អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ក្រ​សួង​កសិកម្ម​ថា ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ទាន់​កើត​នៅ​កម្ពុជា​ទេ​

មន្រ្តី​ជំនាញ​ខាង​​សុខ​​ភាព​​សត្វ​របស់​កម្ពុជា ​បាន​បញ្ជាក់​ថា ​​ជំ​ងឺ​​ប៉េស្ត​​ជ្រូក​​អាហ្វ្រិក​​ (ASF)​ ​ដែល​​កំ​ពុង​​កើត​​ឡើង​​នៅ​​​ក្នុង​​ប្រ​ទេស​​ធំៗ​មួយ​ចំនួន​នោះ​​ មិន​ទាន់​កើត​មាន​នៅ​កម្ពុជា​ទេ​។ ​ប៉ុន្តែ​ក្រ​សួង​​កសិ​កម្ម​​បាន​ព្រមាន​ថា ​បើសិន​ជា​កសិ​ដ្ឋាន​​ណា​​ដែល​​មាន​​សត្វ​​ជ្រូក​​ឆ្លង​​ជំ​ងឺ​​នេះ​​ គឺ​​​​ត្រូវ​​​តែ​​សម្លាប់​​ចោល​​ទាំង​​អស់​ ព្រោះ​​រហូត​​មក​​ដល់​​ពេល​​នេះ​​គេ​​មិន​​ទាន់​​មាន​​​វិ​ធី​​ព្យា​​បាល​​ជំ​ងឺ​​ជ្រូក​ប្រភេទ​ថ្មី​នេះនៅ​ឡើយ​​ទេ​។​

ការពិនិត្យរកមើលជំងឺរបស់សត្វជ្រូក
ការពិនិត្យរកមើលជំងឺរបស់សត្វជ្រូក @សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
ផ្សាយពាណិជ្ជកម្ម

បើទោះបីប្រទេសកម្ពុជា​ មិនទាន់មានករណី​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF) ក៏ពិតមែន ប៉ុន្តែ​អ្នកជំនាញខាង​សុខភាពសត្វ​នៃក្រសួងកសិកម្ម បាន​រៀប​ចំ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​មួយកាលពីថ្ងៃទី២០កញ្ញា ​ដើ​ម្បី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​នេះ​មក​ប្រ​ទេសកម្ពុជា ស្រប​ពេល​កម្ពុជា​​បាន​នាំ​ចូល​ជ្រូក​រស់​រាប់​ពាន់​​ក្បាល​​ក្នុង១​ថ្ងៃ​ៗ​​​ពី​ប្រ​ទេស​ជិត​​ខាង​។

បច្ចុប្បន្នជំងឺផ្តាសាយជ្រូកអាហ្វ្រិក បានកើតឡើងនៅក្នុងប្រទេសធំៗ ដែលចូល​ចិត្ត​ទទួលទានសាច់ជ្រូក រួមមាន ចិន រុស្សី ប៉ូឡូញ ក្រិច ហុងគ្រី អាហ្វ្រិកខាងត្បូង និង អ៊ុយក្រែន ជាដើម។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។​ សមាគមនេះ បាន​ឲ្យ​ដឹងថា ជំងឺជ្រូកប្រភេទនេះគឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់បំផុត ដែលបង្កឡើងដោយវីរុស។ ជំងឺនេះបានឆ្លងយ៉ាងឆាប់រហ័ស រវាងជ្រូកក្នុងស្រុក និង ជ្រូកព្រៃ ដែលអាច​កើត​ទៅ​លើជ្រូកគ្រប់​​វ័យ និងគ្រប់ប្រភេទទាំងអស់​។ សមាគម​ដដែល​បញ្ជាក់​ថា ជ្រូក​ដែល​ឆ្លង​ជំងឺ​នេះ មិន​អាច​ព្យាបាល​បាន​ទេ ពោល​គឺ​​ត្រូវ​ងាប់តែ​ម្ដង​។

នៅ​ប្រទេសចិន មាន​ជ្រូក​ជិត​៤​ម៉ឺន​ក្បាលហើយ ដែល​​ត្រូវ​បាន​សម្លាប់​ចោល ក្រោយ​មាន​ករណី​ឆ្លង​រាត​ត្បាត​នៃ​​ជំងឺ​ប៉េស្ត​ជ្រូក។ យោងតាមអង្គការស្បៀងអាហារ​និង​កសិកម្ម ជំងឺនេះបានរកឃើញនៅចំងាយ១០០០គីឡូម៉ែត្រពីកន្លែងដែលបានកើតឡើង ហើយវាអាចរាលដាលពេញប្រទេសចិន និង ប្រទេសផ្សេងទៀតនៅអាស៊ី។

ប្រទេសវៀតណាមក្បែរ​ខាងវិញ បានរឹតបន្តឹងការដឹកជញ្ជូនសត្វដើម្បីទប់ស្តាត់ជំងឺនេះ។ គួរ​ជម្រាប​ថា វៀតណាម​បាននាំចេញ​ជ្រូករស់មកកាន់ប្រទេសកម្ពុជារហូតជាង​ ២០០​០​ ​ក្បាលក្នុងមួយថ្ងៃៗ ខណៈក្រ​សួង​កសិ​កម្ម​កម្ពុជា​អនុ​ញ្ញាត​ឲ្យ​​នាំ​ចូលជា​ផ្លូវ​ការ​តែ​ចំ​នួន​​ ១២៥០ក្បាល​ប៉ុណ្ណោះ។ នេះបើតាមមន្រ្តីកសិកម្ម​ខ្មែរ។ ការនាំជ្រូកចូលពីប្រទេសជិតខាងជា​ប្រចាំ​នេះ បាន​ក្លាយ​ជា​ជាក្តីបារម្ភពី​ការ​ចម្លង​ជំ​ងឺ​​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មក​​កម្ពុជា​​ ​ប្រ​សិន​​បើ​មិន​មាន​​ការ​ត្រួត​ពិ​និត្យ​ច្បាស់​លាស់​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ