អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល​​​​​​​ផ្នែក​​​​បរិស្ថាន​​ទាញ​​អារម្មណ៍​​រដ្ឋាភិបាល​​ឲ្យ​​ងាក​មក​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​​ភ្ជាប់​​ជាមួយ​​បរិស្ថាន​​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​បរិស្ថាន រួមមាន អង្គការ​រុក្ខជាតិ​សត្វព្រៃ​អន្តរជាតិ FFI អង្គការ WWF អង្គការ CI រួម​ជា​មួយ​​នឹង​​មន្ត្រី​​រដ្ឋា​ភិបាល​​មក​ពី​​ក្រសួង​បរិស្ថាន​ និង​​ក្រសួង​កសិកម្ម​​ផង​ បាន​​ចូល​រួម​​នៅ​ក្នុង​​សិក្ខា​សាលា​​ស្តី​ពី​ ហិរញ្ញប្ប​ទាន​​ប្រកប​ដោយ​​ចីរ​ភាព​​សម្រាប់​​ការ​អភិរក្ស​ និង​​គ្រប់​គ្រង​​ធន​ធាន​ធម្មជាតិ​។ ​នៅ​ក្នុង​​សិក្ខា​សាលា​​នេះ​ អង្គការ​​សង្គម​​ស៊ីវិល​ ដែល​​ធ្វើ​ការ​​ខាង​​បរិស្ថាន​ បាន​​ទាញ​អារម្មណ៍​​របស់​​រដ្ឋា​​ភិ​បាល​ ឲ្យ​ងាក​​មក​រក​​ការ​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​ ដោយ​​ភ្ជាប់​​ជា​មួយ​​បរិស្ថាន​។​

សិក្ខាកាម​ចូលរួមក្នុងសិក្ខាសាលា ស្ដីពីហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ។
សិក្ខាកាម​ចូលរួមក្នុងសិក្ខាសាលា ស្ដីពីហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ។ RFI
ផ្សាយពាណិជ្ជកម្ម

សិក្ខាសាលា​ដែល​ធ្វើឡើង​ពេញ​មួយ​ថ្ងៃទី៦មិថុនា នៅឯ​សណ្ឋាគា​សាន់វេ​នេះ បាន​ទាញ​អារម្មណ៍​​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ឲ្យ​ងាក​មក​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​មិន​បំភ្លេច​ពី​បញ្ហា​បរិស្ថាន និង​បញ្ហា​សង្គម​នោះទេ។ មានន័យថា បើ​រដ្ឋាភិបាល​អភិវឌ្ឍ​ន៍​លឿន​ពេក​តែ​លើ​បញ្ហា​សេដ្ឋកិច្ច ដោយ​មិន​ខ្វល់​ពី​បញ្ហា​បរិស្ថាន ឬបញ្ហា​សង្គម និង​វប្បធម៌ នោះ​ការអភិវឌ្ឍន៍​ដែល​កើតឡើង​នេះ នឹង​មិនមាន​និរន្តរភាព​យូរអង្វែង​នោះទេ។

លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង បានធ្វើ​បទ​បង្ហាញថា ការអភិវឌ្ឍន៍​ត្រូវ​ដើរ​ទន្ទឹមគ្នា​រវាង​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​វប្បធម៌។ ហើយ​ការប្រកាន់​យកគំនិត​ថា អភិវឌ្ឍន៍​ជាមុនសិន ចាំ​សំអាត​តាម​ក្រោយ នោះ​វា​នឹង​បណ្តាលអោយ​រេចរឹល​ធនធានធម្មជាតិ និង​បង្ករ​គ្រោះថ្នាក់​ដល់​អាកាសធាតុ។

ដោយឡែក​លោក ទុយ សេរី​វ​ឌ្ឍ​នា នាយក​អង្គការ​រុក្ខជាតិសត្វព្រៃអន្តរជាតិ FFI បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​មកពី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​នោះ​ថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​មួយផ្នែកធំ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​មិនបាន​ថ្លឹង​អោយមាន​តុល្យភាព​រវាង​មុំ​ទាំង៤ទេ នោះ​ការអភិវឌ្ឍន៍​នេះ​នឹង​មិនមាន​និរន្តរភាព​នោះទេ។

សូមបញ្ជាក់ថា នេះ​គឺជា​សិក្ខាសាលា​លើក​ទី២ហើយ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​បរិស្ថាន​ដូចជា អង្គការ​រុក្ខជាតិ​សត្វព្រៃ​អន្តរជាតិ​FFI អង្គការ​WWF អង្គការ​CI បាន​ជួបគ្នា ដើម្បី​ប្រមូលផ្តុំ​មតិ សំរេច​ជាគោលការណ៍​ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ ដោយមាន​ការគៀងគរ​រក​ហិរញ្ញវត្ថុ​ពី​គ្រប់ផ្នែក​សំរាប់​ការងារ​អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ