អានតួអត្ថបទ
លីប៊ី

អង់គ្លេស និង​បារាំង​បញ្ជូន​អ្នកជំនាញការ​យោធា​ទៅជួយ​ក្រុមបះបោរ​លីប៊ី

ទ័ពកាដាហ្វ៊ី​បាន​បើកការវាយប្រហារ​កាន់តែខ្លាំង ទៅ​លើ​ទីក្រុង​មីស្រ្តាតា ដែល​ជាស្ថិតនៅ​ភាគខាងលិច និងកាន់កាប់​ដោយ​ពួកប្រឆាំង​លីប៊ី។ នៅថ្ងៃ​ពុធ ទី ២០ មេសា នេះ ក្រុម​បះបោរ​​លីប៊ី​បាន​សុំ​ជាលើក​ទីមួយ ​ឲ្យ​មាន​អន្តរាគមន៍​យោធា​របស់​បរទេស​ក្នុង​ទឹកដី​លីប៊ី។ អង់គ្លេស​បាន​ប្រកាស នៅរសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ថា​នឹង​បញ្ជូន​អ្នកជំនាញ​យោធា​របស់ខ្លួន​ឲ្យ​ទៅធ្វើ​ជា​ទីប្រឹក្សា​យោធា របស់​​ក្រុមបះបោរ នៅ​លីប៊ី។

ប្រធានាធិបតី​បារាំង​លោក​នីកូឡា សាកូហ្ស៊ី ជួប​ជាមួយ​មេដឹកនាំ​ប្រឆាំង​លីប៊ី លោក​Moustapha Abdeljalil នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃ​ពុធ ទី ២០ មេសា ឆ្នាំ ២០១១
ប្រធានាធិបតី​បារាំង​លោក​នីកូឡា សាកូហ្ស៊ី ជួប​ជាមួយ​មេដឹកនាំ​ប្រឆាំង​លីប៊ី លោក​Moustapha Abdeljalil នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃ​ពុធ ទី ២០ មេសា ឆ្នាំ ២០១១ REUTERS
ផ្សាយពាណិជ្ជកម្ម

 

06:13

បទអន្តរាគមន៍​របស់​ឈាង បុប្ផា​

ឈាង បុប្ផា

ប្រតិបត្តិការ​​ផ្លូវ​អាកាស​របស់​កងទ័ព​អូតង់ ​ជាង​បីសប្តាហ៍ មិន​សូវផ្តល់​លទ្ធផល​ជា​​ផ្លែផ្កា​ប៉ុន្មាន​ទេ បើទោះបី​ជា​អូតង់​បាន​និយាយ​ថា ខ្លួន​បាន​បាញ់បំផ្លាញ​រថក្រោះ និង​ទីតាំង​យោធា​ដែល​តំណាង​ឲ្យ​មួយភាគបី​នៃ​កម្លាំង​ការពារ​របស់​កាដាហ្វ៊ី។ កាដាហ្វ៊ី នៅពេលនេះ នៅតែ​អាច​មាន​សមត្ថភាព​វាយប្រហារ​ទៅ​លើ​ក្រុមបះបោរ និង​សម្លាប់​ជនស៊ីវិល ជាពិសេស​ក្នុង​ទីក្រុង​មីស្ត្រាតា។ អង្គការ​អូតង់​ហាក់​អស់​លទ្ធភាព​ដើម្បី​បាញ់បំផ្លាញ​ទីតាំង​ប្រយុទ្ធ​របស់​ទ័ព​កាដាហ្វ៊ី ព្រោះ​ពេលនេះ កាដាហ្វ៊ី​បាន​ចល័តទ័ព និង​បោះទីតាំង​រថក្រោះ​របស់​ខ្លួន នៅក្បែរ​ផ្ទះ​ប្រជាជន។

ប្រតិបត្តិការ​ទ័ព​អាកាស​លែង​មាន​ប្រសិទ្ធភាព​ទៀតហើយ ក្នុង​លីប៊ី។ បច្ចុប្បន្ននេះ គេមើល​ឃើញ​មាន​ជម្រើស​បី ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​របស់​ទ័ព​កាដាហ្វ៊ី​មក​លើជនស៊ីវិល។ ទីមួយគឺ ​វត្តមាន​របស់​ទ័ព​ជើងគោក អន្តរជាតិ​នៅ​ក្នុង​សមរភូមិ​របស់​លីប៊ី។ អង្គការ​អូតង់​​បាន​បដិសេធ ​ថ្ងៃ​ម្សិលមិញ នូវ​ជម្រើសនេះ។ អូតង់​មិនចង់ប្រើ​បើក​ការប្រយុទ្ធ​ផ្នែក​ជើងគោក ក្នុង​លីប៊ី ដោយ​ខ្លាច​មាន​ការរិះគន់​ពីបណ្តា​ប្រទេស​អារ៉ាប់ ដែល​ថា អូតង់​ចង់​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​អាហ្រ្វិក​ខាងជើង។ ហើយ ម្យ៉ាងទៀត ​អូតង់​ទំនង​ខ្លាច​ធ្វើ​ខុស ផ្ទុយ​នឹង​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

ជម្រើស​ទីពីរ​គឺ​ការបណ្តុះបណ្តាល។ ប្រទេស​កាតាបាន​និយាយ​ថា ខ្លួន​បាន​​ត្រៀម​ចេញលុយ​សម្រាប់ការហ្វឹកហាត់​របស់​ក្រុមបះបោរ​លីប៊ី ប៉ុន្តែ បញ្ហា​ចោទ​នៅពេលនេះ គឺ​មិន​ទាន់​មាន​ប្រទេស​ណាមួយ​ចេញមុខ​ទទួល​ហ្វឹកហ្វឺន​ក្រុម​ប្រឆាំង​លីប៊ីទេ។

ចំណែក​ជម្រើស​ចុងក្រោយ​គឺ​ការបំពាក់អាវុធ និង​ផ្តល់​អ្នកជំនាញបរទេស​ដែល​នឹង​ធ្វើ​ជា​ទីប្រឹក្សា​របស់​ក្រុមបះបោរ។ គេ​សង្ឃឹម​ថា ជម្រើស​ចុងក្រោយ​នេះ​នឹង​អាច​ជួយ​ឲ្យ​ការប្រយុទ្ធ​​របស់​ក្រុមបះបោរ និង​ប្រតិបត្តិការ​ទ័ពអាកាស​របស់​អង្គការ​អូតង់​មាន​ប្រសិទ្ធិភាព។

នៅពេល​ដែល​អូតង់​នៅតែ​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍​យោធា​លើដីគោក អង់គ្លេស វិញ​បាន​ប្រកាស នៅថ្ងៃ​ម្សិលមិញ បញ្ជូន​អ្នកជំនាញការ​យោធា​របស់ខ្លួន​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​កងទ័ព​របស់​ក្រុមបះបោរលីប៊ី។ ទីក្រុង​ឡុងដ៍​ចង់​បញ្ជាក់​ច្បាស់ថា កាបញ្ជូន​អ្នកជំនាញការ​លើកនេះ មិនមែន​ជា​ការលុកលុយ​របស់​ទ័ព​អង់គ្លេស​ក្នុង​ប្រទេស​លីប៊ីទេ ប៉ុន្តែ ដើម្បី​ទៅជួយ​ការពារ​ប្រជាជន​លីប៊ី។ ក្នុង​រឿង​បញ្ជូន​អ្នកជំនាញការយោធានេះ អង់គ្លេស​មាន​ការប្រយ័ត្នប្រយែង​ខ្លាំង ដោយ​​ក្រសួងការបរទេស​ដែលជាអ្នក​ប្រកាស​ពី​បេសកកម្ម​របស់​អ្នកជំនាញការ​អង់គ្លេស ប៉ុន្តែ មិនមែន​ក្រសួង​ការពារជាតិ​អង់គ្លេស​ទេ។ នេះ​ជា​មធ្យោបាយ​មួយ ដើម្បីកុំ​ឲ្យ​គេ​ចោទ​ថា អង់គ្លេស​បាន​រំលោភ​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ហាម​មិន​ឲ្យ​មាន​ទ័ព​បរទេស​ចូល​ទៅ​ប្រយុទ្ធ​ក្នុង​ប្រទេសលីប៊ី។

បើតាម​ក្រសួងការបរទេស​អង់គ្លេស ទាហាន​ដ៏​មាន​បទពិសោធន៍ ជាង​១០​រូបនោះ មាន​អាវុធជាប់ខ្លួន តែ​ស្លៀកពាក់​ស៊ីវិល។ ពួកគេ​មាន​គោលដៅ​តែមួយគត់​គឺ​បង្ហាញ​ក្រុមបះបោរ ពី​វិធីសាស្រ្ត​គេចខ្លួន ឲ្យ​រួចផុត​ពីការវាយប្រហារ​របស់​ទាហាន​កាដាហ្វ៊ី ប៉ុន្តែ​មិន​មែន​បង្រៀន យុទ្ធសាស្រ្ត​យោធា ​ដល់​ពួកបះបោរ ​ដើម្បី ប្រយុទ្ធតប​​នឹង​ទ័ពកាដាហ្វ៊ីទេ។ ទោះយ៉ាងណា រដ្ឋមន្រ្តីការ​បរទេស​អង់គ្លេស​បាន​និយាយ​សង្កត់ធ្ងន់ថា អ្នកជំនាញយោធា​ទាំងនោះ​នឹង​ជួយ​គាំទ្រ និង​ផ្តល់​យោបល់​ក្រុមប្រឹក្សា​ជាតិ​លីប៊ី ដើម្បី​រៀបចំ​រចនា​សម្ព័ន្ធ​យោធា​ត្រឹមត្រូវ​មួយ​នៅភាគខាងកើត​លីប៊ី។ គួរដឹង​ថា ក្រៅពី​បញ្ជូន​ទាហាន​ដ៏មាន​បទពិសោធន៍​របស់ខ្លួន កន្លងមក អង់គ្លេស​ធ្លាប់​បាន​ផ្តល់​ អាវក្រោះ ទូរស័ព្ទ​ទាក់ទង និងវិទ្យុទាក់ទង​​ដល់​ទ័ពប្រឆាំង​លីប៊ី។

នៅថ្ងៃ​ម្សិលមិញនេះ ប្រមុខ​ការទូត​របស់​លោក​កាដាហ្វ៊ី​ក៏​បាន​និយាយ​ស្នើ​ឲ្យ​មាន​បទ​ឈប់បាញ់ ដើម្បី​បញ្ចប់​សង្រ្គាម នៅលីប៊ី។ រដ្ឋមន្រ្តីការបរទេស​លីប៊ី​នៅ​បាន​បន្ថែមថា ក្រោយការអនុវត្ត​បទឈប់បាញ់​ពិតប្រាកដ លីប៊ី​នឹង​សន្យា​រៀបចំ​ការបោះឆ្នោត​មួយ ដែល​អាច​តាមដាន​សង្កេតការណ៍​ដោយ​អង្គការ​សហប្រជាជាតិ។ ​សំណើ​របស់​លោក Obeidi មាន​និយាយ​ផងដែរ​ពី​អនាគត​របស់​លោក​កាដាហ្វ៊ី​ដែល​នឹង​នៅតែ​ជាមេដឹកនាំ​របស់​លីប៊ី។

វត្តមាន​របស់​ទាហាន​អង់គ្លេស​នៅលីប៊ី មិនត្រឹម​តែ​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​លីប៊ីមិន​សប្បាយ​ចិត្ត​ម្នាក់​​ប៉ុណ្ណោះទេ ប៉ុន្តែ សូម្បី​រុស្ស៊ី​ដែល​ជាសមាជិកមួយ​ដែរ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ក៏​រិះគន់ដែរ​ថា ការដែល​អង់គ្លេស​ជួយ​កម្លាំង​បះបោរ​លីប៊ី នឹង​ធ្វើ​ឲ្យ​ពួកបះបោរ​លែង​មាន​ចេតនា​​ចរចា សន្តិភាព​​ជាមួយ​រដ្ឋាភិបាល​របស់​លោក​កាដាហ្វ៊ី។

បារាំង​វិញ តាម​រយៈ​រដ្ឋមន្រ្តីការបរទេស​របស់ខ្លួន គឺ លោក​Alain Juppé បាន​បង្ហាញ​ហើយ​ថា បារាំង​នឹង​មិន​បញ្ជូនទ័ព​ទៅ​ប្រយុទ្ធ​ច្បាំង​នឹង​ទ័ព​លោក​កាដាហ្វ៊ី​នៅលីប៊ីទេ។ ប៉ុន្តែ នៅថ្ងៃ​នេះ នៅក្រោយ​ពេល​ដែល​ប្រមុខ​ក្រុមប្រឹក្សា​ជាតិ​លីប៊ី ដែល​ជា​ក្រុមប្រឆាំង បាន​ចូលជួប​ប្រធានាធិបតី​បារាំង លោក​នីកូឡា សាកូហ្ស៊ី បារាំង​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ជូន​មន្រ្តីយោធា​ខ្លះ​ដើម្បី​អម​ការងារ​របស់​ក្រុមប្រឆាំង​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ