អានតួអត្ថបទ
កម្ពុជា

ជន​ជាតិ​ដើម​ភាគ​តិច​ដាក់​សំណើ​ទៅ​ក្រសួង​ពាក់​ព័ន្ធ​ ៥​ ឲ្យ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គេ​

កិច្ច​​ពិ​គ្រោះ​​យោបល់​​ថ្នាក់​ជាតិ​​ស្តី​​ពីបញ្ហា​​ប្រឈម​​នា​នា​​របស់​​ស្ត្រី​​ជន​ជាតិ​ដើម​​ភាគ​តិច​​បាន​​បិទ​​បញ្ចប់​​ហើយ​​នៅ​​ថ្ងៃ​​សុក្រ​ ទី​ ៦​ មិថុនា​ នេះ ​ដែល​​បាន​ចាប់​ផ្តើម​​កាល​ពី​​ថ្ងៃ​ទី​ ៤​ មិថុនា​​នៅ​​មជ្ឈ​មណ្ឌល​​កិច្ច​សហ​ប្រតិបត្តិ​ការ​​ក​ម្ពុ​ជា​-​កូរ៉េ​។​ ប្រជា​ពលរដ្ឋ​​ជន​ជាតិ​ដើម​​ភាគ​តិច​​បាន​ធ្វើ​​សន្និ​សីទ​កា​សែត​ និង​ ចេញ​​សេចក្តី​ថ្លែង​ការណ៍​​រួម​មួយ​​ដែល​​បរិយាយ​​ពី​​ទុក្ខ​លំបាក​​នា​នា​ ពិសេស​​បញ្ហា​ដី​ធ្លី​ និង​ ការ​បាត់​បង់​​ធន​ធាន​ធម្មជាតិ​​ដែល​​បាន​​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​​ដល់​​ការ​រស់​នៅ​​របស់​​ពួក​គេ​។​ ប្រជា​ពលរដ្ឋ​​ជន​ជាតិ​ដើម​​ភាគ​តិច​​ទាំង​នេះ​​ក៏​​នឹង​​នាំ​យក​​សេចក្តី​ថ្លែង​ការណ៍​​រួម​​ដែល​មាន​​បញ្ចូល​​ទាំង​​សំណើ ​និង​​ការ​ទាម​ទារ​ផ្សេង​ៗ​ផង ​ដាក់​ជូន​​ក្រសួង​​ពាក់​ព័ន្ធ​​ចំនួន​៥ ​ដើម្បី​​ស្វែង​រក​​ការ​ជួយ​​អន្ត​រាគមន៍​ និង​ ដោះ​ស្រាយ​។​ 

ជនជាតិដើមភាគតិចធ្វើសន្និសីទកាសែត។
ជនជាតិដើមភាគតិចធ្វើសន្និសីទកាសែត។ RFI/Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​រួម​នេះ​នឹងត្រូវ​ដាក់ជូន​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៥ រួមមាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង ថាមពល ក្រសួង​អភិ​វ​ឌ្ឈ​ន៍​ជនបទ និង ក្រសួង​កិច្ចការនារី។គោលបំណង​នៃ​ការដាក់​ជូន​សេចក្តីថ្លែងការណ៍​រួម​នេះ គឺ ដើម្បី​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងនេះ​បានដឹង​ពី​ទុក្ខលំបាកផ្សេងៗរបស់​ជនជាតិដើម​ភាគតិច និង ជួយ​អន្តរាគមន៍ និង ស្វែងរក​ដំណោះស្រាយ​ជូន​ពូកគេ​ផងដែរ។

សេចក្តីថ្លែងការណ៍​រួម​កម្រាស់ ៧ទំព័រ​នេះ ក៏​ដូច​ទៅនឹង​ការ​ថ្លែង​រៀបរាប់​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ដែរ គឺ​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​នៅតែ​ជះឥទ្ធិពល​កាន់តែ​ធ្ងន់ធ្ងរ​ទៅលើ​ជនជាតិដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា។បញ្ហាចម្បងៗដែល​សហគមន៍​ជនជាតិដើម​ភាគតិច​កំពុង​ជួបប្រទះ​រួមមាន​ដូចជា បញ្ហា​សាងសង់​ទំនប់​វា​រី​អគ្គិសនី ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ការកាប់បំផ្លាញ​ព្រៃឈើ កង្វះ​សេវាសាធារណៈ ការរើសអើង ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង បញ្ហា​ទាញយក​រ៉ែ​ជាដើម។

ក្រៅពី​លើកឡើង​ពី​បញ្ហា​ប្រឈម​ទាំងនេះ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ជាបន្ទាន់​រាល់​គម្រោង​អភិ​វ​ឌ្ឈ​ន៍​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច។ហើយ​ប្រជាពលរដ្ឋ​ទាំងនេះ ក៏បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​នៅតែមាន​គម្រោង​អភិ​វ​ឌ្ឈ​ន៍​ណាមួយ​ពី​រដ្ឋាភិបាល​ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ជនជាតិភាគតិច​នោះ ពួកគេ​នឹង​ធ្វើការ​ប្តឹងទៅ​តុលាការជាតិ និង អន្តរជាតិ​ដើម្បី​រក​ដំណោះស្រាយ ព្រមទាំង​មាន​វិធានការផ្សេងៗផងដែរ​ដើម្បី​ការពារ​សហគមន៍​ជនជាតិដើម​ភាគតិច​របស់​ពួកគេ។

សូមបញ្ជាក់​ឡើងវិញ​ថា ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ដែល​ភាគច្រើន​ជា​ស្ត្រី​ដែល​បានមក​ជួបប្រជុំគ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​នេះ បានធ្វើ​ដំណើរ​មកពី​ខេត្ត​ចំនួនផ្សេងៗគ្នា។ជា​ខេត្ត​ដែល​ហ៊ុំ​ព័ន្ធ​ទៅដោយ​ការរំលោភ​សិទ្ធ ការរង​គ្រោះ​ដោយ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ការកាប់បំផ្លាញ​ព្រៃឈើ និង​បញ្ហា​ជម្លោះដីធ្លី៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ