អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន-ហុងកុង

សហរដ្ឋអាមេរិក និងចិនកំពុងបន្តផ្លោងសម្តីដាក់គ្នាយ៉ាងផុសផុលស្តីពីវិបត្តិនៅហុងកុង

នៅ​ថ្ងៃ​សុក្រ ទី៩ សីហា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​បរិហារ​លើ​សារព័ត៌មាន​ផ្លូវការ​ចិន​ដែល​បាន​សរេសរ​រិះគន់​លើ​ជំនួប​រវាង​ស្ថានកុងស៊ុល​អាមេរិក​ប្រចាំ​ហុងកុង និង​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ។ លោកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា អត្ថបទ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ចិន​គ្មាន​លក្ខណៈ​ទទួល​ខុសត្រូវ និង​ប្រកប​ដោយ​គ្រោះថ្នាក់។ លោកស្រី Ortagus បាន​យល់​ឃើញ​ថា សារព័ត៌មាន​ផ្លូវការ​របស់​ចិន​ត្រូវ​តែ​បញ្ឈប់​ទង្វើ​របៀបនេះ។ គួរ​រម្លឹក​ថា សង្រ្គាមពាក្យសម្តី​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​បាន​កើត​មាន​ឡើង ខណៈ​ដែល​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​កំពុង​បន្ត​ប្រឆាំង​នឹង​រដ្ឋអំណាច​ហុងកុង​ដែល​នៅ​មិន​ព្រម​ដក​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័នជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រីMorgan Ortagus
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រីMorgan Ortagus ANDREW CABALLERO-REYNOLDS / AFP
ផ្សាយពាណិជ្ជកម្ម

« រដ្ឋអំណាច​ចិន​បាន​ដឹង​ច្បាស់ណាស់​ថា ស្ថានកុងស៊ុល​របស់​យើង​បាន​ត្រឹម​បំពេញ​ការងារ​របស់​ខ្លួន​ដូច​ក្រុម​មន្រ្តីការទូត​របស់​បណ្តា​ប្រទេស​ផ្សេង​អ៊ីចឹង​ដែរ » នេះ​ជា​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី​Morgan Ortagus នៅ​ក្នុង​បណ្តាញសង្គម Twitter របស់​លោកស្រី។ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រសួង​ការបរទេស​ចិន​បាន​ចុះ​ផ្សាយ​សេចក្តីប្រកាសព័ត៌មាន​មួយ​ដោយ​ជំរុញ​ស្ថានកុងស៊ុល​សហរដ្ឋអាមេរិក​ប្រចាំ​ហុងកុង​ឲ្យ​ឈប់​ទាក់ទង​ជាមួយ​ក្រុម​បះបោរ​ប្រឆាំង​ចិន​នៅ​ហុងកុង​ជា​បន្ទាន់ និង​ជំរុញ​សហរដ្ឋអាមេរិក​ឲ្យ​បញ្ឈប់​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង។

លោកស្រី Ortagus បាន​បន្ថែម​ដោយ​បញ្ជាក់​ថា ចិន​មាន​ប្រវត្តិ​យូរ​លង់​ជា​អ្នក​មិន​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​រូប​នេះ​ដដែល​បាន​ទាមទារ​ឲ្យ​ចិន​គោរព​ដល់​ទីភ្នាក់ងារ​ស្ថានទូត និង​ស្ថានកុងស៊ុល​សហរដ្ឋអាមេរិក និង​ចាត់​វិធានការ​បញ្ជៀស​ការ​វាយប្រហារ​លើ​ក្រុម​មន្រ្តី​ការទូត មន្រ្តី​កុងស៊ុល សេរីភាព ឬ​សេចក្តីថ្លៃថ្នូរ​របស់​ពួក​គេ។ លោកស្រី Ortagus បាន​អះអាង​ថា ក្រុម​មន្រ្តីការទូត​បរទេស​ទាំងអស់​នៅ​សហរដ្ឋអាមេរិក មាន​ទាំង​ជនជាតិ​ចិន​ផង​ទទួល​បាន​សិទ្ធិសេរីភាព​គ្រប់​យ៉ាង​ទាំង​អស់។ នៅ​មុន​ប្រតិកម្ម​របស់​លោកស្រី Ortagus ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ឆ្លើយ​តប​នឹង​អត្ថបទ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ផ្លូវការ​ចិន​ដោយ​ចោទ​ក្រុង​ប៉េកាំង​ពី​បទ​មាន​ឥរិយាបទ​ដូច​មនុស្ស​ពាល និង​បាន​យាយី​លើ​មន្រ្តីការទូត​អាមេរិក។

ចំណែក​ចិន​វិញ​តាម​រយៈ​ការិយាល័យ​ស្នងការ​នៃ​ក្រសួង​ការបរទេស​ចិន​ប្រចាំ​ហុងកុង​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ចាត់​ទុក​ការ​ថ្លែង​របស់​លោកស្រី Ortagus ថា​ជា​ការ​បង្កាច់បង្ខូច​លើ​ប្រទេស​ចិន និង​បាន​បង្ហាញ​ជា​ថ្មី​នូវ​កាយវិការ​ជា​បងធំ​របស់​សហរដ្ឋអាមេរិក។ សង្រ្គាម​ពាក្យសម្តី​ឆ្លើយឆ្លង​រវាង​សហរដ្ឋអាមេរិក និង​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈពេល​ដែល​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​កំពុង​បន្ត​ប្រឆាំង​នឹង​រដ្ឋអំណាច​ហុងកុង​ដែល​នៅ​មិន​ព្រម​ដក​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័នជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក។ ក្រុង​ប៉េកាំង​បាន​យល់​ឃើញ​ថា ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហុងកុង​ពី​សំណាក់​ក្រុម​សកម្មជនអ្នកប្រជាធិបតេយ្យ​តាំង​ពី ២ខែ​កន្លង​មក​មាន​ការ​ជួយ​គាំទ្រ​ពី​ក្រុម​ប្រទេស​បស្ចិមលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ