អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖​តាលីបង់​​និយាយ​ថា មិន​​បាន​​ដោះដូរ​​ព័ត៌មាន​​ជាមួយ​​រុស្ស៊ី​ទេ

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ចលនា​ឧទ្ទាម​តាលីបង់​បាន​បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​លើ​ព័ត៌មាន​ដែល​ថ្លែង​ដោយ​មន្រ្តីជាន់ខ្ពស់​រុស្ស៊ី​ម្នាក់​ដែល​ថា ខ្លួន​បាន​ចរចា និង​ដោះដូរ​ព័ត៌មាន​ជាមួយ​ប្រទេស​រុស្ស៊ី​ទាក់ទង​នឹង​សត្រូវ​រួម គឺ​អង្គការ​រដ្ឋអ៊ីស្លាម។ អង្គការ​រដ្ឋអ៊ីស្លាម​ដែល​សកម្មជន​វា​កំពុង​មាន​វត្តមាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។

ក្រុម​យុទ្ធជន​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន
ក្រុម​យុទ្ធជន​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន AFP PHOTO / Noorullah Shirzada
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ថ្លែង​ឡើង​ដោយ​លោក Zamir Kaboulov កាល​ពី​ថ្ងៃ​ពុធ ទី២៣ ធ្នូ​ដែល​ថា ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​ជា​ពួក​ស៊ុយនីត​និយមជ្រុល គឺ​ជា​សត្រូវ​រួម​របស់​រស្ស៊ី និង​ចលនា​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ថា វា​ចៃដន្យ​អ្វី​ដែល​រុស្ស៊ី និង​តាលីបង់​មាន​កម្មវត្ថុ​រួម​ដូច​គ្នា។ ក្នុង​នាម​ជា​អ្នកតំណាង​ពិសេស​របស់​វិមាន​ក្រិមឡាំង​ទទួល​បន្ទុក​សំណុំរឿង​អាហ្វហ្កានីស្ថាន លោក Zamir Kaboulov បាន​រម្លឹក​ជា​ថ្មី​ថា រុស្ស៊ី និង​ចលនា​ឧទ្ទាមតាលីបង់​មាន​បណ្តាញ​ទូរស័ព្ទ​សម្រាប់​ដោះដូរ​ព័ត៌មាន​រវាង​គ្នា។

ជា​ចម្លើយ​តប​វិញ ចលនា​ឧទ្ទាម​តាលីបង់​បាន​ចុះ​ផ្សាយ​សារ​មួយ​នៅ​លើ​គេហទំព័រ​កាល​ពី​ថ្ងៃ​សុក្រ ទី២៥ ធ្នូ​ដែល​ថា ខ្លួន​មិន​ដែល​ត្រូវ​ការ​ជំនួយ​ពី​នរណា​ម្នាក់​ក្នុង​រឿង​អ្វី​ទេ សូម្បី​តែ​រឿង​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​គ្មាន​ដែរ។ នៅ​ក្នុង​សារ​ដដែល ពួក​តាលីបង់​​បាន​បន្ថែម​ថា ពួក​គេ​មិន​ដែល​ទាក់ទង ហើយ​ក៏​ត្រូវ​ការ​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ដើម្បី​និយាយ​ពី​រឿង​អ្វី​ទេ។ គួរ​រម្លឹក​ជូន​ថា របប​តាលីបង់​ត្រូវ​បាន​អាមេរិក​ផ្តួលរំលំ​ក្នុង​ឆ្នាំ ២០០១ និង​ដែល​តាំង​ពី​ពេល​នោះ​មក ចលនា​មួយ​បាន​ប្រមូល​ផ្តុំ​នៅ​តំបន់​ប៉ែក​កើត​ប្រទេស រួច​បន្ត​ការ​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន។

តែ​តាំង​ពី​ដើម​ឆ្នាំ ២០១៥ នេះ​មក មាន​យុទ្ធជន​តាលីបង់​ជា​ច្រើន​បាន​ប្រកាស​តាំង​ខ្លួន​ជា​ពួក​ជីហាត​របស់​អង្គការ​រដ្ឋអ៊ីស្លាម ពិសេស​ពួក​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ថ្នាក់ដឹកនាំ​ថ្មី បន្ទាប់​ពី​មរណៈភាព​មេកើយ Mollah Omar ក្នុង​ឆ្នាំ ២០១៣។ ចលនា​តាលីបង់​បាន​ប្រកាស​ទទួល​ស្គាល់​ពី​វត្តមាន​សកម្មជន​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន តែ​បាន​អះអាង​ថា ពួក​នេះ​មាន​ចំនួន​តិចតួច​នៅ​ក្នុង​តំបន់​តូច​មួយ​នៃ​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ៣៤ នៅ​ទូទាំង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ថា នេះ​មិនមែន​ជា​ក្តី​កង្វល់​របស់​តាលីបង់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ