អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ឧបទ្វីបកូរ៉េ៖​កូរ៉េខាងជើង​ចេញ​មុខ​សងសឹក​កូរ៉េខាងត្បូង​នៅ​តំបន់​ឧស្សាហកម្ម​កែស៊ុង

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​កំពុង​បន្ត​ដំឡើង​សាច់ដុំ​ដាក់​គ្នា​ទាក់ទង​នឹង​តំបន់​ឧស្សាហកម្ម​កែស៊ុង។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១ កុម្ភៈ​នេះ កូរ៉េខាងជើង​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​កូរ៉េខាងត្បូង​ទាំង​អស់​ចាកចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង ព្រម​ទាំង​ប្រកាស​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ទាំងអស់​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​ដែល​មាន​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​កែស៊ុង​នោះ។ ការ​ប្រកាស​របស់​ក្រុង​ព្យុងយ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ១ថ្ងៃ ក្រោយ​ពី​កូរ៉េខាងត្បូង​បាន​ប្រកាស​បិទទ្វារ​តំបន់​ឧស្សាហកម្ម​កែស៊ុង​ក្នុង​គោលដៅ​ដាក់​ទ័ណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដែល​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​នា​ពេល​ថ្មីៗ​នេះ។

តំបន់​ឧស្សាហកម្ម​កែស៊ុង (Kaesong Industrial Complex)
តំបន់​ឧស្សាហកម្ម​កែស៊ុង (Kaesong Industrial Complex) Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជា​របស់​ទីក្រុង​ព្យុងយ៉ាង​ឲ្យ​ពលរដ្ឋ​កូរ៉េខាងត្បូង​ចាកចេញ​ពី​តំបន់​ឧស្សាហកម្ម​កែស៊ុង​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​ដើម្បី​បង្រួបបង្រួម​កូរ៉េ​ដោយ​សន្តិវិធី​របស់​កូរ៉េខាងជើង។ នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ កូរ៉េខាងជើង​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​កូរ៉េខាងត្បូង​គ្រប់រូប​វេចបង្វេច​ចេញ​ពី​តំបន់​កែស៊ុង​ឲ្យ​បាន​មុន​ម៉ោង ៥ល្ងាច ម៉ោង​នៅ​កូរ៉េ និង​អនុញ្ញាត​ឲ្យ​យក​តែ​របស់របរ​ផ្ទាល់​ខ្លួន​ទៅ​ជាមួយ។ ទន្ទឹម​គ្នា​នោះ កូរ៉េខាងជើង​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​រឹបអូស ប្រមូល​យក​ទ្រព្យសម្បត្តិ​ទាំង​អស់ រួម​ទាំង​គ្រឿងម៉ាស៊ីន និង​សម្ភារៈ​ផ្សេងៗ​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​ដែល​មាន​នៅ​ក្នុង​តំបន់​កែស៊ុង​នោះ។

សេចក្តីប្រកាស​បាន​បន្ថែម​ថា​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ តំបន់​ឧស្សាហកម្ម​កែស៊ុង​នឹង​ក្លាយ​ជា​តំបន់​យោធា ព្រម​ទាំង​ប្រកាស​ព្យួរចោល​រាល់​បណ្តាញ​ទូរគមនាគមន៍​យោធា​រវាង​បងប្អូន​គូសត្រូវ​ទាំង​ពីរ​ដោយ​គ្មាន​កំណត់​រយៈពេល។ ការ​ប្រើ​ធម៌ក្តៅ​របស់​កូរ៉េខាងជើង​ពេល​នេះ គឺ​ដើម្បី​​ឆ្លើយ​តប​នឹង​ចំណាត់ការ​របស់​កូរ៉េខាងត្បូង​ដែល​បាន​សម្រេចចិត្ត​បិទទ្វារ​តំបន់​កែស៊ុង​តែ​ម្នាក់​ឯង។ ទីក្រុង​សេអ៊ូល​បាន​លើក​យក​ហេតុផល​ថា ទង្វើ​របស់​ខ្លួន​ដូច​នេះ​មាន​គោលដៅ​ដាក់​ទ័ណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង​ដែល​បាន​ធ្វើ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​អន្តរទ្វីប​នា​ពេល​កន្លង​ទៅ។

សូម​ជម្រាប​ជូន​ថា តំបន់​ឧស្សាហកម្ម​កែស៊ុង (Kaesong Industrial Complex) ដែល​ស្ថិត​ក្នុង​ទឹកដី​កូរ៉េខាងជើង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​កូរ៉េខាងត្បូង​កាល​ពីឆ្នាំ​២០០២ ដើម្បី​ធ្វើ​ជា​ស្ពាន​ចម្លង​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ។ តំបន់​ឧស្សាហកម្ម​មួយ​នេះ មាន​សុទ្ធ​តែ​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​របស់​កូរ៉េខាងត្បូង​សរុប ១២៤ ក្រុមហ៊ុន និង​រោងចក្រ និង​បាន​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​កូរ៉េខាងជើង​ប្រមាណ​ជា ៥៤ ០០០នាក់។ ក្នុង​មួយ​ឆ្នាំៗ របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​ទទួល​បាន​ប្រាក់ចំណូល​​ពី​តំបន់​កែស៊ុង​ជា​ច្រើន​លានដុល្លារ។

យ៉ាង​ណា​ក៏​ដោយ ក្រុមប្រឆាំង​នៅ​កូរ៉េខាងត្បូង​មិន​បាន​យល់ស្រប​តាម​ការ​សម្រេចចិត្ត​របស់​ក្រុង​សេអ៊ូល​ទេ​ដោយ​ពួក​គេ​យល់​ថា ការ​ផ្តាច់​ទំនាក់ទំនង​ទាំង​អស់​ជាមួយ​ក្រុង​ព្យុងយ៉ាង​នឹង​រឹតតែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។ នៅ​សហរដ្ឋអាមេរិក ព្រឹទ្ធសភា​បាន​សម្រេច​នៅ​យប់​ថ្ងៃ​ពុធ ទី១០ កុម្ភៈ​ពង្រឹង​ទ័ណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ