អានតួអត្ថបទ
កម្ពុជា

ជន​ជាតិ​ដើម​ភាគ​តិច​ជួប​ប្រជុំ​គ្នា​និយាយ​រឿង​ដី​ធ្លី​ និង​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​

ជនជាតិដើម​ភាគតិច​ប្រមាណ ៥០នាក់​មក​ពី​បណ្តា៨ ខេត្ត​ផ្សេងគ្នា​នៅ​ថ្ងៃទី ០៥ មិថុនា នេះ​បាន​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជនជាតិដើម​ភាគ​តិច​​បាន​ជួបប្រទះ​ពិសេស​បញ្ហា​បណ្តេញ​​​ចេញ​ពី​ដីធ្លី និង ការកាប់បំផ្លាញ​ព្រៃឈើ​។​ ជន​ជាតិ​ភាគ​តិច​​ទាំង​នេះ​​បាន​​ជួប​ប្រ​ជុំ​គ្នា​​នៅ​ក្នុង​​កិច្ច​​ពិ​គ្រោះ​​យោ​បល់​​ថ្នាក់​ជាតិ​​ស្តី​ពី​​បញ្ហា​​ជន​ជាតិ​ភាគ​តិច​​ដែល​​រៀប​ចំ​ឡើង​​ដោយ​​សហគមន៍​​យុវជន​​ជន​ជាតិ​ដើម​​ភាគ​តិច​​កម្ពុជា ​និង ​អ្នក​ការ​ពារ​​សិទ្ធ​​ជន​ជាតិ​ដើម​​ភាគ​តិច​(IPHRDA)​នៅ​ម​ជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-កូរ៉េ ក្នុង​រាជធានី​ភ្នំពេញ។ 

RFI/ Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​នេះ ប្រជាពលរដ្ឋ​ដែលជា​ជនជាតិដើម​ភាគតិច​ហើយ​ភាគច្រើន​ជា​ស្ត្រី​បាន​រៀបរាប់​ពី​បញ្ហា​ប្រឈម​នានា​ដែល​ពួកគេ​បាន​ជួបប្រទះ​នៅក្នុង​សហគមន៍។ ក្នុងនោះ​មាន ដូចជា ការរើសអើង ការ​កេង​ប្រ​វ័​ញ្ញ និង​ការរំលោភ​សិទ្ធ​ជនជាតិដើម​ភាគតិច ។ ក៏មាន​ផងដែរ ការរៀបរាប់​ពី​ការ​អភិ​វ​ឌ្ឃ ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង ការកាប់បំផ្លាញ​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​រង​ការបណ្តេញចេញ និង​ការ​គម្រាមកំហែង។

ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទាំងនេះ​ភាគច្រើន​ជា​ជនជាតិដើម​កួយ ពូ​នង ជង ព័រ ក្រឹ​ង ស្ទៀង និង ព្រៅ ដែល​មកពី ៨ ខេត្ត ផ្សេងគ្នា គឺ ខេត្តមណ្ឌលគិរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ កោះកុង កំពង់ធំ និង ក្រចេះ។ ហើយ​ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​ជា​អ្នកមាន​បទពិសោធន៍​ដោយផ្ទាល់​ក្នុងការ​ចូលរួម និង ដឹកនាំ​សមាជិក​សហគមន៍​ក្នុងការ​តស៊ូ​មតិ​ដើម្បី​ការពារ​ដីធ្លី និង ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លងមក​ផងដែរ។

ក្រៅពី​រៀបរាប់​ពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​បាន​ជួបប្រទះ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក៏បាន​ចោទសួរ​ទៅកាន់​តំណាង​ក្រសួង​ពាក់ព័ន្ធ​នានា​ដូចជា​ក្រសួងបរិស្ថាន ក្រសួង​ធនធាន​រ៉ែ និង ថាមពល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ និង ក្រសួង​អភិវឌ្ឃន៍​ជនបទ​ជាដើម។ ក៏ប៉ុន្តែ​តំណាង​មួយចំនួន​មិនបាន​ឆ្លើយតប​នោះទេ ខណៈ​តំណាង​ផ្សេងទៀត​ឆ្លើ​ថា នឹង​ពាំ​នាំយក​ទុក្ខលំបាក និង បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ពួកគេ​ទៅ​ជំរាបជូន​ថ្នាក់លើ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទាំងនេះ តាមរយៈ​សេចក្តីថ្លែងការណ៍​រួមមួយ​បានស្នើ​ឲ្យ​ប​ញ្ឃ​ប់​គម្រោង​សាងសង់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ និង ស្ទឹង​អា​រ៉ែ​ង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​រក្សា​ការពារ​ព្រៃឈើ និង ធនធានធម្មជាតិ បញ្ឈប់​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ផ្តល់​សេវា​សុខភាព និង សេវា​អប់រំ​នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច និង លុបបំបាត់​ការរើសអើង​ជាដើម។

ដោយឡែក​នៅ​ថ្ងៃ​សុក្រ ទី ០៦ មិថុនា ស្អែក​នេះ ក្រុម​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទាំងនេះ​ក៏​នឹងធ្វើ​សន្និទ​កាសែត​មួយ​ដើម្បី​បង្ហាញ​ឲ្យ​បាន​កាន់​ច្បាស់​ទាក់ទង​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​ជនជាតិដើម​ភាគតិច​បាន និង កំពុង​ជួបប្រទះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ