អានតួអត្ថបទ
ឥណ្ឌូណេស៊ី

អាជ្ញាធរ​ឥណ្ឌូណេស៊ី​កំពុង​តាម​ស្វែងរក​យន្តហោះ​ដែល​បាត់​កាលពី​ថ្ងៃ​សុក្រ

នៅថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​កំពុងតែ​បើក​ធ្វើ​ប្រតិបត្តិការ​តាមរុករក​យន្តហោះ​ដឹកអ្នក​ដំណើរមួយគ្រឿង ដែល​បាន​បាត់ខ្លួន កាល​ពីថ្ងៃ​សុក្រ។ យន្តហោះ​នេះ គឺ​ជា​យន្តហោះ​ធុនតូច មាន​មនុស្ស​ជិះ ១០នាក់ ហើយ​ត្រូវ​បាត់​ពីរ៉ាដា នៅ​ក្នុង​ពេល​កំពុងហោះហើរ​ដឹកអ្នក​ដំណើរ​ក្នុងស្រុក។

យន្តហោះ​ធុន DHC-6 Twin Otter ដូចដែល​យន្តហោះ​ដែល​បាត់​នៅ​ឥណ្ឌូណេស៊ី
យន្តហោះ​ធុន DHC-6 Twin Otter ដូចដែល​យន្តហោះ​ដែល​បាត់​នៅ​ឥណ្ឌូណេស៊ី Wikipedia
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដែល​បាត់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីថ្ងៃ​សុក្រ​នេះ គឺ​ជា​យន្តហោះ​ធុន DHC-6 ផលិត​នៅ​កាណាដា មាន​ដឹកអ្នក​ដំណើរ ៧នាក់ ព្រមទាំង​​អ្នក​បើកបរ​ និង​​អ្នក​បម្រើការ​លើ​យន្តហោះ​ ៣នាក់។ យោងតាម​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី យន្តហោះ​នេះ​បាន​បាត់​ការទាក់ទង នៅ​ក្រោយ​ពេល​ហោះចេញ​ពីព្រលាន​យន្តហោះ​បាន តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយ​បាត់ការ​ទាក់ទង​ដោយ​គ្មាន​ឲ្យ​សញ្ញា​អាសន្ន​អ្វី​ទាំងអស់។

អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឲ្យដឹង​ថា ប្រតិបត្តិការ​តាមស្វែងរក​យន្តហោះ​នេះ​បាន​ចាប់បើក​ធ្វើ​ភ្លាមៗ កាលពីថ្ងៃ​សុក្រ ហើយ​បាន​ចាប់ផ្តើម​ធ្វើ​សាជាថ្មី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដោយ​មាន​ទាំង​ការ​ស្វែងរក​ពីលើ​អាកាស និង​ការ​ស្វែងរក​នៅលើ​ដី។ យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ព្រមទាំង​ទាហាន​ជាង​មួយរយនាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ការស្វែងរក​យន្តហោះ​នេះ។

ហេតុការណ៍​បាត់យន្តហោះ​នេះ​ គឺ​ជា​ហេតុការណ៍​ថ្មីមួយ​ទៀត ដែល​មក​បន្ថែម​លើ​បញ្ហា​សុវត្ថិភាព​ផ្លូវអាកាស​របស់​ឥណ្ឌូណេស៊ី ដែល​កំពុងតែ​មាន​ប្រវត្តិ​មិន​ល្អ​ស្រាប់។ គ្រាន់តែ​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅនេះ គេ​ឃើញ​មាន​គ្រោះថ្នាក់​យន្តហោះ​ធំៗ​ចំនួន ៣លើក​រួចមកហើយ ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ទីមួយ គឺ​​ការ​ធ្លាក់​យន្តហោះ​ AirAsia កាល​ពីខែ​ធ្នូ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១៦២នាក់ ទីពីរ ការធ្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​ក្នុងស្រុក កាល​ពីខែ​សីហា នៅ​តំបន់ប៉ាពូអាស៊ី ដែល​សម្លាប់​មនុស្ស ៥៤នាក់ និងទី៣ គឺ​ការ​ធ្លាក់​យន្តហោះ​ដឹកជញ្ជូន​យោធា​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០០នាក់ កាល​ពីខែ​មិថុនា។

គួររំឭកឡើងវិញ​ផងដែរ​ថា កាលពីឆ្នាំ​២០១៤​កន្លងទៅនេះ ឥណ្ឌូណេស៊ី​ត្រូវ​បាន​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​របស់​អ.ស.ប ចាត់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ជាប់ចំណាត់ថ្នាក់​អន់បំផុត ក្នុង​វិស័យ​សុវត្ថិភាព​ផ្លូវអាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ