អានតួអត្ថបទ

ការចរចាពាណិជ្ជកម្ម អាមេរិកបង្ហាញសុទិដ្ឋនិយម តែចិនគ្មាន​ជំនឿ

ការ​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ត្រូវ​ចាប់​ផ្តើម​ជា​ថ្មី នៅ​ថ្ងៃព្រហស្បត៍ និង​សុក្រ​នេះ នៅ​វ៉ាស៊ីនតោន។ គ្មានសង្ឃឹម​​អ្វី​ជា​ច្បាស់លាស់​សោះ​ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​ចរចា​ជាន់​ខ្ពស់​លើក​នេះ។ ​​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ថា​ សំណាង​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក-ចិន​មាន​ច្រើន ប៉ុន្តែ​ខាង​ប៉េកាំង​វិញ ថា​ការ​ចរចា​លើក​នេះ​មាន​សង្ឃឹម​តិច​ជាង​មុន​ផង។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោក Steven Mnuchin (ឆ្វេង) ឧបនាយក​រដ្ឋមន្ត្រី​ចិន លោក Liu He (កណ្តាល) និង​លោក Robert Lighthizer រូបថត​នៅ​ចិន ថ្ងៃ​៣១​កក្កដា២០១៩
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោក Steven Mnuchin (ឆ្វេង) ឧបនាយក​រដ្ឋមន្ត្រី​ចិន លោក Liu He (កណ្តាល) និង​លោក Robert Lighthizer រូបថត​នៅ​ចិន ថ្ងៃ​៣១​កក្កដា២០១៩ © AFP
ផ្សាយពាណិជ្ជកម្ម

ដូច​ជំនួប​ចរចាជាន់​ខ្ពស់​លើក​មុន ជំនួប​​ថ្ងៃព្រហស្បតិ៍​និង​សុក្រ​នេះ ត្រូវ​ដឹកនាំ​ដោយ​ ​​ តំណាង​ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ លីវ ហេ Liu He សម្រាប់​ខាង​ភាគី​ចិន និង​ខាង​សហរដ្ឋអាមេរិក​តំណាង ​ដោយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Steven Mnuchin ​និង​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​លោក​​ Robert Lighthizer។ គ្មាន​ព័ត៌មាន​​អ្វី​ជ្រាប​ចេញ​ ពី​​ការ​ត្រៀម​រៀប​ចំ​ជំនួប​លើក​នេះ​ទេ។​ គឺ​មាន​តែ​ ពាក្យ​ចចាម​អារាម​មិន​អាច​ផ្ទៀង​ផ្ទាត់ សេចក្តីប្រកាស​គ្មាន​ប្រភព បញ្ច្រាស​បណ្តោយ​គ្នា​ ​បាន​មក​បំពុល​បរិយាកាស​ឱ្យ​កាន់​មិន​ច្បាស់​លាស់​គ្នា​តែ​ប៉ុណ្ណោះ។

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន លោក​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ នៅ​ល្ងាច​មិញថា គេ​មាន​សំណាង​ច្រើន​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ! លោកត្រាំ​ថែម​ទាំង​បាន​បញ្ជាក់​ថា គឺ​ចិន​ចង់​បាន​ខ្លាំង​ជាង​អាមេរិក​ទៅ​ទៀត។ តែ​កាលពី​ថ្ងៃចន្ទ នៅ​ពេល​ប្រកាស​ជា​ផ្លូវការ​បើក​ជំនួប​ចរចា​ជាន់​ខ្ពស់​ថ្ងៃ​នេះ សេតវិមាន​បាន​ប្រកាស​ចង់​បាន​កិច្ចព្រមព្រៀង​ទូលំទូលាយ​មួយ គ្រប់​ប្រធានបទ​នឹង​លើក​យក​មក​ពិភាក្សា​គ្នា រាប់​ទាំង​បញ្ហា​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ក្រុម​រដ្ឋ​ចិន​ដែល​ប៉េកាំង​មិន​ចង់​និយាយ​ដល់​ផង។

ប៉ុន្តែ​ខាង​ចិន​វិញ ថ្វី​បើប៉េកាំង​​បាន​បង្រួម​ចំណុច​​ជម្លោះ​ និង​​ចង់​បិទ​បញ្ចប់​ភាព​តាន​តឹង​ពាណិជ្ជកម្ម​ជា​មួយ​អាមេរិក​យ៉ាង​ណា​ក៏​ដោយ​ ក៏​សម្រាប់​ពេល​នេះ អ្នក​ទទួល​ខុស​ត្រូវ​របប​កុម្មុយនិស្ត គ្មាន​សុទិដ្ឋនិយម​ សម្រេច​បាន​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​ក្នុង​រយៈ​ពេល​ដ៏ខ្លី​ខាង​មុខ​សោះ។ ប្រភព​មិន​សុំ​បញ្ចេញ​ឈ្មោះ ក្នុង​ជួរ​អ្នក​ទទួល​ខុស​ត្រូវ​​ចិន បានបង្ហើប​ផ្ទុយ​ពី​ទស្សនៈ​លោក​ត្រាំ​ថា ជំនួប​ចរចា​លើក​នេះ​អាច​នឹង​ជួប​ភាព​ទ័លច្រក បើក​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្តែង​បច្ចុប្បន្ន។ គេ​ត្រូវ​ការ​ពេលវេលា​ច្រើនទើប​អាច​នាំ​ប្រទេស​ទាំ​ងពី​រ​ឱ្យត្រូវ​រ៉ូវ​គ្នា​បាន។ បើ​តាម​កាសែត South China Morning Post​វិញ ​​ព្រលយ​ថា​ប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី លីវ ហេ ទំនង​ជា​នឹង​ចាកចេញ​ពី ទីក្រុង​វ៉ាស៊ីនតោន​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែ​ម្តង​ផង តែ​ខាង​វ៉ាស៊ីនតោន​មិន​​ដឹង​អំពីការ​ផ្លាស់​ប្តូរ​កម្មវិធី​នេះ​ទេ។

បើ​កិច្ចចរចា​ពុំ​មាន​លទ្ធផល​ជា​ដុំ​កំភួន​ទេ សេចក្តី​សម្រេច​របស់​លោក​ដូណាល់ ត្រាំ ​ដំឡើង​ពន្ធ​ពី​​ ២៥ ទៅ​៣០% លើ​​ផលិតផល​នាំ​ចូលមក​ពី​ចិន​ក្នុង​​ទំហំ​២៥០​ពាន់​លាន​ដុល្លារ​ នឹង​ចូល​ជា​ធរមាន ចាប់​ពី​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ