អានតួអត្ថបទ
កម្ពុជា

កម្ពុជា​មាន​មហិច្ឆតា​ប្រែក្លាយ​ខ្លួន​ជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​តំបន់

លោក គាត ឈន់ ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ បាន​ថ្លែង​ថា កម្ពុជា​​មាន​​មហិច្ឆតា​ប្រែក្លាយ​​ខ្លួន​​ជា​តួអង្គ​សេដ្ឋកិច្ច​សំខាន់​ក្នុង​តំបន់។ លោក គាត ឈន់ ដែល​​ជា​សហប្រធាន​​នៃ​​កិច្ចប្រជុំ​ពិភាក្សា​តុមូល​នៃ​បណ្តា​មេ​តួអង្គ​ឧស្សាហកម្ម​កម្ពុជា និង​ម៉ាឡេស៊ី កាល​ពី​ម្សិលមិញ បាន​ពន្យល់​ថា កម្ពុជា​នឹង​ផ្តល់​ឱកាស​​ដ៏​គាប់​ប្រសើរ​សម្រាប់​វិនិយោគិន និង​ធុរជន ទាំងជាតិ ទាំង​អន្តរជាតិ។

លោក គាត ឈន់ ​ឧបនាយក​​រដ្ឋមន្ត្រី​ប្រចាំការ។
លោក គាត ឈន់ ​ឧបនាយក​​រដ្ឋមន្ត្រី​ប្រចាំការ។ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ដែល​បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ពិភាក្សា​តុមូល​នៃ​បណ្តា​មេ​តួអង្គ​ឧស្សាហកម្ម​កម្ពុជា និង​ម៉ាឡេស៊ី កាលពី​ម្សិលមិញ ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី TAN SRI Muhyiddin Mohd Yassin បាន​ថ្លែងថា កម្ពុ​ជាមាន​មហិច្ឆតា​ប្រែក្លាយជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​តំបន់ ដែល​ផ្តល់​កាលានុវត្តភាព​វិនិយោគ និង​ធុរកិច្ច ដ៏​គាប់ប្រសើរ​សម្រាប់​ទាំង​វិនិយោគិន​​ជាតិ​ និង​អន្តរជាតិ។

ក្នុង​កិច្ចប្រជុំ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ម៉ាឡេស៊ី ឲ្យ​កាន់តែ​រឹងមាំ និង​ប្រកប​ដោយ​​ផ្លែផ្កា​ថែមទៀត លោក​ឧបនាយករដ្ឋមន្ត្រី​កម្ពុ​ជាមាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​ទស្សនវិស័យ​នៃ​ធុរកិច្ច​កម្ពុជា ពេលដែល​ប្រទេស​នេះ​ខិត​កាន់តែ​កៀក​នឹង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ ហើយ​បាន​ប្តេជ្ញាចិត្ត​មិន​រាថយ​ក្នុង​ការធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​តំបន់។  

កម្ពុជា ដែល​បាន​ក្លាយជា​សមាជិក​ក្នុង​សមាគម​អាស៊ាន​នៅ​ឆ្នាំ១៩៩៩ និង​សមាជិក​​ក្នុង​អង្គការ​​ពាណិជ្ជកម្ម​​ពិភពលោក​​នៅ​ឆ្នាំ២០០៤ បានសម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ​៨ភាគរយ ក្នុង​រយៈពេល១៥ឆ្នាំ​ចុង​ក្រោយនេះ។ លោក គាត ឈន់ បាន​អះអាងថា កម្ពុជា​អាច​គ្រប់គ្រង​អតិផរណា​បាន​ជោគជ័យ ថ្វីបើ​ប្រទេស​នេះ​បានទទួល​ឥទ្ធិពល​អាក្រក់​ពី​កល​យុគ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​ឆ្នាំ២០០៩ក៏ដោយ ហើយ​ថា សមាជិកភាព​របស់​ក​ម្ពុ​ជា​ក្នុង​អង្គការ​ទាំងពីរ​បាន​បើក​នូវ​ទីផ្សារ​ដ៏​ធំ​មួយ ដែលជា​កាតាលីករ​ជំរុញ​កំណើន​ប្រកបដោយ​និរន្តរភាព និង​ឈានមុខ​ក្នុង​តំបន់​អាស៊ី​បូព៌ា ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ