អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​​ផ្តើម​​កែ​ទម្រង់​​ផ្ទៃ​ក្នុង​​ត្រៀម​​ប្រកួត​ប្រជែង​​ការ​បោះ​ឆ្នោត​​អាណត្តិ​​ក្រោយ​

គណបក្ស​​សង្គ្រោះ​​ជាតិ ​មូល​និធិ​​ខុន​រ៉ាដ​​អាដិន​ណៅអ៊ែរ​ មូល​និធិ​​ហ្វេ​​ដេ​រិ​ក​​ណោ​ម៉ាន់​ បាន​រៀប​ចំ​​សិក្ខា​សាលា​​មួយ​​ស្តី​អំពី​​ការ​អភិវឌ្ឍ​​កម្មវិធី​​នយោបាយ​​រយៈ​ពេល​​ពីរ​​ថ្ងៃ​​ចាប់​ពី​​ថ្ងៃ​ទី​០១ ​វិច្ឆិកា​ និង​ បាន​បញ្ចប់​​នៅ​​រសៀល​​ថ្ងៃ​អាទិត្យ​​នេះ​ នៅ​​សណ្ឋាគារ ​Raffles ​Hotel ​Le​ Royal​។ ​សិក្ខា​សាលា​​នេះ ​គឺ​​និយាយ​​ពី​​ការ​កែ​ទម្រង់​​ផ្ទៃ​ក្នុង​​របស់​​គណបក្ស​​ស​ង្គ្រោះ​ជាតិ ​ដើម្បី​​ត្រៀម​​ប្រកួត​ប្រជែង​​ការ​បោះ​ឆ្នោត​​នៅ​​អាណត្តិ​​ក្រោយ​។​

លោក​យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​សិក្ខា​សាលា​
លោក​យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​សិក្ខា​សាលា​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ចាប់ផ្តើម​រៀបចំ​ក្រុមការងារ​មួយ​ដើម្បី​កែទម្រង់​ផ្ទៃក្នុង​របស់​គណបក្ស។ ជាការ​កែទម្រង់​លើ​រចនាសម្ព័ន្ធ និង កម្មវិធី​នយោបាយ ដើម្បី​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរឡើង។

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃនោះ​ថា ការ​រ​កែទម្រង់​លើ​រចនាសម្ព័ន្ធ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ ចង់​ឲ្យ​សិទ្ធ​សម្រេច​ស្ថិត​ទៅលើ​សកម្មជន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់មូលដ្ឋាន។ ចំណែក​ការកែទម្រង់​កម្មវិធី​នយោបាយ​វិញ គឺ គណបក្ស​សង្គ្រោះ​ជាតិ​កែលម្អ​លើ​កម្មវិធី​នយោបាយ​ចាស់​របស់ខ្លួន។ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ថែម​គោលនយោបាយ​ថ្មី​ចំនួន​ដូចជា ការកែទម្រង់​ការដឹក​នាំ​រដ្ឋ ការទប់ស្កាត់​អំពើពុករលួយ និង ការកាត់បន្ថយ​រយៈពេល​នៃ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម​នៅក្នុង​កម្មវិធី​នយោបាយ​ថ្មី។

អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា ការចាប់ផ្តើម​កែទម្រង់​ផ្ទៃក្នុង​របស់​គណបក្ស​នៅពេលនេះ គឺមាន​ភាពចាំបាច់​ណាស់​ក្នុងការ​ត្រៀមខ្លួន​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំ ២០១៨។

យ៉ាងណាក៏ដោយ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្សកាន់អំណាច​មិន​ព្រួយបារម្ភ​នឹង​ការកែទម្រង់​របស់​គណ​បក្សប្រឆាំង​នោះទេ។ ប៉ុន្តែ​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គិត​នោះ គឺ​ការធ្វើកំណែទម្រង់​គណបក្ស​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រដ្ឋាភិបាល​ចូលកាន់​តែ​កៀក និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ។

បើតាម​លោក​យឹម សុវណ្ណ កម្មវិធី​នយោបាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រៀបចំ​ធ្វើ​នេះ នឹង​លេចចេញ​រូបរាង​យ៉ាងយូរបំផុត​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥ខាងមុខនេះ។ ជាមួយគ្នានេះដែរ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​សម្តែង​ភាពមិន​ព្រួយបារម្ភ​ចំពោះ​ដំណឹង​លេច​ឮថា មាន​គណបក្ស​ថ្មី​នឹងចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ដែល​អាចធ្វើ​ឲ្យ​ប្រ​ប្រិយភាព​គណបក្សប្រឆាំង​ធ្លាក់ចុះ​នោះទេ។ ដោយ​មិន​ខ្វល់​នឹង​គណបក្ស​ថ្មី​នោះ លោក​យឹម សុវណ្ណ បាន​សម្តែង​សុទិដ្ឋិនិយម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ ប្រសិន​គណបក្ស​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ឯករាជ្យភាព​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ