អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប៖​គ្មាន​ការ​ពន្យា​ពេល​ចុះ​ឈ្មោះ​គណ​បក្ស​នយោបាយ​ ខណៈ​ផុត​កំណត់​ត្រឹម​ល្ងាច​នេះ​

គិតត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​មាន​គណ​បក្ស​នយោបាយ​ចំនួន​១២​បាន​ទៅ​ចុះ​ឈ្មោះ​​ចូល​រួម​​ប្រ​កួត​​ប្រ​ជែង​​ការ​​បោះ​ឆ្នោត​​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​ ខណៈ​គ.ជ.ប​ឈប់​ទទួល​ពាក្យ​ត្រឹម​ម៉ោង​៥​កន្លះ​ល្ងាច​នេះ​។ ​អ្នក​នាំ​ពាក្យ​គ.ជ.ប​ បាន​បញ្ជាក់​ថា ​មាន​គណ​បក្ស​នយោបាយ​ចំនួន​​៤​ត្រូវ​​​បាន​​​គ.ជ.ប​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់​​គ្រាន់​​​ក្នុង​​​ការ​​​ចូល​​ប្រកួត​​ នោះ​គឺ​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​​ និង​​តាម​​ពី​​ក្រោយ​​ដោយ​​គណ​​បក្ស​​តូច​ៗ​​ចំនួន​​៣​ទៀត​​។​

បញ្ជីឈ្មោះគណបក្សដែលចូលរួមបោះឆ្នោតកន្លងទៅ
បញ្ជីឈ្មោះគណបក្សដែលចូលរួមបោះឆ្នោតកន្លងទៅ @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុបារាំង​អន្តរជាតិRFIថា គ្មានឡើយការពន្យាពេលចុះឈ្មោះ​គណ​បក្ស​នយោបាយសម្រាប់​ចូល​រួម​ការ​បោះឆ្នោតថ្ងៃទី២៩ខែកក្កដា ខាងមុខ ខណៈគ.ជ.ប ឈប់ទទួលពាក្យត្រឹមម៉ោង៥កន្លះល្ងាចនេះ។

ការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា ធ្វើឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍បានឡើង​ចំណង​ជើងធំនៅទំព័រមុខចេញផ្សាយនៅថ្ងៃចន្ទនេះថា គ.ជ.ប ពន្យាពេល​ការ​ចុះ​ឈ្មោះ​គណបក្ស​ចូលរួម​បោះឆ្នោត​ក្រោយពីមានបក្សតែ៤។

យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គណបក្សចំនួន៤នោះគឺត្រូវបាន​គ.ជ.ប​ទទួលស្គាល់​ជាផ្លូវការថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុង​ការ​ចូលរួមប្រកួត ខណៈគណបក្សផ្សេងទៀត​​ គ.ជ.ប​ កំពុងតែពិនិត្យលក្ខណៈសម្បត្តិ។ គណបក្សចំនួន៤នោះ មានគណបក្ស​ប្រជាជនកម្ពុជាកំពុងកាន់អំណាច គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

បើតាម លោក ហង្ស ពុទ្ធា ថ្វីត្បិតតែ​គ.ជ.ប​ បិទទ្វារ​ឈប់​ទទួលពាក្យ​សុំចុះបញ្ជីគណបក្ស​នយោបាយ​ត្រឹមម៉ោង៥កន្លះល្ងាចនេះក៏ពិតមែន តែ គ.ជ.ប​ ទុកពេលឲ្យ៥ថ្ងៃទៀត​សម្រាប់​គណបក្សដែល​បានដាក់ពាក្យរួចហើយ ដោយមិនទាន់បានបំពេញ​លក្ខខណ្ឌគ្រប់គ្រាន់នោះគឺ​ត្រូវយក​ឯកសារ​មកបំពេញបន្ថែម។

សូមបញ្ជាក់ថា មានគណបក្សនយោបាយចំនួន៤១ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់​ក្នុង​ការ​ចុះ​បញ្ជីជាផ្លូវការស្របច្បាប់ គិតត្រឹមថ្ងៃទី១១ខែឧសភានេះ ខណៈគណបក្សសង្រ្គោះជាតិ​ដែលជាបក្សប្រឆាំងធំជាងគេនោះ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ