហារ​ជីវិត​ត្រូវ​បាន​ផ្អាក​មិន​អនុវត្ត​មែន ប៉ុន្តែ ច្បាប់​នៅ​តែ​លើកទឹកចិត្ត​ឲ្យ​មាន​ការរើសអើង មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា​នៅ​ព្រុយណេដដែល។ ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​បាន​ទាមទារ​ឲ្យ​លុបចោល​ទាំងស្រុង ច្បាប់រើសអើង​អ្នកស្រឡាញ់ ដោយសារ​គេ​ព្រួយ​បារម្ភ​ថា ដរាបណា ច្បាប់​អ៊ីស្លាម Charia នៅតែ​ចូលជា​ធរមាន ទោស​ប្រហារជីវិត លើ​អ្នកស្រឡាញ់ភេទ​ដូច​គ្នា នឹង​អាចត្រូវ​គេ​អនុវត្ត​គ្រប់ពេលវេលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ