អានតួអត្ថបទ
អាមេរិក

ប្រឈមវិបត្តិ  ក្រុមហ៊ុនប៊ូអ៊ីងបញ្ចប់តំណែងអគ្គនាយក ហើយតែងតាំងអគ្គនាយកថ្មី

ពីសហរដ្ឋអាមេរិក​ថ្ងៃច័ន្ទ​ ទី​២៣ធ្នូ ក្រុមហ៊ុនប៊ូអ៊ីង បានប្រកាស​បញ្ចប់តំណែងអគ្គនាយក លោក​ Dennis Muilenburg។ ការ​បញ្ឈប់​តំណែង​អគ្គនាយក ដែលធ្លាប់​បាន​ធ្វើ​ការ​ឱ្យ​ក្រុម​ប៊ូអ៊ីង​អស់​ពេល​ជិត​២៥ឆ្នាំនេះ គឺ​ដោយសារតែ​ក្រុម​ហ៊ុន​ជួប​បញ្ហា​វិបត្តិ​ផ្ទួនៗ​ កាលពីឆ្នាំមុននិង​បន្តមកឆ្នាំនេះ​ សម្លាប់​​មនុស្ស​ជាង​៣៤០នាក់។ យន្ត​ហោះប្រភេទ​៧៣៧Max របស់​ ​ក្រុមហ៊ុន​ប៊ូអ៊ីង​នេះ ត្រូវ​​អាជ្ញាធរ​ហាមឃាត់​​មិនឱ្យ​ហោះហើរ រហូត​ត្រូវបង្ខំ​ចិត្ត​​ប្រកាស​ឈប់​ផលិត​យន្ត​ហោះប្រភេទ​៧៣៧Max ទៀត​ផង​។ 

ក្រុមហ៊ុនប៊ូអ៊ីង បានប្រកាស​បញ្ចប់តំណែងអគ្គនាយក លោក​ Dennis Muilenburg។
ក្រុមហ៊ុនប៊ូអ៊ីង បានប្រកាស​បញ្ចប់តំណែងអគ្គនាយក លោក​ Dennis Muilenburg។ REUTERS/Jim Young/Pool
ផ្សាយពាណិជ្ជកម្ម

មាន​សញ្ញាបត្រ​វិស្វករ​​ លោក Dennis Muilenburg ចូល​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​ប៊ូអ៊ីង​នៅ​ក្រុង​ Seattle នៃ​​រដ្ឋ​វ៉ាស៊ីនតោន​ តាំង​ពី​ឆ្នាំ​ ១៩៨៥ ដោយ​ផ្តើម​ដំបូង ពី​បុគ្គលិក​កម្មសិក្សា ហើយ​បាន​ឡើង​តំណែង​ជាបន្តបន្ទាប់ រហូត​ដល់​ក្លាយ​ជា​មនុស្ស​ទី១ របស់​ក្រុមហ៊ុន​ប៊ូអ៊ីង ​នៅឆ្នាំ​២០១៦​។

នៅ​ខែ​តុលា​២០១៨ យន្តហោះ​ប្រភេទ​៧៣៧Max របស់​ក្រុម​ហ៊ុនប៊ូអ៊ីង ​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ បណ្តាល​ឱ្យ​ស្លាប់​​​អ្នក​ដំណើរ​១៨៩​នាក់។ មិន​បាន​ប៉ុន្មាន​ខែផង ក្នុង​​មីនាឆ្នាំ២០១៩នេះ​ គឺ​យន្តហោះ​ប្រភេទ​៧៣៧Maxបាន​ធ្លាក់មួយ​​ទៀត សម្លាប់​មនុស្ស​ ចំនួន​​១៥៧​នាក់។ សរុបទាំងពីរលើកគឺ​បាត់បង់​ជីវិត​មនុស្ស ចំនួន ​​៣៤៦ នាក់។ យន្ត​ហោះ​ប្រភេទនេះ ក៏ត្រូវ​រង​បម្រាម​ លែង​ឱ្យ​​ហោះហើរសោះ។  ក្រោយ​មក ក្រុមហ៊ុន​​ប៊ូអ៊ីង ត្រូវ​សម្រេច​ចិត្ត​ កាត់​បន្ថយ​ការ​ផលិត​​៧៣៧Max  និង​​បន្ទាប់មកទៀត​ ក៏​​​ប្រកាស​ឈប់​ផលិត​តែម្តង​ កាលពីពេល​ថ្មីៗនេះ​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ចុះ​ថ្ងៃទី​២៣ធ្នូ  ​ក្រុម​ហ៊ុន​ប៊ូអ៊ីង​ បញ្ជាក់ថា «ការ​បញ្ចប់​មុខ​តំណែងលោក​អគ្គនាយក​ក្រុម​ហ៊ុន និង​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​ គឺ​ដើម្បី​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ នៅក្នុង​ក្រុមហ៊ុន ហើយ​ក៏​​ដើម្បីពង្រឹង​ទំនាក់​ទំនង​​ជាថ្មី ឱ្យ​ល្អ ជាមួយ​​អតិថិជន ដៃគូសហការ និង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច»។​

ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​ របស់​ក្រុមហ៊ុន​យន្តហោះប៊ូអ៊ីង គឺ​លោក David Calhoun។ លោកនេះ​ អាយុ​៦២ឆ្នាំ ​មាន​ជំនាញឯកទេស​​ខាង​គ្របគ្រង​ហិរញ្ញវត្ថុ​និង​យុទ្ធសាស្ត្រ​ទីផ្សា​រ ច្រើន​ជាង​ជំនាញ​ខាង​បច្ចេកទេស​យន្តហោះ។  អ្នក​វិភាគ ​និងអ្នក​ជំនាញ​ ​មួយ​ចំនួន ​យល់ឃើញ​ថា «នៅក្នុង​ដំណាក​កាល​ខ្លី និង​ដើម្បី​ដោះស្រាយ​វិបត្តិ​លុយ​កាក់​ ការ​ដាក់​លោក ដេវីដ ខាលហូន ឱ្យ​ដោះស្រាយ គឺ​​ជារឿងល្អ ប៉ុន្តែ​​​បើ​សម្រាប់​ការ​ដឹកនាំក្រុមហ៊ុន​ប៊ូអ៊ីង​​វែង​ឆ្ងាយទៅមុខ​ គេ​មិន​ប្រាកដថាល្អ​​ឡើយ»។​

លោក David Calhoun មាន​បទពិសោធ​ចាស់​វស្សា​នៅ​ក្រុម​ហ៊ុន​អគ្គិសនី​ General Electric និងបច្ចុប្បន្ន​ជា​អ្នក​គ្រប់​គ្រង​ចាត់ចែងទៅទូ​នៅក្រុមហ៊ុន​ឯកជន​ខាងវិនិយោគ Blackstone។ លោក​ នឹង​ចូលកាន់​តំណែង​​ដឹកនាំ​ក្រុមហ៊ុនយន្តហោះ​​ប៊ូអ៊ីង នៅថ្ងៃទី​១៣មករា ២០២០៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ