អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​អូស្ត្រាលី​ក្រោម​ភ្លើង​​រិះគន់ពីរឿង​ចាប់​បញ្ជូន​ទូក​ជនភៀសខ្លួន​ស្រីលង្កា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ព្រឹកថ្ងៃ​អង្គារ​ទី ៨​កក្កដា តុលាការ​ស្រីលង្កា​​បាន​បើក​សវនការ​កាត់ទោស​ជនជាតិ​ស្រីលង្កា​៤១ពី​បទ​ចាកចេញ​ពី​ប្រទេស​ខុសច្បាប់។ ជនជាប់ចោទ​​ស្រីលង្កា​ដែល​មាន​ទាំងស្រ្តី និង​កុមារផងដែរ​នោះ​ ​ត្រូវ​បាន​អាជ្ញាធរ​អូស្ត្រាលី​ចាប់បញ្ជូន​ត្រលប់​មក​ស្រីលង្កា​វិញ​កាលពី​ថ្ងៃ​អាទិត្យ ទី ៦​កក្កដា។ មួយ​​សប្តាហ៍​មកហើយ ​អង្គការ​ការពារ​សិទ្ធិមនុស្ស​​បានឈ្លេច​សួរ​​រដ្ឋាភិបាល​អូស្ត្រាលី ពីជោគវាសនា​​ទូក​ដឹក​ជនភៀស​ខ្លួនស្រីលង្កា ដែល​បាន​បាត់ខ្លួន នៅក្នុង​សមុទ្រ​ក្បែរ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ អាជ្ញាធរ​អូស្ត្រាលី​​មិន​បញ្ចេញ​ព័ត៌មាន​អ្វី​ទាំងអស់។ រដ្ឋាភិបាល​អូស្រ្តាលី​ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​បញ្ជូន​ទូក​ជនភៀសខ្លួន​ទៅ​ស្រីលង្កាវិញ។ ការប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​ តុលាការ​អូស្ត្រាលី​បាន​ចេញ​ដីការ កាលពី​ថ្ងៃ​ចន្ទ ​ហាម​មិន​ឲ្យរដ្ឋាភិបាល​​អូស្ត្រាលីចាប់​​បញ្ជូន​ទូក​ជនភៀសខ្លួន​មួយ​ទៀត ដែល​មាន​ដឹក​មនុស្ស១៥១​នាក់ ទៅ​ប្រទេស​ស្រីលង្កា និង​ដែល​អាជ្ញាធរ​អូស្ត្រាលី​កំពុង​ចាប់ឃាត់ខ្លួន។ នៅថ្ងៃ​អង្គារ​តុលាការ​អូស្ត្រាលី​ត្រូវ​បើក​សវនការ​ដើម្បី​ពិនិត្យ​​លើ​ចំណាត់ការ​របស់រដ្ឋាភិបាល​ក្នុង​ការបញ្ជូន​ជនភៀសខ្លួន​ស្រីលង្កា។ ​​​

ប្រជាជន​ស្រីលង្កា​៤១​នាក់​ដែល​ត្រូវ​អាជ្ញាធរ​អូស្ត្រាលី​ចាប់​បញ្ជូន​ត្រលប់មកវិញ ត្រូវ​តុលាការ​ស្រីលង្កា​ចោទប្រកាន់​ពី​បទ​ចាកចេញ​ប្រទេស​ខុសច្បាប់​កាលពីថ្ងៃ​អង្ការ​ទី ៨​កក្កដា
ប្រជាជន​ស្រីលង្កា​៤១​នាក់​ដែល​ត្រូវ​អាជ្ញាធរ​អូស្ត្រាលី​ចាប់​បញ្ជូន​ត្រលប់មកវិញ ត្រូវ​តុលាការ​ស្រីលង្កា​ចោទប្រកាន់​ពី​បទ​ចាកចេញ​ប្រទេស​ខុសច្បាប់​កាលពីថ្ងៃ​អង្ការ​ទី ៨​កក្កដា ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អូស្ត្រាលី​​កំពុង​រង​រលក​រិះគន់ ដោយសារ​តែ​ភាពពុតត្បុត និង​​ចំណាត់​ការ​តឹងរ៉ឹង​ គ្មានលក្ខណៈ​មនុស្ស​ធម៌​របស់​ខ្លួន។ នៅសប្តាហ៍​កន្លងទៅនេះ អង្គការ​ជាច្រើន​បាន​តវ៉ា​ពីរឿង​បាត់ទូក​ជនភៀសខ្លួន​ស្រីលង្កា ដែល​​បាន​ចាកចេញ​ពី​ស្រីលង្កា តាំងពី​ខែ​មិថុនា ដើម្បី​សំដៅ​ទឹកដី​អូស្ត្រាលី។  ប៉ុន្តែ រដ្ឋាភិបាល​អូស្ត្រាលី​ខំ​​លាក់​ មិន​ប្រាប់ថា ខ្លួន​ចាប់បញ្ជូន​ទូក​ជនភៀស​ខ្លួន​ទៅ​ស្រីលង្កា​ទេ។

 
វិធានការ​ចាប់បញ្ជូន​ទូក​ជនភៀសខ្លួន បាន​បង្ក​ឲ្យ​មាន​ការរិះគន់ខ្លាំង ព្រោះថា អាជ្ញាធរ​អូស្ត្រាលី​បាន​សម្រេច​អនាគត​ជន​ភៀសខ្លួន​នៅលើ​សមុទ្រ ដោយ​មិន​រង់ចាំ​ឲ្យជនភៀសខ្លួន​​ដាក់​ជើង​​ជាន់​ដី​អូស្ត្រាលីសិន។ នៅក្នុង​ពេល​​ចាប់​ស្ទាក់ទូក​របស់​ជនភៀស​ខ្លួន អាជ្ញាធរ​អូស្ត្រាលី​បានសម្រេចភ្លាមៗ ​​​បញ្ជូន​ពួកគេ​ឲ្យ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ដោយ​មិន​សាកសួរ​​ថា តើ​ពួកគេ​អាច​រងគ្រោះនៅ​ពេល​ត្រលប់​ទៅ​ប្រទេស​វិញ​ដែរ​ឬទេ។ តាម​ប្រធាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន គេ​នឹង​បើក​ការស៊ើបអង្កេត តាមដាន​មើល​​ថា តើ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​បាន​គោរព​ច្បាប់​អន្តរជាតិ​​ស្តីពី​ជនភៀសខ្លួន​ដែរឬទេ។ អូស្ត្រាលី​​ត្រូវ​គោរព​ច្បាប់​អន្តរជាតិ​ស្តីពី​ជនភៀសខ្លួន ដោយ​សន្យា​ថា នឹង​សួរ​ព័ត៌មាន​ជុំវិញ​ហេតុផល​ដែល​ជំរុញ​ឲ្យ​ជនភៀសខ្លួនចាកចេញ​ប្រទេស​ខ្លួន និង​ចង់​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ទឹកដី​អូស្រ្តាលី។

នៅ​ព្រឹកថ្ងៃ​អង្គារ​ នៅក្នុង​សវនការ​នៅ​ប្រទេស​ស្រីលង្កា ជនភៀសខ្លួន​ម្នាក់​ដែល​ត្រូវ​អូស្ត្រាលី​ចាប់​បញ្ជូន​មកវិញ បាន​និយាយ​ថា គេ​នឹង​ប្តឹង​រដ្ឋាភិបាល​អូស្ត្រាលី ពី​បទ​ធ្វើបាប និង​មើលងាយ​ដល់​ជនភៀសខ្លួន​នៅលើ​ទូក។ តាម​ជនរងគ្រោះ ដែល​អាជ្ញាធរ​ស្រីលង្កា​កំពុង​ឃុំខ្លួន អាជ្ញាធរ​អូស្ត្រាលី​គ្មាន​លក្ខណៈ​មនុស្ស​ធម៌​បន្តិចទេ ព្រោះ​គេ​បាន​ផ្តល់​អាហារ​ផ្អូម ឬ​ព្រងើយ​កន្តើយ​មិន​ជួយ​ព្យាបាល​ស្រ្តី​ម្នាក់​ដែល​កើតគ្រុនក្តៅ នៅលើ​ទូក ក្នុង​សប្តាហ៍​កន្លងទៅ។ ជនរងគ្រោះ​ស្រីលង្កា​នៅបាន​និយាយ​ថា អាជ្ញាធរ​អូស្ត្រាលី​មិន​បាន​ខ្វល់​សួរសំណួរ​អ្វីទេ គឺ​គេចង់​តែ​ចាប់​បញ្ជូន​ឲ្យ​ត្រលប់​មក​វិញ​តែ​ប៉ុណ្ណោះ និង​មិនខ្វល់ខ្វាយ​ពី​ជោគវាសនា​របស់​អ្នកដែល​ធ្លាប់​រត់គេច​ពី​អំពើ​ហិង្សា​នៅ​ស្រីលង្កា​ទេ។

កាលពី​ចន្ទ​ម្សិលមិញ រដ្ឋាភិបាល​អូស្រា្តលី​​ទទួល​ស្គាល់​ ​ថា ខ្លួន​ពិតជា​បាន​ចាប់បញ្ជូន​ទូក​ជនភៀសខ្លួន​ស្រីលង្កា​ទៅ​ឲ្យ​អាជ្ញាធរ​ស្រីលង្កា។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ចំនួន​បារម្ភថា ជនជាតិ​តាមីល ដែល​ធ្លាប់​រង​គំរាមកំហែង​ពី​ទាហាន​ស្រីលង្កា និង​ដែល​ស្ថិតនៅក្នុង​ចំណោម​ជនភៀសខ្លួន​ក្នុង​ទូក​នោះ នឹង​អាច​ត្រូវ​រង​ការធ្វើ​ទុក្ខបុកម្នេញ បើសិន​ជា​ត្រូវ​គេ​បញ្ជូន​ឲ្យ​ត្រលប់​ទៅស្រីលង្កាវិញ​។ និយាយ​បែបម្យ៉ាង គឺ​ចាប់បញ្ជូន​ជនតាមីល​ឲ្យ​ត្រលប់​ទៅស្រុក​ស្រីលង្កាវិញ គឺ​មិន​ខុស​អ្វី​ពី​ចាប់បញ្ជូន​ជនរងគ្រោះ​ឲ្យ​ត្រលប់​ទៅ​រង​ការធ្វើ​បាប​ពី​ក្រុម​ពេជ្ឈឃាត ដែល​ពួកគេ​​បាន​រត់គេច​ចេញនោះទេ។ នេះ​ហើយ​ជា​នយោបាយ​គ្មាន​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​​អូស្ត្រាលី។

រដ្ឋាភិបាល​អូស្ត្រាលី​ មិន​ថា មុន ឬ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​អនុវត្ត​នយោបាយ​តឹងរ៉ឹង​សម្រាប់​ទទួល​ជនភៀសខ្លួន។ នាយករដ្ឋម​ន្រ្តី​អូស្រ្តាលី​មុនចរចា​ជាមួយ​រដ្ឋាភិបាល ប្រទេស​ប៉ាពូអាស៊ី​នូវេលហ្គីណេ និង​កោះ​ណូរុ ដើម្បី​ទទួល​ជនភៀសខ្លួន​ដែល​ចង់​ចូល​ទឹកដី អូស្ត្រាលី។ ជន​ភៀសខ្លួន​​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​តាមទូក ចង់​សុំ​សិទ្ធិ​ជ្រកកោន​នៅ អូស្ត្រាលី​​ត្រូវ​អាជ្ញាធរ​អូស្ត្រាលី ស្ទាក់​ចាប់​នៅក្នុង​សមុទ្រ​ និង​ត្រូវបញ្ជូន​ភ្លាម ឲ្យ​ទៅ​នៅ​ជំរំ​ក្នុង​ប្រទេស​ប៉ាពូអាស៊ី​នូវេលហ្គីណេ ដោយ​មិន​ទុក​ឲ្យ​ពួកគេ​អាច​ជាន់​ទឹកដី​អូស្ត្រាលី​ទាន់។ នៅក្នុង​ជំរំ ជនភៀសខ្លួនត្រូវ​រង់ចាំ​ចម្លើយ​​ថា តើ​ពួកគេ​នឹង​អាច​ទទួលសិទ្ធិ​ជ្រកកោន​នៅក្នុង​ទឹកដី​អូស្រាលី ប៉ុន្តែ ជាញឹកញយ​ពួកគេ​ត្រូវ​អូស្ត្រាលី​បដិសេធ និង​បញ្ជូន​ត្រលប់​ទៅប្រទេស​ដើម​វិញ។

រដ្ឋាភិបាល​អូស្ត្រាលី​ថ្មី​របស់​លោក​តូនី អាប៊ត​បាន​ពង្រឹង​នយោបាយ​ទទួល​ជនភៀសខ្លួន ដោយ​បាន​បន្ថែម​តួនាទីកងទ័ព​ឲ្យ​ទទួល​បន្ទុក​ស្ទាក់ចាប់​ទូកជនភៀសខ្លួន និង​ចាប់​បញ្ជូន​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រភព​ចេញដំណើរ​ភាគច្រើន​របស់​ទូក​ជនភៀសខ្លួន។ កប៉ាល់​ល្បាត​របស់​អូស្ត្រាលី​ត្រូវ​បាន​ពង្រាយ​នៅ​សមុទ្រ និង​ប្រតិបត្តិការ​ស្ទាក់រាល់​ទូក​ដែល​គេ​សង្ស័យ​ដឹក​មនុស្ស​ចូល​អូស្ត្រាលី។ ​ឥណ្ឌូណេស៊ី​ខឹង​អន់ចិត្ត​នឹង​អូស្ត្រាលី​ និង​ចោទ​ថា បាន​ចូល​រំលោភ​ញឹកញយ​ក្នុង​ដែនទឹក​របស់ខ្លួន។ អង្គការ​អ្នកការពារ​សិទ្ធិមនុស្ស វាយតម្លៃ​ថា ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ធ្វើ​ឲ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​​ជនភៀសខ្លួន ទាំងរូបកាយ និង​ផ្លូវចិត្ត។

នៅអូស្ត្រាលី បើទោះបី ជា​មាន​មតិរិះគន់​ទៅលើ​សកម្មភាព​រឹតបន្តឹងទៅលើ​​​ជនភៀសខ្លួន ប៉ុន្តែ ប្រជាជន​អូស្ត្រាលី​ភាគច្រើន គឺ​ប្រមាណ ៦០​ភាគរយ​គាំទ្រ​រដ្ឋាភិបាល។ ពួក​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​រឹតបន្តឹង​កុំ​ឲ្យ​ជនភៀសខ្លួន​ហូរ​ចូល​មក​ក្នុង​ប្រទេស​អូស្ត្រាលី។ ប្រជាជន​អូស្ត្រាលី​ជាច្រើន​មើលឃើញ​ជនភៀសខ្លួន​ ជាអ្នកគំរាមកំហែង ដណ្តើម​​ផលប្រយោជន៍​សេដ្ឋកិច្ច​ពីខ្លួន។

អូស្ត្រាលី​មាន​ប្រជាជន​២៣​លាន​នាក់ រស់នៅលើ​ទំហំ​ដី ជាង ៧​លាន​គីឡូម៉ែត្រ​ការ៉េ។ អូស្ត្រាលី​ដែល​បង្កើត​ឡើង​ដោយ​បណ្តុំ​ជនបរទេស ពី​ប្រទេស​លោកខាងលិច ចាប់ផ្តើម​ពង្រឹង​នយោបាយ​ទទួល​ជនភៀសខ្លួន។ អូស្ត្រាលី​ជាទឹកដី​សុបិន្ត​របស់​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​ប្រជាជន​នៅ​អាស៊ី ជាពិសេស ស្រីលង្កា ដែល​បាន​ធ្វើ​ដំណើរ​តាម​ទូក​ចូល​ទៅ​សុំ​សិទ្ធិ​ជ្រកកោន នៅ​អូស្ត្រាលី។ ចំនួន​ទូក​ដឹកជនភៀសខ្លួន​សំដៅ​អូស្ត្រាលី​បាន​កើន​ខ្លាំង​ពី​ឆ្នាំ ២០១២​មក។ តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ទូក​ដឹក​ជនភៀសខ្លួន​សំដៅ​អូស្រ្តាលី​មាន​តឹ្រម​ជាង​៧ពាន់ នៅចន្លោះ​ឆ្នាំ ២០១១​និង​ឆ្នាំ ២០១២ ប៉ុន្តែ ចំនួន​នេះ​បាន​កើនឡើង​ដល់ទៅ​ជាង ១៨ ០០០ នៅឆ្នាំ ២០១៣។ តាមជំនាញ ជនភៀសខ្លួន​​ ធ្វើ​ដំណើរ​ផ្សងព្រេង​ កាន់តែ​ច្រើន ទៅ​អូស្ត្រាលី ដោយសារ​តែ​សង្រ្គាម​និង​អស្ថិរភាព នយោបាយ នៅ ប្រទេស​អាហ្វហ្កានីស្ថាន ឬ​ការធ្វើទុកបុកម្នេញ​របស់​អាជ្ញាធរ​ស្រីលង្កា​ដែល​កំពុង​សងសឹក​ទៅលើ​ប្រជាជន​តាមីល នៅក្រោយ​ចប់​សង្រ្គាម​ស៊ីវិល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ