អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ជម្រុញ​ឲ្យ​ជប៉ុន​វិនិយោគ​ឲ្យ​បាន​មួយ​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៥​

នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្ម​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី ២៧ មេសា​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ជម្រុញ​ឲ្យ​ភាគី​​ជប៉ុន​បន្ត​បង្កើន​វិនិយោគ​បន្ថែមទៀត​ឲ្យ​បាន​មួយ​ពាន់​លាន​ដុល្លារ​មកកាន់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០១៥។ បើតាម​លោក​រដ្ឋមន្ត្រី ការវិនិយោគ​របស់​ជ​ប៉ុន​មកកាន់​ប្រទេស​កម្ពុ​ជា​មាន​​ទឹកប្រាក់​ប្រមាណ​តែ​ប្រាំ​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំ២០១៣ កន្លងមក។ជាការ​ឆ្លើយ​តប​រដ្ឋមន្ត្រី​ជប៉ុន លោក Toshimitsu Motegi បាន​សន្យាថា នឹងសិក្សា​ពិចារណា​លើ​ការ​ជម្រុញ​នេះ។ 

លោក ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសដល់អ្នកកាសែតក្រោយជំនួបជាមួយរដ្ឋមន្រ្តីជប៉ុន។
លោក ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសដល់អ្នកកាសែតក្រោយជំនួបជាមួយរដ្ឋមន្រ្តីជប៉ុន។ RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ស៊ុន ចាន់ថុល បាន​ជម្រុញ​ឲ្យ​ភាគី​ជប៉ុន​ពង្រីក​ទំហំ​ការវិនិ យោគ​របស់ខ្លួន​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​មកកាន់​ប្រទេស​កម្ពុជា ដោយសារ​បច្ចុប្បន្ន នេះ​ការវិនិយោគ​របស់​ជប៉ុន​នៅមានកម្រិត​ទាប​នៅឡើយ។

ជាការ​ឆ្លើយតប លោក Toshimitsu Motegiរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សា​ហ​កម្ម​​ជប៉ុន​បាន​សន្យាថា នឹង​យក​ការ​ជម្រុញ​នេះ​ទៅធ្វើ​សិក្សា​ពិចារណា។ លោក​រដ្ឋមន្ត្រី​ជប៉ុន​ក៏បាន​លើកឡើង​ផងដែរ​ពី​គម្រោង​របស់​ជប៉ុន​ក្នុង​បញ្ជូន​មន្ត្រី និង ក្រុមយុវជន​ជប៉ុន​មក​ធ្វើការ​នៅ​កម្ពុជា​ដើម្បី​សិក្សា​ពីគ្នា​ទៅវិញទៅមក។ ចំណែក​លោក​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ក៏បាន​ស្នើ​ត្រឡប់​ទៅវិញ​ថា ជប៉ុន​គួរតែ​ជ្រើសរើស​មន្ត្រី និង យុវជន​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​ដើម្បី​សិក្សា​ពីគ្នា​ទៅវិញទៅមក​ដូចគ្នា។

លោក ស៊ុន ចាន់ថុល​បានលើកឡើង​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​សម្រាប់​ទាញ​ទាក់​ការវិនិយោគ​ថា កម្ពុ​ជាមាន​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច រដ្ឋាភិបាល​បាន​យក​ដៃគូ​ឯកជន​ជា​សំខាន់​​សម្រាប់​សេដ្ឋកិច្ច​ជាតិ និង ផ្តល់​ការលើកទឹកចិត្ត​ការវិនិយោគ​ដែល​ល្អ​ច្រើនជាង​ប្រ​ទេសជិតខាង។ លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ដល់​អ្នកវិនិយោគ​ទាំងអស់​ថា ផលិតផល​នៅ​កម្ពុជា​អាច​នាំ​ចេញទៅ​សហគម​អឺរ៉ុប​បាន​ដោយ​មិនបាច់​បង់ពន្ធ​ដោយ​សហគម​អឺរ៉ុប​បាន​លើក​លែង​ពន្ធ​ដល់​ផលិតផល​កម្ពុជា។ ម្យ៉ាងទៀត កម្ពុជា​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​មាន​កម្លាំង​ពលកម្ម​ច្រើន​ដែលជា​កត្តា​សំខាន់​សម្រាប់​ការវិនិយោគ។

ជាមួយគ្នានេះដែរ លោក ស៊ុន ចាន់ថុល បាន​អះអាងថា កម្ពុជា​ជា​បេះដូង​នៃ​ប្រទេស​អាស៊ី​អា​គ្នេយ៍​ទាំង ១។ ដូច្នេះ​ការដាក់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ការវិនិយោគ​នៅក្នុង​ទី​ផ្សារ​​អាស៊ាន​ទាំងមូល​ដែលមាន​ប្រជាជន ៦០០ លាន​នាក់ និង អាច​ចែកចាយ​ទៅកាន់​ទីផ្សារ​អាមេរិក និង អឺរ៉ុប​ថែមទៀត។

ក្រោយ​ជំនួប​ដ៏​កម្រ​នេះ លោក ស៊ុន ចាន់ថុល សង្ឃឹមថា ជប៉ុន​នឹង​បន្ត​បង្កើន​ការវិនិយោគ​របស់​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត។

សូមបញ្ជាក់ថា ជប៉ុន​ជាប់​ជា​ប្រទេស​ធំ​ទី១១ក្នុងការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ប្រទេស​កូរ៉េខាងត្បូង សហគម​អឺរ៉ុប សហរដ្ឋអាមេរិក វៀតណាម និង ប្រទេស​ថៃ។ ចំណែក​ប្រទេស​ចិន​ជាប់​ជា​ប្រទេស​ទី ១ ដែល​បាន​វិនិយោគ​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា។នេះ​បើតាម​យោងតាម​តូរ​លេខ​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ