អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្រ្តី​អតីត​បក្សសង្រ្គោះជាតិ​នៅ​តែ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​តំណាង​រាស្ត្រ​ស្រប​ច្បាប់

គណ​បក្សសង្រ្គោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល​នោះ បាន​ប្រកាស​ខ្លួន​ឯងថា អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​នេះ នៅ​តែជា​តំណាង​ស្រប​ច្បាប់​ និង​ជា​តំណាង​របស់​ប្រជា​​​​​​​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត​ ដែល​ទទួល​ស្គាល់​ ដោយ​សហភាព​អន្តរសភា(IPU) ​តំណាងឲ្យ​ប្រទេស​ចំនួន​១៧៣។ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​ចេញ​ថ្ងៃទី២៤វិច្ឆិកាម្សិលមិញនេះ​។ ប៉ុន្តែ​គជប និង​គណបក្ស​កាន់អំណាច ​បាន​ទាត់​ចោល​នូវការ​អះអាង​នេះ។  

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ពីក្រៅប្រទេស អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​ជាង​គេនេះ បានថ្កោល​ទោស​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ​ដែលរឹបអូស​អាសនៈរបស់​គណបក្ស​សង្រ្គោះជាតិ​ទៅចែកឲ្យ​បក្ស​ដ​ទៃតាមច្បាប់​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជជន​កម្ពុជា​ធ្វើ​ឡើង​។ គឺ​ជា​ច្បាប់​ដែល​គណបក្ស​សង្រ្គោះជាតិ ចាត់​ទុក​ថា ធ្វើ​ឡើង​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញនិង​គោល​​ការណ៏​ប្រជាធិបតេយ្យ។

បើតាម​អតីត​គណបក្សប្រឆាំងនេះ ការដែល​គជប រឹប​អូស​អាសនៈ​របស់​គណបក្ស​សង្រ្គោះជាតិ​ទៅ​ចែក​ឲ្យចែក​គណបក្ស​ដទៃ ​ដែល​ពុំ​ទទួល​បាន​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត បង្ហាញ​ច្បាស់​ថា គជប បាន​សម​គំនិត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​តុលាការ​កំពូល​”ប្លន់​ឆន្ទះប្រជា​ពលរដ្ឋ​ខ្មែរ” ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​ទាំង​៥៥​រូប​មិន​អាចទទួល​​​យក​បាន។

ឆ្លើយតប​នឹង​ការលើក​ឡើងនេះ អគ្គលេខាធិការរង គជប លោក សោម សូរីដា អះអាងថា អ្វី​ដែល​គជប ធ្វើ​គឺ​ធ្វើ​ទៅ​តាម​ច្បាប់​របស់​កម្ពុជានិង​រដ្ឋធម្មនុញ្ញ។

យ៉ាងណាក៏ដោយ ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល អតីត​គណបក្ស​សង្រ្គោះជាតិ បាន​អំពាវនាវឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​ពាក់​ព័ន្ធ​ លុបចោល​សេចក្តី​សម្រេច​នៃ​ការយាយី​គណបក្ស​សង្រ្គោះជាតិ ដោយ​ដោះលែង លោក កឹម សុខា និងអ្នកទោសមនសិកាទាំងអស់ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ​អ្នក​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជនបរិស្ថាន និង​អ្នក​សារព័ត៌មាន ដើម្បី​កុំឲ្យ​កម្ពុជា​រងទណ្ឌកម្ម និង​ស្ថិត​នៅឯកោពីសហគមន៍អន្តរជាតិ។

ចំពោះការអំពាវនាវនេះ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ថា​វាគ្មាន​ប្រសិទ្ធិភាព​នោះទេ ដោយថា​ប្រសិនបើ​រដ្ឋាភិបាលកម្ពុជា​ធ្វើតាម នោះមានន័យថា កម្ពុជា​បាត់​បង់​ឯរាជ្យភាពនិង​បាត់​បង់​ប្រជាធិបតេយ្យ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ