អានតួអត្ថបទ
កម្ពុជា

យុវ​ជន​ សហ​ជីព​ និង​អង្គ​ការ​សមា​គម​ ជួប​ជុំ​ ហែ​ក្បួន​ដាក់​ញត្តិ​សាទរ​ទិវា​យុវជន​អន្តរ​ជាតិ​ ថ្ងៃ​១២​សីហា​

យុវ​ជន​ សហ​ជីព​ សមា​គម​ និង​អង្គ​ការ​សង្គម​ស៊ី​វិល​​ ដែល​ធ្វើ​ការ​លើ​វិស័យ​ការ​ងារ​ និង​សិទ្ធិ​មនុស្ស​ រាប់​សិប​នាក់​ បាន​ជួប​សាទ​រ​ទិវា​យុទ្ធ​ជន​ពិភព​លោក​ ថ្ងៃ​១២​សីហា​។ ក្រោយ​ពីជួបជុំ​ លើកបដា​ ថ្លែង​ការណ៍​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ មុន​នឹង​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​ នៅ​រដ្ឋ​សភា​ ក្រ​សួង​អប់​រំ​ និង​ក្រសួង​ការ​ងារ​ ដើ​ម្បី​ស្នើ​ឲ្យ​ស្ថា​ប័ន​ទាំង​បី​ ជួយ​ដោះ​ស្រាយ​នូវ​បញ្ហា​ចំនួន​ ១០​ ចំ​នុច​ របស់​យុវជន​ និង​កម្ម​ករ​និ​យោ​ជិក ដូច​ជា​ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ ធា​នា​​សុវត្ថិ​ភាព​​​​ការ​​ងារ​​ បង្កើត​ទីផ្សារ​ការ​ងារ​ និង​លើក​ស្ទួយ​សិទ្ធិ​កម្ម​ករ​ ជា​ដើម​។​

RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

យុវ​ជន​ជា​តំណាង​សហភាព​ សហ​ព័ន្ធ​ សហ​ជីព​ សមា​គម​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការ​លើ​វិស័យ​ការ​ងារ​ និង​សិទ្ធិ​មនុស្ស​ ប្រមាណ​ ១០​ ស្ថា​ប័ន​ បាន​ជួប​ជុំ​ លើ​កប​ដា​ និង​ថ្លែង​ការណ៍​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១២​សីហា​នេះ។​

បញ្ហា​ប្រឈម​របស់​យុវជន​ និង​កម្មករ​និយោ​ជិក​ ដោយ​មាន​ការ​បំ​បិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​គំរាម​កំហែង​ ការ​រើស​អើង​សហ​ជីព​ ការ​ងារ​ទទួល​បាននូ​វ​ប្រាក់​ខែ​តិច​ និង​ការ​អប់រំ​ពុំសូវ​មាន​គុណភាព​ ជា​ដើម​ ទាំង​អស់​នេះ​ ត្រូវ​បាន​តំណាង​បាតុករ​ លើក​ឡើង​ក្នុង​ពិធី​ជួប​ជុំ​ នៅ​ព្រឹក​មិញ​។

លោក​ ស​ ម៉ូ​រ៉ា​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា​ បាន​កត់​សម្គាល់​ថា​ យុវជន​កម្ពុជា​ សព្វ​ថ្ងៃ​ នៅ​តែ​ទទួល​រង​ការ​រិត​ត្បិត​រើស​អើង​ឥត​ឈប់​ឈរ​ ការ​រំលោភ​សិទ្ធិ​ការ​ងារ​ ការ​ប្រើ​ប្រាស់​កិច្ច​សន្យា​ការ​ងារ​ខ្លី​ និង​បញ្ហា​ប្រាក់​ឈ្នួល​អប្ប​បរមា​ នៅ​មាន​កម្រិត​នៅ​ឡើយ​។​ បញ្ហា​​របស់​​យុវជន​​ នា​​ពេល​​សព្វ​​ថ្ងៃ​​ រដ្ឋា​ភិបាល​មិន​ទាន់​បាន​ចាត់​វិធាន​ការ​ដ៏មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ​។​

បញ្ហា​យុវជន​ទាំងអស់​នេះ​ ត្រូវ​បាន​ក្រុម​សហជីព​សមាគម​ លើក​ឡើង​នូវ​បញ្ហា​ ១០​ ចំណុច​ ដាក់​ជូន​រដ្ឋ​សភា​ ក្រសួង​អប់រំ​ និង​ក្រសួង​ការងារ​ ដោះ​ស្រាយ​ សម្រាប់​ទិវា​យុវជន​ពិភព​លោក​ នៅ​ថ្ងៃ​១២​សីហានេះ​។ សំណូមពរ​ទាំង​ ១០​ ចំនុច​នោះ​ រួមមាន​៖ ស្នើ​សុំ​ក្រសួង​អប់រំ​ ត្រូវ​លុប​បំបាត់​ឲ្យ​បាន​នូវ​អំពើ​ពុក​រលួយ​គ្រប់​ស្ថាប័ន​អប់រំ​ទូទៅ​​ រដ្ឋា​ភិបាល​ត្រូវធានា​ឲ្យ​បាន​នូវទីផ្សារ​ការងារ​សម្រាប់​និស្សិត​ចប់​មហា​វិទ្យា​ល័យ​ ស្នើ​សុំ​បញ្ចុះ​តំលៃ​លិខិត​ឆ្លង​ដែន​នៅ​ត្រឹម​ ២៥​ ដុល្លារ​ ស្នើ​សុំ​រដ្ឋា​ភិបាល​ជួយ​បង្កើត​ការ​ងារ​សម្រាប់​យុវជន​ ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ចេញ​ច្បាប់​ធានា​សុវត្ថិភាព​ និង​សិទ្ធិ​ការ​ងារ​សម្រាប់​កម្មករ​ចំណាក​ស្រុក​ ចេញ​ប្រកាស​ស្តី​ពី​សុខ​ភាព​ និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ និង​គោរព​លើក​ស្ទួយ​សិទ្ធិ​កម្មករ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​ និង​បង្កើត​កន្លែង​ប្រកប​របរ​សម​រម្យ​។ល។​ និង​។ល។

ក្រុម​យុវជន​ និង​សហ​ជីព​អង្គ​ការ​សមាគម​ បាន​គូស​បញ្ជាក់​ក្នុង​ញត្តិ​ថា​ ប្រ​សិន​បើ​រដ្ឋ​សភា​ មិន​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​យុវជន​ ដែល​បាន​លើក​ឡើង​ទាំង​ ១០​ ចំណុច​ទេ​ គឺ​នៅពេល​ធ្វើ​សមាហរណកម្ម​អាស៊ាន​ នៅ​ឆ្នាំ​២០១៥​ យុវជន​កម្ពុជា​កាន់​តែ​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ កង្វះ​ខាត​ទីផ្សារ​ការ​ងារ​ជាង​បច្ចុ​ប្បន្ន​នេះ​ជា​មិន​ខាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ